​ភ្នំពេញៈ អស់​រយៈពេល​ជាង ៣​ ឆ្នាំ​មកហើយ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​កា​រទូ​ទាត់ blockchain ដែល​ហៅថា ​ប្រ​​ព័ន្ធ​ទូទាត់​ប្រាក់ ​«​បាគង​» ដែលជា​ការទូទាត់​ចល័ត ដោយមាន​ការរួមបញ្ចូលគ្នា​នូវ​អ៊ី​វ៉ា​លី​ត ការ​ទូទាត់​ចល័ត ធនាគារ​អន​ឡាញ និង​កម្មវិធី​ហិរញ្ញវត្ថុ​ងាយស្រួល ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ធ្វើឱ្យ​ការទូទាត់​ឌីជីថល​នៅ​ប្រទេស និង​ត្រូវបាន​គេ​ចាត់​ទុក​ថា ប្រព័ន្ធ​ទូទាត់​រូបិយប័ណ្ណ​ឌីជីថល​ដំបូង​គេ​របស់​ធនាគារ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​

​គម្រោង​នៃ​ការចាប់ផ្តើម​អភិ​​វឌ្ឍន៍​នេះ​ចេញពី​គំនិត​កាលពី​ឆ្នាំ​ ​២០១៩ និង​ត្រូវបាន NBC ដាក់ឱ្យ​ដំណើរការ​ផ្លូវការ​កាល​ពី​ខែតុលា ឆ្នាំ​ ២០២០​។ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Soramitsu ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​។​


​បើ​គិត​ត្រឹម​ដើមខែ​មករា ឆ្នាំ​ ២០២៤ ចំនួន​អ្នកប្រើប្រាស់ «​ប្រព័ន្ធ​បាគង​» ​បាន​កើន​ដល់​ជាង ១០​ លាន​គណនី ខណៈ​ប្រព័ន្ធ​នេះ​មាន​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចំនួន ៧០ ​ជា​សមាជិក ដែល​ក្នុងនោះ ៤៩ កំពុងដំណើរការ​យ៉ាង​សកម្ម​។​

​នៅក្នុង​រយៈពេល ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២៣ ​ចំនួន​អ្នក​ប្រើ​ប្រព័ន្ធ​បាគង​បាន​កើន​ដល់​ជាង ១០​ លាន​គណនី ខណៈ​ប្រព័ន្ធ​នេះ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៧០​ ជា​សមាជិក នៅក្នុង​នោះ ៤៩  កំពុងដំណើរការ​យ៉ាង​សកម្ម​។​


​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២៣ បាគង​បាន​កត់ត្រា​ប្រ​តិ​ប​ត្តិ​ការ​ជាង ៣៥,៤​ លាន​ដង មានតម្លៃ​ជាង ១២​ ពាន់​លាន​ដុល្លារ​ប្រហែល ៦៧​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​ របស់​កម្ពុជា​។ ប្រតិបត្តិ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុងអំឡុង​ពេលនេះ បានរួម​ចំណែក​ចំនួន ៨៩២​ ភាគរយ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​។ នេះ​បើ​យោងតាម NBC​។​

​លោកស្រី ជា សិរី ទេ​សា​ភិ​បាល NBC បានឱ្យដឹង​កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ ថា NBC បាន​ស្រាវជ្រាវ​យ៉ាងសកម្ម​នូវ​គោល​គំនិត​នៃ​រូបិយ​ប័ណ្ណ​ឌីជីថល​តាំងពី​ឆ្នាំ ​២០១៦ និង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង កាលពី​ឆ្នាំ​ ២០២០​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ពិ​​ភា​ក្សា​ពី​ទិដ្ឋភាព​ជាក់ស្តែង​មួយចំនួន​នៅក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​បាគង​។ ទី​១ គឺ​បាគង​លើកកម្ពស់​អន្តរ​ប្រតិបត្តិការ និង​ការតភ្ជាប់​នៅ​ទូទាំង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នានា​ក្នុងប្រទេស និង​ទី​២ វា​បង្កើន​ប្រសិទ្ធភាព​នៃ​ការទូទាត់​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ចំណាយ តម្លាភាព និង​សុវត្ថិ​ភាព​។ ដូច្នេះ​ប្រព័ន្ធ​នេះ​ជួយ​សម្រួល​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជាជន​ដែល​មិនមាន​គណនី​ធនាគារ​ប្រើប្រាស់ ហើយ​សំខាន់​ជាងនេះទៅទៀត គឺ​លើកទឹកចិត្ត​ការប្រើប្រាស់​រូបិយប័ណ្ណ​នៅក្នុង​ស្រុក​ក្នុងការ​ទូទាត់​តាម​អេឡិចត្រូនិក​»​។​

​ប្រធាន​ផ្នែក​ទីផ្សារ​ធនាគារ ABA លោក Igor Zimarev​ បានឱ្យដឹងថា ធនាគារ ABA គឺជា​គ្រឹះស្ថាន​ដំបូង​គេ​ដែល​ចាប់ដំណើរការ​សេវាកម្ម​ដែល​ផ្តោតលើ​បាគង​ដល់​អតិថិជន​របស់ខ្លួន​ដោយបាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ឆ្នាំ ​២០២០​។​

​ឆ្នាំ​ ២០២៣ ធនាគារ​ ABA បាន​សម្របសម្រួល​ប្រតិបត្តិ​​ការ​ចំនួន ៨២៤​ លាន​ដង តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត​របស់ខ្លួន ដែលមាន​តម្លៃ​ប្រតិបត្តិការ​ជាង ២០៧​ ពាន់​លាន​ដុល្លារ​។​

​លោក​បញ្ជាក់ថា​៖ «​ការជំរុញ​ឆ្ពោះទៅរក​ការធ្វើ​ឌីជីថល​ភា​​វូប​នីយកម្ម​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​ក្នុងស្រុក និង​សកលលោក​បាន​ដំណើរការ​អស់​រយៈពេល​ជិត​ ១​ ទសវត្សរ៍​មកហើយ​។ ការកើតឡើង​ជំងឺ​​កូ​វីដ ​១៩ បាន​ព​ន្លឿ​ន​ការផ្លាស់​ប្តូរ​ឆ្ពោះទៅរក​ហិរញ្ញវត្ថុ​ឌីជីថល​ទៅមួយ​កម្រិត​ទៀត​»​។​

​លោក​បាន​បន្តថា​៖ «​ប្រទេស​កម្ពុជា ​ជាមួយនឹង​ចំនួន​ប្រជា​ជន​វ័យក្មេង គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​សកម្ម​ជាមុន និង​ការ​បង្កើត​ប្រព័ន្ធ បាគង បាន​មើលឃើញ​ការរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​វិស័យនេះ​»​។​

​លោកស្រី ជា សិរី បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន Nikkei ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៤ ថា ចំនួន​អ្នកប្រើប្រាស់​បាគង​បាន​កើន​ដល់ ១០ ​លាន​គណនី​នៅក្នុង​ចំណោម​ប្រជាជន​​កម្ពុជា​សរុប ១៦​ លាន​នាក់​។​

លោកស្រី​ថ្លែងថា​៖ «​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ខំប្រឹងប្រែង​សម្រាប់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ យើង​អាច​ធ្វើបាន​ច្រើន​ទៀត​ដើម្បី​បង្កើន​ចំនួន​អ្នក​ប្រើ​បាគង ដោយ​ផ្ដោតលើ​ការការពារ​អ្នក​ប្រើប្រាស់ និង​សុវត្ថិភាព​តាម​អ៊ីន​ធឺ​ណិ​ត​»៕