​ភ្នំពេញៈ ចាប់ពីពេលនេះ​តទៅ វិនិយោគិន​អាចធ្វើ​ការជួញដូរ​ភាគហ៊ុន​របស់​ពួកគេ​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ជា​រូបិយប័ណ្ណ​ក្នុងស្រុក «​ប្រាក់រៀល​» និង​ធ្វើការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​បាន បន្ទាប់ពី​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​យន្តការ​ទូទាត់​ថ្មី​។

​យោងតាម​សេចក្តីប្រកាស​របស់ CSX យន្តការ​ថ្មី​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​១៥ ខែមករា ដែល​អនុញ្ញាតឱ្យ​អ្នកវិនិយោគ​ទាំងអស់​ធ្វើការ​ជួញដូរ និង​ទទួលបាន​ការទូទាត់​កាន់តែ​ងាយស្រួល​។​


«​ផ្សា​រមូល​ប​ត្រ​កម្ពុជា​សូម​ជម្រាប​វិនិយោគិន​ឱ្យបាន​ជ្រាបថា យើង​នឹងដាក់​ដំណើរការ​យន្តការ​ថ្មី គឺ​ការជួញដូរ​ជា​ប្រាក់រៀល ដោយ​ទូទាត់​ជា​ប្រាក់​ដុល្លារ បន្ថែម​លើ​យន្តការ​បច្ចុប្បន្ន ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤»​។ នេះ​បើ​យោងតាម​CSX​។

​សេង ចាន់​ធឿន ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ី​ឃ្យូ​រិ​ធី (RGS) បានឱ្យដឹងថា យន្តការ​ថ្មី​នេះ​នឹង​ទទួល​ឥទ្ធិពល​វិជ្ជមាន​លើ​ការអភិវឌ្ឍ​ផ្សារ​ហ៊ុន ខណៈដែល​វា​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​វិនិយោគិន​ក្នុងការ​ជួញដូរ និង​ធ្វើឱ្យ​ការទូទាត់​កាន់តែ​ងាយស្រួល​។


​លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ដំណើរការ​នាពេល​ថ្មីៗ​នេះ​នៃ​ការទូទាត់​ជា​ប្រាក់​ដុល្លារ​ដោយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) គឺជា​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។ វា​ដោះស្រាយ​តម្រូវការ​របស់​វិនិយោគិន ក្នុងការ​ផ្តល់​ជា​ជម្រើស​ទូទាត់​ជា​ប្រាក់​ដុល្លារ​»​។​

​លោក​លើកឡើងថា​៖ «​វិធានការ​នេះ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ ទាក់ទាញ​វិនិយោគិន​កាន់តែ​ទូលំទូលាយ និង​រួមចំណែក​ដល់​កំណើន​ទីផ្សា​រ​។ យន្តការ​ថ្មី​នៃ​ការទូទាត់​ជា​ប្រាក់​ដុល្លារ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​វិនិយោគិន​នៅក្រៅ​ប្រទេស​កាន់តែច្រើន​ថែមទៀត ដែល​ទំនងជា​នឹង​រួមចំណែក​ដល់​ការបង្កើន​សន្ទនីយ​ភាព​ទីផ្សារ​ផងដែរ​»​។​

​យោងតាម CSX សម្រាប់​ការជួញដូរ ដោយមាន​ការទូទាត់​ជា​ប្រាក់​ដុល្លារ​អាមេរិក គឺជា​យន្តការ​មួយ​ដែល​អ្នក​អាចដាក់​ការទិញ ឬ​លក់​ជា​ប្រាក់រៀល ប៉ុន្តែ​ទូទាត់​ការជួញដូរ​ជា​ប្រាក់​ដុល្លារ​អាមេរិក ដោយ​ផ្អែកលើ​អត្រា​ប្តូរប្រាក់​ដែល​បានបង្ហាញ​ជាមុន​ដោយ​ផ្សារ​ហ៊ុន​នេះ​។

​យោងតាម CSX អត្រា​ប្តូរប្រាក់​គឺ​ផ្អែកលើ​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​១​ថ្ងៃមុន​នៃ​ថ្ងៃ​ធ្វើការ​។​

CSX បន្ថែមថា​៖ «​វិនិយោគិន​ដែលជា​អ្នកទិញ​ត្រូវមាន​សមតុល្យ​សាច់ប្រាក់​សុទ្ធ ជា​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​គណ​នី​ជួញដូរ ហើយ​វិនិយោគិន​អាចដាក់​ការបញ្ជាទិញ​តាមរយៈ​ឈ្មួញកណ្តាល ឬ​កម្មវិធី​ជួញដូរ​ចល័ត​របស់​CSX»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ខែធ្នូ​ថា គិត​ត្រឹម​ថ្ងៃទី ១៩ ខែធ្នូ SERC ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ និង​ទទួលស្គាល់​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន​១២០ ដើម្បី​ប្រតិបត្តិការ និង​ផ្តល់​សេវាកម្ម​រួមមាន ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​មូល​ប​ត្រ​ចំនួន ១៣ ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ​ចំនួន ៤​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​ចំនួន ២​ក្រុមហ៊ុន​ចែកចាយ​មូល​ប​ត្រ​ចំនួន ៣​សម​ភាគី​កណ្តាល​ចំនួន ៥ ក្រុមហ៊ុន​ជើងសា​និ​ស្ស​ន្ទ​ចំនួន ២២​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន ១៦ ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​ចំនួន ៨ ក្រុមហ៊ុន​ចែកចាយ​ការលក់ ទិញ ឬ​សង​ក្រុមហ៊ុន​វិញ​ចំនួន ៤ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​៣ ហើយក៏​បានផ្តល់​ការអនុញ្ញាត និង​ការទទួលស្គាល់​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ផងដែរ​។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០២៣SERC បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​សរុប​ចំនួន ៤៥ ៨៧០ នាក់​៕