​ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ប្រមាណ ៨,១៧​ ពាន់​លាន​ដុល្លារ​ពី​ការនាំ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) កាលពី​ឆ្នាំ​ ២០២៣ កើនឡើង ២៨,៨២​ ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២២ ដោយសារ​ភាពល្អ​ប្រ​សើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​នា​រយៈពេល​ច្រើន​ខែ​ថ្មីៗ​នេះ​។​

យោងតាម​របាយ​ការ​ណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទើប​ទទួលបាន​កាលពី​ថ្ងៃទី ​១៤ ខែមករា គឺ​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៨,១៧​ ពាន់​លាន​ដុល្លារ​ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក RCEP ក្នុងនោះ​ប្រទេស​នាំមុខ ​៥ រួមមាន​វៀត​ណា​ម ថៃ សិង្ហ​បុរី ចិន និង​ជប៉ុន​។​


​ប៉ុន្តែ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងចំណោម​បណ្ដា​ប្រទេស​សមាជិក​របស់ RCEP ទាំងនោះ​សម្រេចបាន​ជាង ២៩,៤៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២៣ ធ្លាក់ចុះ​ជាង ៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជាង ៣១​ ពាន់​លាន​ដុល្លារ​។​

​កិច្ចព្រមព្រៀង RCEP ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន បច្ចុប្បន្ន​គឺជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ​(FTA) ឈាន​មុខ​គេ​ទូទាំង​ពិភពលោក ដែល​រួមមាន​ប្រទេស​ចំនួន​ ១៥​។ ក្នុងនោះ​រួមមាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង ​១០ និង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន ​៥ ​ទៀត គឺ​អូស្ត្រាលី ចិន ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង​។​


​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែមករា​ថា ជាមួយនឹង​ការ​​អនុវត្ត​កិច្ចព្រមព្រៀង RCEP កម្ពុជា​កំ​​ពុង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការនាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក ដែល​កំពុង​ក្លាយជា​កំណើន​ប្រកបដោយ​សក្តានុពល​ថ្មី​មួយ​នៅក្នុង​តំបន់ ចំពេល​មានការ​ធ្លាក់ចុះ​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដោយ​សារភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​ន​យោ​​បាយ និង​ផលវិបាក​ដោយសារតែ​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​លោក​បាន​ថ្លែងថា​៖«​ការចូល​ជាធរ​មាន​របស់​កិច្ចព្រមព្រៀង RCEP នៅ​ឆ្នាំ ២០២២ បាន​ក្លាយជា​កត្តា​ជំរុញ​ថ្មី​មួយទៀត​សម្រាប់​កំណើន​ការនាំចេញ​រយៈ​​ពេល​វែង​របស់​កម្ពុជា ខណៈ​ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ​មានការ​កាត់​បន្ថយពន្ធ​មួយចំនួន​ដែល​អាចឱ្យ​កម្ពុជា​ទាញយក​ឱកាស​ដើម្បី​ជំរុញ​ការនាំចេញ​»​។​

​លោក សុ​វិជាតិ បញ្ជាក់ថា ប្រទេស​​ចិន គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម​ប្រកបដោយ​សក្តានុពល​ដូចជា អង្ករ ចេក ស្វាយ និង​មៀន​ជាដើម​។​

​លោក​បញ្ជាក់ថា អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​នេះ រួមមាន​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការផ្ទេរ​បច្ចេកវិទ្យា ការអភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ​(FDI)​។​

​លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋ​​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការកើនឡើង​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក RCEP ក្នុងដំណាក់កាល​នៃ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ​ដែល​គ្មាន​ស្ថិរភាព គឺ​បង្ហាញថា សមត្ថ​ភាព​ផលិតកម្ម​របស់​កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស និង​មាន​គុណភាព​កម្រិតស្តង់ដា​អន្តរជាតិ​។​

​លោក​បាន​បន្ថែមថា​៖«​នៅពេលនេះ កម្ពុជា​មានការ​រៀបចំ​យ៉ាង​ល្អ​នៅពេល​ការបញ្ជាទិញ​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​កើនឡើង​។ ប្រទេស​កម្ពុ​ជាមាន​សម​ត្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​តាម​ការ​បញ្ជា​ទិញ​ពី​គ្រប់ទិសទី​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏មាន​សក្ដានុពល​ក្នុងការ​ទាក់​ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​វិនិយោគ​ផ្ទាល់​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា​៖«​តាមរយៈ​អ្វីដែល​កម្ពុជា​មាននៅ​ពេល​នេះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ការនាំចេញរ​បស់​កម្ពុជា​ទៅគ្រប់​គោលដៅ​ជុំវិញ​ពិភពលោក នឹង​កើនឡើង​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២៤​ នេះ​តទៅ​។ ទន្ទឹមនឹងនេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នាពេល​បច្ចុប្បន្ន​ក៏​នឹង​កើនឡើង​ផងដែរ​»​។​

​បណ្ដា​ប្រទេស​ជា​សមាជិក RCEP តំណាងឱ្យ​ប្រជាជន​ប្រហែល ២,២ ​ពាន់​លាន​នាក់ ឬ ៣០ ​ភាគរយ​នៃ​ចំនួន​ប្រ​ជា​ជន​ពិភពលោក ដែល​រួមចំណែក​ដល់ ២៦,២​ ពាន់​ពាន់​លាន​ដុល្លារ​នៃ​ផលិត​​ផល​ក្នុងស្រុក​សរុប (GDP) ដែល​ស្មើនឹង ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ទូទាំង​ពិភពលោក​។ ប្រទេស​ជា​សមាជិក​ទាំងនេះ​មាន​ចំនួន​ប្រហែល ២៨​ ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ នេះ​បើ​យោងតាម​ក្រសួង​។​

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ការនាំ​​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​ឆ្នាំ​ ២០២៣ មាន​ចំនួន​លើសពី ២២,៦៥​ ពាន់​លាន​ដុល្លារ កើនឡើង ១,៨​ ភាគរយ​ពី​ចំនួន ២២,២៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២៕