ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​​ (SME Bank)​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ត្រៀម​កញ្ចប់​ថវិកា​គ្រោង​ប្រមាណ ១០០​ លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ទៅដល់ SMEs ដើម្បី​ជំរុញ​កំណើន និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។​

​យោងតាម លោក លឹម អូន អគ្គ​នាយក SME Bank គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៣ ធនាគារ​របស់លោក​បាន​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៩០ ​លាន​ដុល្លារ​ដល់​សហគ្រាស​ជាង ៣,២ ​ពាន់ តាមរយៈ​យន្តការ​ហិរញ្ញប្បទាន ២ សំខាន់ៗ ដូចជា គម្រោង​ហិរញ្ញប្បទាន​ដោយផ្ទាល់ និង​គម្រោង​សហ​ហិរញ្ញប្បទាន ដែល​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ជា​ដៃគូ​។ ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២៤ នេះ ធនាគារ​សហគ្រាស​ធុន​​តូច និង​មធ្យម​កម្ពុជា បានគ្រោង​កញ្ចប់​ថវិកា​ប្រមាណ ១០០​ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ជូន​អតិថិជន​គោលដៅ​របស់ខ្លួន​។​


​លោក​បាន​ថ្លែងថា​៖ «​វិស័យ SME បាន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម នៅ​កម្ពុជា ហើយ​គោ​លន​យោ​បាយ និង​កម្មវិធី​គាំទ្រ​របស់​រាជ​រដ្ឋា​ភិ​​បាល​ក្នុង​ការផ្ដល់​ហិរញ្ញប្បទាន​តាមរយៈ​ធនាគារ SME ជា​បន្តបន្ទាប់​មាន​គោល​​បំណង​ធ្វើឱ្យ​វិស័យ SME កម្ពុជា មាន​ភាពល្អប្រសើរ និង​រួមចំណែក​ដល់​ការពង្រឹង​ភាព​ធន​នៃ​សេដ្ឋកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​»​។​

​លោក លឹម ហេង អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា ធនាគារ SMEs បានធ្វើ​សកម្មភាព​ល្អប្រសើរ ដោយ​​សារ​គាត់​បាន​ចុះ​ផ្ទាល់​ទៅដល់​ទីតាំង​របស់​អាជីវ​កម្ម​នានា​។​


​លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ឥណទាន​ដើម្បី​ជំរុញ​សកម្មភាព​របស់ SMEs នាពេលនេះ​។ ប៉ុន្តែ​ខ្ញុំ​យល់ឃើញថា ទំហំ​ទឹកប្រាក់​នេះ​នៅមានកម្រិត​នៅឡើយ ដោយសារតែ​វិស័យ SMEs យើង​ត្រូវការ​ទឹក​​ប្រាក់​ច្រើនណាស់ ជាពិសេស​វិស័យ​កសិកម្ម​ដែល​កំពុង​ត្រូវ​​ការ​ធនធាន​ក្នុង​ការប្រមូលទិញ​កសិផល​ដូចជា ស្រូវ​ដើម្បី​ស្តុក​ទុក និង​ផលិតផល​នានា​ដើម្បី​កែច្នៃ​នាំចេញ ដូច្នេះ​ប្រសិនបើ SMEs មានលទ្ធភាព​ទទួល​ទុន​បាន​កាន់តែច្រើន​ដូចជា​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប គឺ​រឹតតែ​ប្រសើរ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់ថា ជាមួយ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ធនាគារ SMEs ដោយ​រដ្ឋា​ភិ​បាល​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្ក​ឱ្យ​រស់​ឡើងវិញ និង​បន្ត​និរន្តរភាព​របស់ SMEs​។​

​លោក​បាន​ថ្លែងថា​៖ «​ធនា​គារ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ដោយសារតែ​ធនាគារ​នេះ​មិន​ត្រឹមតែ​ផ្តល់ទុន​ដល់ SMEs ប៉ុណ្ណោះ​ទេ គឺ​ខ្លួន​បានផ្តល់​ទាំង​បច្ចេកទេស​តាម​ប្រភេទ​អាជីវកម្ម និង​ការវិភាគ និង​ការសិក្សា​ស៊ីជម្រៅ​លម្អិត​សម្រាប់​ជួយ​ទៅដល់​វិស័យ SMEs ដូច្នេះ​យើងខ្ញុំ​យល់​ឃើញថា នេះ​គឺជា​ប្រភព​ទុន​មួយ​ដ៏​សំខាន់​សម្រាប់ SMEs យើង​កាន់តែ​រីកចម្រើន​ប្រសើរ​ជាង​មុន​បន្ថែមទៀត​»​។​

​បើតាម​លោក លឹម អូន បច្ចុប្បន្ន​វិស័យ SME កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដែលមាន​ប្រមាណ ៩៨ ​ភាគរយ​នៃ​សហគ្រាស​អាជីវកម្ម​សរុប​ទូទាំងប្រទេស និង​បានរួម​ចំណែក​ប្រមាណ ៥៨ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដល់​ប្រជាជន​ប្រមាណ ៧០​ ភាគរយ​។​

​កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន លើក​ទី​១៩ ថា​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ផ្តល់​កម្ចី​ដោយផ្ទាល់ ជាមួយនឹង​ទឹកប្រាក់​បឋម​ចំនួន​ ៥០ ​លាន​ដុល្លារ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ជាមួយនឹង​អត្រា​ការ​ប្រាក់​សមរម្យ និង​លក្ខខណ្ឌ​អនុ​​គ្រោះ​ផ្សេងទៀត ដើម្បី​អនុញ្ញាតឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ទទួលបាន​ហិរញ្ញប្បទាន ក្នុង​ទឹកប្រាក់​សមស្រប​តាម​ប្រភេទ​អាជីវកម្ម​។​

​ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏បាន​ធ្វើការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដើម្បី​ជួយ​រក្សា​លំនឹង និង​សម្រួល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធានការ​មួយចំនួន គឺ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម និង​អាករ​លើ​ការ​ស្នាក់នៅ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​ភោជនីយដ្ឋាន ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ខេត្ត​សៀមរាប​ពី​ខែតុលា ឆ្នាំ​ ២០២៣ រហូតដល់​ចប់​ឆមាស​ទី​១ ឆ្នាំ​ ២០២៤ ​ផងដែរ​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍ អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​សម្តែង​ការ​គាំទ្រ​សម្រាប់​ការជួយ​ជ្រោ​ម​ជ្រែង និង​ការបញ្ចេញ​ថវិកា​សង្គ្រោះ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​។​

​លោក​បាន​ថ្លែងថា​៖ «​ការជួយ​របស់​រដ្ឋាភិបាល គឺ​ពិត​ជាការ​ឆ្លើយតប​មួយ​ដ៏​ល្អ​សម្រាប់​ប្រតិ​ប​ត្តិ​ករ​ទេសចរណ៍  ​ទោះបីជា​ថវិកា​នេះ​មិនមាន​ទំហំ​ធំក្តី ប៉ុន្តែ​វា​ក៏​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​ពួកគេ​ដើម្បី​យកមក​បន្ត​និរន្តរភាព​អាជីវ​​កម្ម​របស់ខ្លួន​ស្របពេល​ដែល​ការ​​មកដល់​នៃ​ភ្ញៀវទេសចរ​បរទេស​ជាពិសេស​មកកាន់​ខេត្ត​សៀម​រាប​ចាប់ផ្តើម​មាន​កំណើន​នា​រដូវ​ត្រជាក់​នេះ​»​។​

​លោក​បាន​បន្ថែមថា​៖ «​អ្វីដែល​ខ្ញុំ​លើកទឹកចិត្ត​ដល់​ទាំង​រដ្ឋា​ភិ​បាល និង​វិស័យ​ឯកជន​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សិក្សា​ឡើងវិញ​ទៅលើ​ការកែទម្រង់​នៃ​ផលិត​ផល​ទាំងអស់​ដែលជា​របស់​ខ្មែរ​ទាំង​ផលិតផល​ជា​ទំនិញ ផលិត​ផល​សាសនា ផលិតផល​ភាព​យន្ត​ជាដើម ព្រោះ​វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវយក​ចិត្ត​​ទុកដាក់​ធ្វើការ​កែតម្រូវ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ប្លែក ទាក់​ទាញ ព្រោះ​សម័យកាល​នេះ​យើង​មិនអាច​លក់​តែ​ផលិតផល​ដដែល​នោះទេ ដោយសារតែ​យើង​លក់​ផលិតផល​ប្រាសាទ​​អង្គរវត្ត​យូរ​ឆ្នាំ​មកហើយ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​គិតគូរ​ឱ្យ​ស៊ី​ជម្រៅ​លើ​រឿងនេះ​ទើប​វិស័យនេះ​រីកចម្រើន​»​។​

​លោក លឹម អូន ថា កាលពី​ខែធ្នូ ធនាគារ​នេះ​បានទទួល​ពាក្យស្នើសុំ​កម្ចី​ប្រមាណ ៦ លាន​ដុល្លារ ខណៈ​អតិថិជន​ដែល​កំពុង​ជាប់កិច្ចសន្យា​ខ្ចី​ឥណទាន​នៅ​ធនាគារ​ដទៃ​អាច​ស្នើសុំ​កម្ចី​ពី​ធនាគារ​បានដែរ​៕