ភ្នំពេញៈ ប្រធាន​សមាគម​​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​​ដំណើរ​នៅ​កម្ពុជា ​(TAFTAC) បានឱ្យដឹងថា ទោះបីជា​ឧស្សា​ហ​កម្មនេះ​បាន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​បញ្ហា​ខាងក្រៅ​ដែល​កំពុង​បន្ត​កើតឡើង ក៏​ឧស្សាហកម្ម​មួយ​នេះ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​ការនាំចេញ​របស់​កម្ពុជា ការបង្កើត​ការងារ និង​ការបង្កើន​ប្រាក់​ចំណូល​ក្នុងស្រុក​។​

​លោក គង់ សាង ប្រធាន TAFTAC ដែល​ត្រូវបាន​ជ្រើស​​តាំង​ជាថ្មី​នៅក្នុង​មហាសន្និបាត​លើក​ទី ១៦ ជា​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ ​២០២៤-២០២៥ បានឱ្យដឹង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​ ២០២៤ ថា ក្រោយ​ការ​ថមថយ​ឥទ្ធិពល​ជំងឺ​កូ​វីដ​ ១៩ កម្ពុជា​បានចាប់ផ្តើម​ឆ្នាំ ​២០២២ ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ជាមួយនឹង​កំណើន​នាំចេញ​យ៉ាងខ្ពស់​ក្នុង​ឆមាស​ដំបូង​។ ជា​អកុសល​ក្រោយមក​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ហើយ​ការនាំចេញ​របស់​កម្ពុជា​បានចាប់ផ្តើម​ធ្លាក់ចុះ​ជាពិសេស​នៅ​រយៈពេល ៥​ ខែ​ចុងក្រោយ​ឆ្នាំ​ ២០២២​។​


​លោក​បន្តថា ទោះយ៉ាងណា​កម្ពុជា​បាន​បិទ​បញ្ចប់​ឆ្នាំ​ ២០២២​ ជាមួយនឹង​កំណើន ១៤​ ភាគ​​រយ​។ ក្នុង​ឆ្នាំ​ ២០២៣ កន្លងទៅ​សេដ្ឋកិច្ចពិភពលោក​បាន​បន្ត​ឆ្លងកាត់​ភាពមិនប្រាកដប្រជា និង​បញ្ហា​ប្រឈម​ជាច្រើន​។ បើតាម​តួលេខ​អគ្គនាយកដ្ឋាន​​គយ គឺ​ការនាំចេញ​របស់​វិស័យ​វាយ​ន​ភណ្ឌ​នៅក្នុង​ឆ្នាំ ​២០២៣ ​មាន​ទឹកប្រាក់​ប្រមាណ​ ១១,៤២ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ១២​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២​ ដែលមាន​ជិត ១៣​ ពាន់​លាន​ដុល្លារ​ក្នុងនោះ សម្លៀកបំពាក់​ធ្លាក់ចុះ​ជាង ១១​ ភាគរយ ស្បែក​ជើង​ធ្លាក់ចុះ ៨​ ភាគរយ ផលិត​ផល​ធ្វើដំណើរ និង​កាបូប​ធ្លាក់​ចុះ ២១​ ភាគរយ និង​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ​ទៀត​ធ្លាក់​​ចុះ​ប្រហែល ៤​ ភាគរយ​។​

​លោក​ប្រាប់ថា​៖ «​សមាគម​បាន​ខិតខំ​មិន​ឈប់ឈរ​ក្នុងការ​ស្វែងរក​ការជួយ​គាំទ្រ​ភ្លាមៗ​ពី​សំណាក់​រដ្ឋាភិបាល ជាក់ស្តែង​លើ​ការជួយឧបត្ថម្ភ​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុងអំឡុង​ពេល​ការព្យួរ​កិច្ចសន្យាការងារ​បណ្តោះអាសន្ន​។ ជា​បន្តបន្ទាប់​សមាគម​បាន​បន្ត​កិច្ចពិភាក្សា​ជាប់​ជាប្រចាំ​ជាមួយ​ដៃគូ​រាជ​​រដ្ឋាភិបាល​លើ​ការជួយ​គាំទ្រ​ដល់​វិស័យ​របស់​យើង​»​។​


​លោក​បន្ថែមថា​៖ «​យើង​នឹង​ជួប​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ តែ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​នឹង​អាច​ជម្នះ​បញ្ហា​ប្រឈម​ទាំងនោះ​ដោយ​ជោគជ័យ​តាម​រយៈ​ការធ្វើការ​រួមគ្នា​។ ខ្ញុំ​សូម​យក​ឱកាស​នេះ​ផងដែរ​ដើម្បី​អំពាវនាវ​ឱ្យ​សមាជិក​ទាំងអស់​បន្ត​កិច្ចសហការ និង​ចូលរួម​ក្នុង​សកម្មភាព​នានា​របស់​សមាគម​ដើម្បី​ជួយ​វិស័យ​របស់​យើង​ផង​និង​ដើម្បី​ជួយ​ខ្លួនឯង​ផង​»​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​អំពាវនាវ​នៅក្នុង​កម្មវិធី​មហាសន្និបាត​នោះ ដោយ​ស្នើ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់​ចូលរួម​ប្រឡងប្រណាំង​កម្មវិធី​ថ្នាក់ជាតិ ​«​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​»​ ស្របតាម​គោល​ការណ៍​ណែនាំ​ពី​រដ្ឋាភិបាល​។​

​លោក​បាន​ថ្លែងថា​៖ «​រោង​ចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់​​ដេរ គឺជា​កម្មវត្ថុ​នៃ​ការប្រឡង​​ប្រណាំង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​»​។​

​លោក​បាន​បន្តថា សម្រាប់​ជំ​ហាន​ទី​១ នៃ​ការប្រកួតប្រជែង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​នេះ នឹង​អនុវត្ត​ចំពោះ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើដំណើរ ខណៈ​រោងចក្រ​ក្នុង​វិស័យ​ផ្សេងទៀត​អាច​ចូល​បាន​តាមរយៈ​ការ​ស្ម័គ្រចិត្ត​។​

​លោក​បន្ថែមថា សម្រាប់​ជយ​លា​ភី​កម្រិត A រោងចក្រ​សហ​គ្រា​សនឹង​ទទួលបាន​ការលើក​​ទឹកចិត្ត​ដូចជា ការលើកលែង​អធិការកិច្ច​រយៈពេល ១​ ឆ្នាំ​ជា​​ដើម ប៉ុន្តែ​បើជា​ប់​ជយលាភី A ៣ ​ឆ្នាំ​ផ្ទួនគ្នា នឹង​ទទួល​បានការ​​លើកលែង​អធិការកិច្ច​រយៈពេល​ ៣ ​ឆ្នាំ ឬ​ ៥​ ឆ្នាំ​ជាប់ៗ​គ្នា​ដែរ​»​។​

​លោក​បន្ថែមថា វិស័យនេះ​គឺ​ត្រូវតែ​បង្កើតឱ្យមាន​វប្បធម៌​អនុ​លោម​ភាព វប្បធម៌​នៃ​ការគោរព​ច្បាប់​ដោយ​ស្ម័គ្រចិត្ត​ពី​គ្រប់ភាគី​ប៉ុណ្ណោះ​ដែល​អាចធ្វើឱ្យ​និ​យោ​ជក និង​និយោជិត អាច​រស់នៅ​ជាមួយ​ដោយ​សុខសាន្ត​ដែលជា​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៣ ​នេះ សមាគម​មាន​សមាជិក​សរុប​ចំនួន ៧២០​ រោងចក្រ​/​ក្រុមហ៊ុន ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ចំនួន​ ៥២៤ រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ចំនួន ​៩៣ រោងចក្រ​ផលិត​ស្បែកជើង​ ៨ រោងចក្រ​ផលិត​ផលិតផល​ផ្សេងៗ​មាន​ចំនួន ​៤៩ និង​ក្រុមហ៊ុន ផ្សេងៗ​ជា​សមាជិក​សហការ​មាន​ចំនួន ៤៦​។ នេះ​បើ​យោង​​តាម TAFTAC៕