ភ្នំពេញៈ ចំនួន​ទឹក​ប្រាក់​នៃ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដោយ​ក្នុង​ឆ្នាំ​២០២៣ កន្លង​មក​សម្រេច​បាន​ជិត ៣០០​លាន​ដុល្លារ កើន​ឡើង​ជិត ៥០​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កើន​ដល់​ជាង ៤៨៥​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)។

តារាង​ស្ថិតិ​នាំ​ចេញ​នាំ​ចូល​ទំនិញ ឆ្នាំ​២០២៣ របស់ GDCE បង្ហាញ​ថា ក្នុង​រយៈ​ពេល ១២​ខែ​ ឆ្នាំ​២០២៣ ទឹក​ប្រាក់​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌា មាន​ចំនួន​ជាង ២៩៣,០៦​លាន​ដុល្លារ​ កើន​ឡើង ៤៩​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ ១៩៦,​៦៣​លាន​ដុល្លារ ចំណែក​ទំនិញ​ឥណ្ឌា​នាំ​ចូល​មក​កម្ពុជា​វិញ​ មាន​ទឹក​ប្រាក់​ ១៩២,៦៤​លាន​ដុល្លារ ធ្លាក់​ចុះ ២០,៨​ភាគ​រយ​ពី​ចំនួន ២៤៣,៣៧​លាន​ដុល្លារ​។ ចំនួន​នេះ​បាន​ធ្វើ​ឱ្យ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា ក្នុង​ឆ្នាំ​២០២៣ មាន​ទឹក​ប្រាក់​សរុប ៤៨៥,៧​លាន​​ដុល្លារ កើន​ ១០,៤​ភាគ​រយ​ពី​ចំនួន ៤៤០​លាន​ដុល្លារ​។​ ផ្អែក​តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា​ មាន​ឧត្តម​ភាព ១០០,៤២​លាន​ដុល្លារ​ ខណៈ​កាល​ពី ឆ្នាំ​២០២២ ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​ឱនភាព ៤៦,៧៤​លាន​ដុល្លារ​។ ​ប្រទេស​ឥណ្ឌា គឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​១៧​ របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២៣។


សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០២៣ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាស់​សរុប ៤២,៤៦​លាន​ដុល្លារ​ កើន​ឡើង ៣,៥៩​ភាគ​រយ ក្នុង​នោះ​ការ​នាំ​ចេញទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌា មាន​ចំនួន ២៨,៥៦​លាន​ដុល្លារ​ កើន​ ៩,៤​ភាគ​រយ និង​ឥណ្ឌា​នាំ​ចូល​មក​វិញ​ចំនួន ១៣,៩​លាន​ដុល្លារ ធ្លាក់​ចុះ ៦,៥​ភាគ​រយ។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​កម្ពុជា លោក​ ហុង វណ្ណៈ ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ប្រទេស​ឥណ្ឌា កាល​ពី​សប្តាហ៍​មុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​ ថា ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​មូល​ដ្ឋាន​ផលិត​កម្ម​ធំ និង​សម្បូរ​បែប​លើ​ពិភព​លោក ដោយ​មាន​ទាំង​កសិ​កម្ម និង​រោង​ចក្រ/​សហគ្រាស​ផលិត​ស្ទើ​គ្រប់​វិស័យ។ តាម​ការ​ព្យាករ​របស់​ស្ថាប័ន​អន្តរ​ជាតិ​ធំៗ គឺ​នៅ​ឆ្នាំ​២០៣០ ខាង​មុខ​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា អាច​នឹង​ឡើង​ទៅ​ឈរ​លើ​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣ លើ​ពិភព​លោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។ លោក​បន្ត​ថា ទោះ​បី​ជា​ប្រទេស​ឥណ្ឌា​មាន​សក្តានុពល​សេដ្ឋ​កិច្ច និង​ឧស្សាហ​កម្ម​ធំៗ​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​ពង្រីក​ការ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន ពិសេស​ផលិត​ផល​កសិ​កម្ម​ទៅ​ទី​នោះ ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។


លោក​បាន​ថ្លែង​ថា៖​«​បើ​ទោះ​បី​ប្រទេស​ឥណ្ឌា​មាន​មូល​ដ្ឋាន​ផលិត​កម្ម​សម្បូរ​បែប​លើ​គ្រប់​វិស័យ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​នាំ​យក​ផលិត​ផល​របស់​ខ្លួន​ទៅ​ទីផ្សារ​ឥណ្ឌា ប្រសិន​បើ​គុណភាព តម្លៃ​ និង​កេរ្តិ៍​ឈ្មោះ​ផលិត​ផល​របស់​យើង​ល្អ។ ខ្ញុំ​គិត​ថា ផលិត​ផល​កសិកម្ម​ គឺ​ជា​ផ្នែក​សំខាន់​របស់​កម្ពុជា​ដែល​អាច​ពង្រីក​ការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌា​បាន​បន្ថែម​ទៀត»។​

លោក​ប្រាប់​ទៀត​ថា ទោះ​ឥណ្ឌា​ជា​ប្រទេស​មាន​រោងចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូនិក និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ៗច្រើន ប៉ុន្តែ​កម្ពុជា​ក៏​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​នាំ​ចេញ​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​មួយ​ចំនួន ដើម្បី​ធ្វើ​ជា​គ្រឿង​បង្គុំ ឬ​ធាតុ​ផ្សំ​សម្រាប់​បំពេញ​ឱ្យ​ចង្វាក់​ផលិត​កម្ម​នៅ​តាម​រោងចក្រ​នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ​។​

សេដ្ឋវិទូ​ខាង​លើ​បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​សារ​ប្រទេស​កម្ពុជា​តែង​ទទួល​បាន​ទេសច​រ​ឥណ្ឌា​ជា​ច្រើន​ម៉ឺន​នាក់​ជាង​រៀង​រាល់​ឆ្នាំ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​បន្ថែម​ទៀត​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ផលិត​ផល​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​អាច​ទាញ​ភ្ញៀវ​ជន​ជាតិ​ឥណ្ឌា និង​ជន​ជាតិ​ផ្សេង​ទៀត​ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន។

លោក​អះអាង​ថា៖​«​ក្រៅ​ពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ កម្ពុជា​ក៏​បាន​ឱកកាស​ក្នុង​ការ​ទាក់​ទាញ​​​ទេសចរ​ឥណ្ឌាឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ខណៈ​ប្រវត្តិសាស្រ្ត និង​រឿង​រូប​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន​ក៏​មាន​ទំនាក់​ទំនង​និង​វប្បធម៌ និង​អរិយធម៌​ឥណ្ឌា​កាល​ពី​អតីត​កាល​ផង​ដែរ​»។​

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវបរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ ៤,៩២​ លាន​នាក់​ក្នុង​រយៈ​ពេល ១១ ​ខែ​ដើម​ឆ្នាំ​ ២០២៣ គឺ​មាន​ជន​ជាតិ​ឥណ្ឌាចំនួន ៦១ ០២៥ ​នាក់ កើន​ឡើង ១១៩,៩ ​ភាគ​រយ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២២។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ​ចំនួន​ទឹក​ប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ឥណ្ឌា​នា​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ឥណ្ឌា​ភាគ​ច្រើន​ជា​ផលិត​ផល​កសិកម្ម​។ បើ​សិន​កម្ពុជា​អាចធ្វើ​ពិធិធកម្ម​ទំនិញ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ឥណ្ឌា​បាន​កាន់​តែ​ច្រើន​នោះ គឺ​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ឥណ្ឌា បច្ចុប្បន្ន​គឺ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក​។

លោក​បន្ថែម​ទៀត​ថា មួយ​វិញ​ទៀត​បើសិន​កម្ពុជា នឹង​ឥណ្ឌា​អាច​មានជើង​ហោះហើរ​ត្រង់​ជាមួយ​គ្នា​នោះ ការធ្វើ​ពាណិជ្ជ​កម្ម ព្រម​ទាំង​លំហូរ​ភ្ញៀវ​ទេសចរ ក៏​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​ដែរ។

លោក​និយាយ​ថា៖​«ដោយ​សារ​ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ច្រើន​ទៅ​ទីនោះ​»​។ លោក​បន្ត​ថា៖​«​ម៉្យាង​ទៀត​យើង​ក៏​ចង់​ទទួល​បាន​វិនិយោគិន​ឥណ្ឌា​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ផង​ដែរ​»។​

បើ​តាម​លោក លឹម ហេង ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ឥណ្ឌា​មាន​ដូច​ជា ផលិត​ផល​កសិកម្ម និង​ផលិត​ផល​វាយន​ភណ្ឌ ​ចំណែក​ប្រទេស​ឥណ្ឌានាំ​មក​កម្ពុជា មាន​ដូច​ជា សម្ភារ​វេជ្ជសាស្រ្ត, សាច់ក្របី, ម៉ូតូកង់បី, អំបោះ, ក្រណាត់, ស្បែក, អាហារប្រេង, ថ្នាំគីមី និង​ឱសថ​ជា​ដើម​។

យោង​តាម​គេហទំព័រ worldometers.info បច្ចុប្បន្ន​ឥណ្ឌា គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក​ជា​មួយ​នឹង​ប្រជាជន​សរុប ១ ៤៣៥,៤២​លាន​នាក់(ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៤) នាំ​មុខ​ប្រទេស​ចិន ដែល​ស្ថិត​នៅ​លេខ​២ ​ដែល​មាន​ប្រជាជន ១ ៤២៥,៤១​លាន​នាក់​៕