ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យបាន​លើកឡើងថា ការសម្រេច​របស់​រាជ​​រដ្ឋាភិបាល​ក្នុងការ​បន្ត​គោល​ការណ៍​លើកលែង​ពន្ធ​មួយចំនួន​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់ រហូតដល់​ចុងឆ្នាំ​ ២០២៤ គឺជា​យុទ្ធសាស្ត្រ​ដើម្បី​រក្សា​លំនឹង​ទីផ្សារ និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ជួយ​ឱ្យ​ចរន្ត​ទិញ​-​លក់ ព្រមទាំង​ទាក់ទាញ​អ្នក​វិ​និ​យោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន​។​

​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ​ ២០២៤ បានចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ «​ការបន្ត​គោលការណ៍​លើកលែង​ពន្ធ ការអនុគ្រោះ​ពន្ធ​បន្ថែមទៀត ការពន្យារ និង​ការព្យួរ​ការអនុវត្ត​ពន្ធ​សម្រាប់​វិស័យ​អចលនទ្រព្យ​»​។​

​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ឱ្យដឹងថា អនុលោម​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​នៅក្នុង​វេទិកា​រាជ​រដ្ឋា​ភិ​បាល​ផ្នែក​ឯកជន លើក​ទី​១៩ កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​នឹង​បន្ត​គោលការណ៍​លើកលែង​ពន្ធ និង​ការអនុគ្រោះ​ពន្ធ​បន្ថែម​មួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ​។​


​ចំណុច​សំ​​ខាន់ៗ​ចំនួន​ ៤ ដែល​រដ្ឋាភិបាល​ផ្តល់​សម្រាប់​ផ្នែក​អចលនទ្រព្យ និង​សំណង់ រួមមាន​៖ ទី​១ ការបន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ជា​បុរី មានតម្លៃ​ក្រោម ឬ​ស្មើនឹង ៧០ ០០០ (​ប្រាំ​ពីរម៉ឺន​)​ ដុល្លារ​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៤ និង​ការ​​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​បន្ថែមទៀត​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ​មាន​លក្ខណៈ​ជា​បុរី និង​មាន​តម្លៃលើស ៧០ ០០០​ ដុល្លារ ដោយ​អនុញ្ញាតឱ្យ​ដក​ទំហំ​ទឹក​​ប្រាក់ ៧០ ០០០ ​ដុល្លារ​ចេញពី​មូល​ដ្ឋា​ន​គិត​ពន្ធ​ប្រថាប់ត្រា​, និង​ទី​២ ពន្ធលើប្រាក់ចំណេញ​មូលធន ដោយ​បន្ត​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ទាំង ៦ ​ប្រភេទ រួមមាន អ​ច​លន​ទ្រព្យ​, ភតិសន្យា​, ទ្រព្យ​វិនិយោគ​, កេរ្តិ៍ឈ្មោះ​អាជីវកម្ម​, កម្មសិទ្ធិបញ្ញា និង​រូបិយប័ណ្ណ​បរទេស​។ ចំណែក​ចំណុច​ទី​ ៣ គឺ​ពន្ធ​លើ​អចលនទ្រព្យ និង​ទី​ ៤ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​។​


​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​រក្សា​លំនឹង​ទីផ្សារ និង​ទាក់ទាញ​ការ​​វិនិយោគ​ផ្ទាល់ ​(FDI)


​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ខែមករា​ថា ការបន្ត​លើកលែង​ពន្ធ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ក្រោម ៧​ ម៉ឺន​ដុល្លារ ឬ​លើសពី ៧ ​ម៉ឺន​ដុល្លារ និង​ពន្ធ​ដីធ្លី​មិន​ប្រើប្រាស់​មួយចំនួន គឺ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​រក្សា​លំនឹង​ទីផ្សារ​អចលន​​ទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ឱ្យមាន​និរន្តរភាព​ក្នុងអំឡុង​ពេលដែល​វិស័យនេះ​កំពុង​បន្ត​រង​ផល​អវិជ្ជមាន​ពី​វិបត្តិ​អន្តរជាតិ​នានា​ដែល​កំពុង​កើតមាន​។ ប្រតិបត្តិ​ការទិញ​-​លក់​អចលនទ្រព្យ​មានតម្លៃ​ក្រោម ៧ ​ម៉ឺន​ដុល្លារ និង​អ​ច​លន​ទ្រព្យ​មិន​ប្រើប្រាស់​មួយចំនួន​មាន​ទំហំ​តូច ​(​ក្រោម ៥​ ហិកតា​) គឺ​មិនត្រូវ​ឱ្យមាន​ការបង់ពន្ធ​ឡើយ​។​


​លោក​ប្រាប់ថា​៖ «​នេះ​គឺជា​ការបើក​លទ្ធភាព​ឱ្យ​ប្រជាជន​ដែលមាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម អាចធ្វើ​ការដោះដូរ​លំនៅ​ឋាន​បាន​កាន់តែ​ងាយស្រួល ដោយ​មិនចាំបាច់​បន្ថែម​បន្ទុក​ចំណាយ​លើ​ការបង់ពន្ធ​ប្រថាប់​​ត្រា​សម្រាប់​អចលនទ្រព្យ​ដែលមាន​តម្លៃ​ក្រោម ៧ ​ម៉ឺន​ដុល្លារ​ឡើយ​។ ដី​មិន​ប្រើប្រាស់​ទំហំ​តូច​ជាង ៥ ​ហិកតា​ក៏​ទទួលបាន​ភាពអនុគ្រោះ​ដែរ​។ នេះ​ជាការ​ជួយ​របស់​រដ្ឋាភិបាល​»​។​

​ទាក់ទង​នឹង​ការវិនិយោគ​របស់​ជន​បរទេស​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ពេលនេះ លោក សុខ​នឿន អះអាងថា ការវិនិយោគ​របស់​វិនិយោគិន​បរទេស​នៅ​កម្ពុជា​នៅពេលនេះ​ធៀប​នឹង​មុន​ឆ្នាំ​ ២០១៩ គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់​គី រៀល​ធី លោក ឌឹ​ត ច​ណ្ណា បាន​និយាយថា គោលនយោបាយ​ការបន្ត​លើកលែង​ពន្ធចំពោះ​អចលនទ្រព្យ គឺជា​ផ្នែក​មួយ​ដែល​រួមចំណែក​ដល់​ការ​​រក្សា​លំនឹង និង​លើកកម្ពស់​ទីផ្សារ​អ​ច​​លន​ទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​បន្ទាប់ពី​ជួប​វិបត្តិ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣-៤ ​ឆ្នាំ​មកនេះ​។

ការសម្រួល​ផ្នែក​ពន្ធដារមានន័យថា ជាការ​សម្រាល​បន្ទុក​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ ដើម្បីឱ្យ​ពួគគេ​មានឱកាស​ដកដង្ហើម​បាន​ស្រួល​អំឡុងពេល​វិបត្តិ និង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នកវិនិយោគ​បង្កើន​ការពង្រីក​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ឡើងវិញ​។​

​លោក​អះអាងថា​៖ «​នៅពេល​កាត​ព្វ​​កិច្ច​ពន្ធ​ត្រូវបាន​សម្រួល វា​នឹង​ជួយ​ធ្វើឱ្យ​ចលនា​នៃ​ទីផ្សារ​ទិញ​-​លក់​អចលនទ្រព្យ និង​សំណង់​ផ្សេងៗ​មាន​សកម្ម​ភាពកើនឡើង​មួយកម្រិត​»​។​

លោក​បាន​បន្តថា ការសម្រួល​ផ្នែក​ពន្ធ ក៏​ជា​ចំណែក​មួយ​ដែល​បង្កើត​នូវ​បរិយាកាស​ល្អៗ​ដើម្បី​ទាក់ទាញ​ចំ​​ណាប់​អារម្មណ៍​អ្នកវិនិយោគ​ឱ្យចូល​មក​បើក​អាជីវកម្ម និង​រោងចក្រ​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ពិតណាស់ នៅពេល​ការ​ចំណាយ​តិច ​(​អចលនទ្រព្យ​)​ វា​នឹង​ធ្វើឱ្យ​អ្នកវិនិយោគ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុងការ​មក​បណ្តាក់ទុន​ផ្ទាល់ ប៉ុន្តែ​បើសិន​ទីផ្សារ​អចលនទ្រព្យ​ជាប់គាំង ឬ​មាន​បញ្ហា​ច្រើន វា​នឹង​ធ្វើឱ្យ​អ្នក​វិ​និ​យោគ​បង្វែរ​ទៅកាន់​ប្រទេស​ផ្សេង​»​។​

​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ ​២០២៤ នឹង​បន្ត​ប្រហាក់ប្រហែល​ឆ្នាំ ​២០២៣

​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​ ២០២៤ នេះ អ្នកជំនាញ​អចលនទ្រព្យ​ដែលមាន​បទពិសោធន៍​ផ្ទាល់​ជាង ១​ ទសវត្សរ៍​កន្លងមក​នេះ បាន​និយាយថា សម្រាប់​ឆ្នាំ​២០២៤ នេះ​លោក​នៅ​មិនទាន់​មើលឃើញថា​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា មាន​ភាពល្អប្រសើរ​ដូច​មុន​ឆ្នាំ​ ២០១៩ ឡើយ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ដោយសារ​វិស័យ​អចលនទ្រព្យ និង​សំណង់​តែង​ត្រូវការ​ពេល និង​ធនធាន​វិនិយោគ​ច្រើនជាង​វិស័យ​ផ្សេងទៀត ដូច្នេះ​ទោះ​បី​ជា​ពេលនេះ​វិស័យ​ផ្សេងៗ​ចាប់ផ្តើម​ងើប​ពី​វិបត្តិ​ដែល​ផ្តើមចេញពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ​១៩ កាលពីដើមឆ្នាំ​ ២០២០ ក៏​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា នៅ​មិនទាន់​បង្ហាញ​ពី​សញ្ញា​ងើបឡើង​វិញ​គួរឱ្យកត់សម្គាល់​នៅឡើយ​ទេ​»៕​