​ភ្នំពេញ​: កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ២,១៧ ​ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុងស្រុក​ កាលពី​ឆ្នាំមុន ពោលគឺ​ធ្លាក់ចុះ ៧,៦​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​យោងតាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មានតម្លៃ ១,៣២ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,២ ភាគរយ ហើយ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំង មានតម្លៃ ៨៥០​ លាន​ដុល្លារ ធ្លាក់ចុះ ០,២៦ ​ភាគរយ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​។​


​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះ​ការនាំ​ចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា គឺ​ដោយសារតែ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​កាលពី​ឆមាស​ទី ​១ ឆ្នាំមុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ខណៈដែល​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​ដំណើរ​ការល្អ​។​

​លោក​ថ្លែងថា​៖ «​ទោះបីជា មាន​កត្តា​ខាងក្រៅ​មួយចំនួន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​ក៏ដោយ ក៏​យើង​មើលឃើញថា​វិស័យ​ផលិតកម្ម​របស់​យើង​នៅតែ​រឹងមាំ​។ ហើយ​ការធ្លាក់ចុះ​ការ​នាំចូល​ប្រេងឥន្ធនៈ គឺ​ដោយ​សារ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ពិភព​លោក​កាលពីដើម​ឆ្នាំមុន​»​។​


​លោក គី សេរី​វឌ្ឍន៍ អ្នក ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ការ​​ធ្លាក់ចុះ​ការនាំ​ចូល​ប្រេងឥន្ធនៈ​កាលពី​ឆ្នាំ​ ២០២៣ គឺ​ដោយសារ​តម្លៃ​ប្រេង​កើនឡើង បន្ទាប់ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដូច្នេះ​ជម្លោះ​នេះ នាំឱ្យមាន​ការធ្លាក់ចុះ​តម្រូវការ​ពី​វិស័យ​ផលិតកម្ម រួមទាំង​រោងចក្រ និង​សហគ្រាស​ដែល​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ដោយផ្ទាល់​។ ទន្ទឹម នឹង​នោះ លោក​ក៏បាន​សង្កេត ឃើញ​ផងដែរ​ថា បច្ចុប្បន្ននេះ​មានការ​កើនឡើង​ការប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ការកើនឡើង​ថាមពល​អគ្គិសនី​បាន​ពី​ថាមពល កកើត​ឡើងវិញ​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​សូម​ចែករំលែក​ថា ការធ្លាក់ចុះ​ការនាំ​​ចូល​ប្រេងឥន្ធនៈ​កាលពី​ឆ្នាំមុន មិនបាន​បញ្ជាក់ថា​សម​ត្ថ​ភាព​ផលិត​របស់​យើង​ធ្លាក់ចុះ​នោះទេ ប៉ុន្តែ​រោងចក្រ និង​សហគ្រាស​មួយចំនួន​កំពុង​ប្រើប្រាស់​ប្រភព​ថាមពល​ផ្សេងទៀត ដែល​ទំនងជា​មកពី​ថាមពល​ស្អាត ដើម្បី​ផ្គត់ផ្គង់​ដល់​ការផលិត និង​កាត់បន្ថយ​ការចំណាយ​»​។​

​ក្រសួង​រ៉ែ និង​ថាមពល កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ជាតិ ដើម្បី​គ្រប់គ្រង​ការរុករក​រ៉ែ​ប្រេង​នៅ​សមុទ្រ ដែលមាន​សក្តានុពល ដូច្នេះ​កម្ពុជា​នឹងមិន​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នាំចូល​ទៀត ឡើយ​។​

​លោក ប៉ែន សុ​វិជាតិ ដែលជា​អ្នកនាំពាក្យ​ក្រសួង​ធ្លាប់​បានលើកឡើង​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​ថា ជា​ប្រភព​នាំចូល​ប្រេង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់​ឱ្យបាន ៧០ ​ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​បើតាម​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ខែធ្នូ​ឆ្នាំមុន​ថា ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​​អគ្គិសនី និង​ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន និង​សេដ្ឋ​​កិច្ច​របស់​ប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ការប្រើ​​ប្រាស់​ថាមពល​ប្រកបដោយ​និរន្តរភាព​ខ្ពស់​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​»​។​

​បើ​យោងតាម​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវ​ការ​នៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​កើនឡើង​ដល់ ៤,៨ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០៣០ ដោយបាន​កើនឡើង​ពី​ ២,៨​ លាន​តោន ​កាលពី​ឆ្នាំ ​២០២០៕