​ក្រុមហ៊ុន​អគ្គិសនី​បារាំង (Électricité de France, EDF) ដែល​កំពុង​វិនិយោគ​លើ​វិស័យ​វា​រី​អគ្គិសនី នៅ​ប្រទេស​ឡាវ បានបង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​កាបូន និង​យកចិត្តទុកដាក់​ជំរុញ​ការផលិត​ថាមពល​កកើត​ឡើងវិញ​។ នេះ​បើតាម​តេ​ឡេ​ក្រាម លោក ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា​នេះ​។ 

​ប្រភព​ដដែល​បានឱ្យដឹងថា បំណង​នៃ​ការវិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​បារាំង​នេះ ធ្វើឡើង​នៅ​ចំពោះ​ពោះ​មុខ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​បារាំង ហើយ​ដែល​បានអនុញ្ញាត​ឱ្យ លោកស្រី Makreeta LAHTI នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស នៃ​ក្រុមហ៊ុន​អគ្គិសនី​បារាំង បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​។ 


​តាមរយៈ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ក្នុងជំនួប​នោះដែរ លោកស្រី Makreeta LAHTI លើកឡើងថា ក្រុមហ៊ុន​លោកស្រី​បាននិងកំពុង វិនិយោគ​លើ​វិស័យ​វា​រី​អគ្គិសនី នៅ​ប្រទេស​ឡាវ ហើយក៏​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ ការចង់​វិនិយោគ​មក​កម្ពុជា​នេះ លោកស្រី​បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្ពុជា​ដែល​ប្តេជ្ញា​រក្សា​ឱ្យបាន​អ​ព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ​២០៥០​។ 

​តាមរយៈ​តេ​ឡេ​ក្រាម​ដដែល​លោក ហ៊ុន ម៉ា​ណែ​ត​បញ្ជាក់ថា​៖«​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គោលនយោបាយ​អ​ព្យា​ក្រឹត្យ​កាបូន នៅ​ឆ្នាំ​២០៥០ និង​ការយកចិត្តទុកដាក់​ក្នុងការ​ជំរុញ​ការផ្គត់ផ្គង់ និង​ការផលិត​នូវ​ថាមពល​កកើត​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។ 


​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍ និង​បង្ហាញ​ក្តី​រីករាយ ចំពោះ​ក្រុមហ៊ុន​បារាំង​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ​នៅ​កម្ពុជា​។ លោក​បានស្នើ​ដល់​ក្រុមហ៊ុន​បារាំង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ក៏ដូចជា​អគ្គិសនី​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​នេះ​។ 

​លោក​បញ្ជាក់ថា​៖«​ច្បាប់​វិនិយោគ​របស់​កម្ពុជា ផ្ដល់​ការអនុគ្រោះ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​វិនិយោគ​ក្នុង​វិស័យនេះ ហើយ​សន្តិសុខ​ថាមពល ក៏​ជា​អាទិភាព​មួយ ដែលជា​និន្នាការ​របស់​ពិភពលោក ឆ្ពោះទៅកាន់​អ​ព្យា​ក្រឹត្យ​កាបូន​នៅ​ថ្ងៃ​អនាគត​»៕​