ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​បើក​កិច្ចពិភាក្សា​ការងារ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​តំណាង​ក្រុមហ៊ុន XDS Bicycle  ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្នែក​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ និង​ថែមទាំង​វិនិយោគិន​។

កិច្ចពិភាក្សា​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ ដែល​ដឹកនាំ​កិច្ចពិភាក្សា​នេះ ដោយ​លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា (​គ​.​វ​.​ក​.) និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ពិនិត្យ វាយតម្លៃ និង​ស្វែងរក​ដំណោះស្រាយ​ករណី​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។


នៅក្នុង​កិច្ចពិភាក្សា​នេះ លោក សួន សុផល បាន​ថ្លែងថា កិច្ចពិភាក្សា​នេះ សំដៅ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ថា វិនិយោគិន​នឹង​ទទួលបាន​សេវា​ថែទាំ​វិនិយោគ​ប្រកបដោយ​ភាពកក់ក្តៅ និង​ទំនុកចិត្ត ខណៈ​ពន្លឺ​នៃ​ដំណោះស្រាយ​ផ្នែក​បច្ចេកទេស​លើ​បញ្ហា​ទីផ្សារ​របស់​ក្រុមហ៊ុន XDS Bicycle នឹង​កាន់​តែមាន​រស្មី​នាពេល​ដ៏​ខ្លី​ខាងមុខ​។

លោក​បានបង្ហាញ​ពី​ការ​ជឿជាក់ថា​៖«​ការបំពេញភារកិច្ច​យ៉ាង​ស្វាហាប់​របស់​ក្រុមការងារ​ដោយ​ឈរលើ​អភិក្រម “​ពេលវេលា​ជា​មាសប្រាក់ ប្រសិទ្ធ​ផល​គឺជា​អាយុជីវិត​” នឹង​នាំមក​នូវ​ផ្លែផ្កា​គួរ​ជាទី​គាប់ប្រសើរ ក៏ដូចជា​បង្កលក្ខណៈ​ស​ម្រា​ប់​ទាក់ទាញ​គម្រោង​វិនិយោគ​ដែលមាន​សែស្រឡាយ ឬ​មុខសញ្ញា​ប្រហាក់ប្រហែលគ្នា​នាពេល​អនាគត សំដៅ​ចូលរួមចំណែក​រុញច្រាន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ឈានឆ្ពោះ​សម្រេចបាន​នូវ​បង្គោល​ចរ​ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១»​។


គួររំឭកថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២៣ នៅក្នុង​ដំណើរ​ចុះទៅ​ទស្សនកិច្ច​ថែទាំ​វិនិយោគិន នៅ​ទីក្រុង Shenzhen សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធ្លាប់បាន​ថ្លែងថា ក្រុមហ៊ុន XDS Bicycle បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ 
​ជាពិសេស​ជាងនេះទៅទៀត ក្រុមហ៊ុន​បានបង្ហាញ​អំពី​ចក្ខុវិស័យ ក្នុងការ​ពង្រីក​រោងចក្រ​របស់ខ្លួន​ដែលមាន​ទីតាំង​ក្នុង​ក្រុង​បាវិត ឱ្យមាន​ទំហំ​ធំ​ដូច​រោងចក្រ ក្នុង​ទីស្នាក់ការ​កណ្តាល​ទីក្រុង Shenzhen នេះ​ផងដែរ​។

នាឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ៖«​យើង​សូម​ស្វាគមន៍​ចំពោះ​សំណូមពរ​របស់​ក្រុមហ៊ុន ជាពិសេស​បញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុន​កំពុង​ជួប ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ចូលរួម​ដោះស្រាយ ក្នុងទិសដៅ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ពង្រីក​រោងចក្រ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​អាច​ប្រែក្លាយជា​មជ្ឈមណ្ឌល​នៃ​ឧត្តមភាព (Center of Excellence) នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដើម្បី​បង្កើត​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន XDS Bicycle បានសម្រេច​ចិត្ត​ចូលមក​វិនិយោគ​បង្កើត​រោងចក្រ​នៅ​កម្ពុជា រហូត​បច្ចុប្បន្ននេះ​បានផ្តល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១ ៤០០ នាក់​រួចមកហើយ៕