ទីក្រុងប៉ារីសៈ ក្នុងជំនួប​សម្តែងការគួរសម​ជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹក​ថ្ងៃទី១៥ ខែមករា លោក Geoffroy Roux De Bezieux ប្រធាន​សម្ព័ន្ធ​និយោជក​ហ្រ្វង់កូហ្វូន (APF) បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន​អំពីឱកាស​វិនិយោគ​នៅកម្ពុជា ​ដើម្បីឱ្យក្រុមហ៊ុន​បារាំងបាន​ស្គាល់​កម្ពុជា។ នេះបើតាម​តេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃ​ទី១៥ ខែមករានេះ។ 

ប្រភពដដែល​បានឱ្យដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការទៅ​ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅព្រឹកថ្ងៃទី១៥ ខែមករា លោក ហ៊ុន ម៉ាណែត បានអនុញ្ញាត​ឱ្យ​លោក ប្រធាន(APF) ចូលជួប​សម្តែងការ​គួរសម។ ក្នុងជំនួបនេះ​ហើយ ដែល​លោក Geoffroy Roux De Bezieux បានប្រាប់​ពីបំណង របស់ APF ក្នុងការស្វែងរក​ឱកាសវិនិយោគ​នៅ​កម្ពុជា ដើម្បី​ពង្រីកទីផ្សារ​នៅទ្វីប​អាស៊ី ជាពិសេស​កម្ពុជា ដែលជាប្រទេស​ស្ថាបនិក នៃអង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី និងជាប្រទេស​ដែលបាន​ដាក់បេក្ខភាព​ជាម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រជុំ​កំពូល នៃអង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី​ឆ្នាំ២០២៦។ 


ប្រភពដដែល​បញ្ជាក់​ថា៖ «លោកប្រធាន APF បានបង្ហាញ​នូវការប្តេជ្ញាចិត្ត​ក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន​អំពីឱកាស​វិនិយោគនៅ​កម្ពុជា ដើម្បីឱ្យ​ក្រុមហ៊ុន​បារាំង បានស្គាល់​កម្ពុជា ឱ្យកាន់តែច្បាស់​បន្ថែមទៀត ព្រោះ​កម្ពុជា​មានស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និងសុខសន្តិភាព​ពេញលេញ»។ 

បន្ថែមលើនេះ លោក​ប្រធាន APF បានបង្ហាញ​ជំនឿចិត្ត​ថា ការដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃអង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី​ឆ្នាំ២០២៦ គឺជាឱកាស​ល្អបំផុត​ក្នុងការផ្សព្វផ្សាយ​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដល់ក្រុមហ៊ុន​បារាំង។ ជាមួយគ្នានោះ កម្ពុជា​ក៏មានឱកាស ពង្រឹង​ទំនាក់ទំនង​ល្អ និងបង្ហាញនូវ​ភាពទាក់ទាញ​ដល់អ្នកវិនិយោគ​គិន​ផងដែរ។ 


ជាការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវ​ក្តីរីករាយ​ដោយបានជួប​ពិភាក្សាការងារ​ជាមួយលោក Geoffroy Roux De Bezieux។ លោកបានលើកឡើង​ថា កម្ពុជា​ជាប្រទេសដែល​មានច្បាប់​វិនិយោគ និងបរិស្ថាន​ដ៏ល្អប្រសើរ​សម្រាប់​ការវិនិយោគ ពិសេស​លើវិស័យ​បច្ចេកវិទ្យា ថាមពល​កកើតឡើងវិញ បច្ចេកទេស​ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ​កសិកម្ម ជាដើម ដែលក្រៅពី​ការវិនិយោគ​ប្រទេស​ដទៃ ក្រុមហ៊ុន​បារាំង​គួរតែ​សាកល្បង​ចាប់យកឱកាស​វិនិយោគ​នៅ​កម្ពុជា។ 

តាមរយៈតេឡេក្រាម​ដដែលបានឱ្យដឹង​ថា លោក ហ៊ុន ម៉ាណែត បានបង្ហាញ​នូវក្តី​សង្ឃឹម​ថា ក្រុមហ៊ុន​បារាំង​នឹងស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ស្របពេល​ដែលរាជ​រដ្ឋាភិបាល​កំពុង​បន្តអនុវត្ត​នូវអភិក្រម​មានលក្ខណៈ​ប្រាកដនិយម ក្នុងការគាំទ្រ​វិនិយោគ  និងផ្តល់​ដំណោះស្រាយ​ជាក់ស្តែងធ្វើ​យ៉ាងណា​ឱ្យការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​គ្មានបញ្ហាចោទ​កើតឡើង៕