ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ៧,៩​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​សម្លៀកបំពាក់ និង​វត្ថុ​បន្ទាប់បន្សំ កាលពី​ឆ្នាំ​ ២០២៣ ដោយ​ថយចុះ​ជិត ១៣​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ខណៈ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិត​​ផល​ទាំងអស់នេះ​បាន​ងើប​ឡើងវិញ​ជា​បណ្តើរៗ​។ នេះ​បើ​យោងតាម​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​ទំ​និ​ញ​ក្នុង​ជំពូក​ទំនិញ ​(HS ២ ​ខ្ទង់​) ដែលមាន​លេខ​កូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់​មានទឹក​ប្រាក់​សរុប ៧,៨៧ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១២,៩១​ ភាគរយ​។​


​បើ​ធ្វើការ​បែងចែក​ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ការនាំចេញ​ទំនិញ​ផលិតផល​ដែលមាន​ (HS ២​ខ្ទង់​) លេខ​កូដ ៦១ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ពីរ ឬមួយ​) មាន​ចំនួន ៥,៤៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៤ ​ភាគ​​រយ និង​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ ៦២ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​នៃ​សម្លៀក​បំពាក់​មិន​ធ្វើឡើង​ពី​ការចាក់​ដោយ​ម្ជុល​ពីរ ឬមួយ​)​មានទឹក​​ប្រាក់ ២,៣៩ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១០,៤​ ភាគរយ​។​

​ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦១ និង ៦២ គឺ​ស្មើនឹង ៣៤,៨​ ភាគរយ​នៃ​ទឹកប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ដែលមាន​ ២២,៦៤​ពា ន់​លាន​ដុល្លារ​។ នេះ​បើតាម GDCE​។​


​ទោះយ៉ាងណា បើតាម GDCE សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ការ​នាំចេញ​ផលិតផល​លេខ​កូដ ៦១ និង ៦២ គឺមាន​ភាពល្អ​ជាង​ខែ​មុនៗ ដោយមាន​ទឹក​ប្រាក់​សរុប ៧៦២,៧២​ លាន​ដុល្លារ កើន ១៤,០៩​ ភាគរយ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២២​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៦ ខែមករា​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​កើតជា​បន្តបន្ទាប់​បាន​បណ្តាលឱ្យ​ចរន្ត​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ស្ទើរ​គ្រប់​ប្រភេទ​មុខទំនិញ​។ ផលិតផល​វាយ​ន​ភណ្ឌ​កម្ពុ​ជាមាន​ទីផ្សារ​ធំ​នៅ​បណ្តា​ប្រទេស​រីកចម្រើន ដូច្នេះ​បើ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​មិនល្អ និង​ប្រជាជន​មិនសូវ​ធ្វើ​ទេសចរណ៍ ការបញ្ជាទិញ​ក៏​ធ្លាក់ចុះ​ដែរ​។​

​លោក​ប្រាប់ថា​៖ «​ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ទំនិញ​សម្លៀក​បំពាក់​កាលពី​ឆ្នាំ​ ២០២៣ គឺ​ដោយសារ​តម្រូវការ​ទីផ្សារ​អន្តរ​ជាតិ​ធ្លាក់ចុះ​។ សម្រាប់​សមត្ថ​ភាព​ផលិតកម្ម​នៅ​កម្ពុជា គឺ​មិនមាន​បញ្ហា​ឡើយ ប៉ុន្តែ​កំពុង​កើនឡើង​ទៅវិញ​ដោយមាន​រោងចក្រ​ថ្មីៗ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​បើក​ដំណើរការ​កាន់តែច្រើន​»​។​

​លោក​បាន​បន្ថែមថា ការ​ងើប​ឡើងវិញ​នៃ​ចំនួន​ទឹកប្រាក់​នាំ​​ចេញ​រយៈ​ចុង​ក្រោយនេះ គឺជា​សញ្ញា​បញ្ជាក់ថា​ឆ្នាំ ​២០២៤ ការ​នាំ​ផលិតផល​វាយ​ន​ភណ្ឌ​នឹងមាន​កំណើន​ជាង​ឆ្នាំ ​២០២៣​។​

​ប្រធាន​សហព័ន្ធ​សមាគម​អ្នកវិនិយោគ​កម្ពុជា និង​ជា​ប្រ​ធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ ថ្មីៗ​នេះ​បាន​និយាយថា ចំនួន​ទឹកប្រាក់​នាំ​ចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដែល​រួមមាន​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ផលិត​ផល​ប្រហាក់ប្រហែល​មួយចំនួន ដែល​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២៣ គឺ​ដោយសារ​មូលហេតុ​ចម្បងៗ​មួយចំនួន​ដូចជា ចំនួន​ដ៏​ច្រើន​នៃ​ការបញ្ជាទិញ​នា​ឆ្នាំ​ ២០២២ ដែល​ធ្វើឱ្យ​ស្តុក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​មាន​នៅសល់​ច្រើន​, បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន ដែល​ជះឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ច​សកល​។

លោក​បន្តថា ទោះយ៉ាងណា​អ្វីៗ​មាន​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើងវិញ​។​

​លោក​និយាយថា​៖ «​ការនាំ​​ចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​វិញ​ហើយ​។ ខ្ញុំ​គិតថា ​ឆ្នាំ​ ២០២៤ ការនាំចេញ​ទំនិញ​គ្រប់​ប្រភេទ​របស់​កម្ពុជា​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២៣»​។​

​អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) លោក កាំ​ង ម៉ូ​នី​កា ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២​។ មូលហេតុ​នៃ​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ជួប​បញ្ហា​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​ទិន្នន័យ​ពី​សមាគម​វាយ​ន​​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា ឱ្យដឹងថា គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ​ ២០២៣ វិស័យនេះ​មាន​រោងចក្រ​សរុប ១ ០៧៧ ដោយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ ៧៦ ​ម៉ឺន​នាក់​៕