​ភ្នំពេញ​: ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) រំពឹងថា នឹង​បង្កើន​តម្លៃ​ជួញដូរ​ប្រចាំថ្ងៃ​ឱ្យដល់ ១០០ ​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០៣០ ខណៈដែល​ពួកគេ​រំពឹងថា គណនី​ជួញដូរ​នឹង​កើន​ឡើងដល់ ១០០ ០០០ នៅ​ឆ្នាំនេះ​។ យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ CSX​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី CSX បាន ចាប់ផ្ដើម​ដំណើរការ​កាលពី ១១ ​ឆ្នាំមុន លោក​សង្កេតឃើញថា ចំណេះដឹង​របស់​សាធារណជន​កម្ពុជា​ទាក់ទង នឹង​ការជួញដូរ​ផ្សារ​ហ៊ុន​មានការ​កើន​ឡើងជា​លំដាប់​។ សម្រាប់​សកម្មភាព​ទីផ្សារ​ភាគហ៊ុន​ក្នុង​ឆ្នាំ ២០២៣ ធៀប​នឹង​ឆ្នាំ ២០២២ បរិ​មាណនៃ​ការជួញដូរ​បាន​កើនឡើង ប៉ុន្តែ​តម្លៃ​នៃ​ការជួញដូរ​មានការ​ធ្លាក់ចុះ ដោយសារ ចំនួន​ជួញដូរ​ច្រើន​មាន​លក្ខណៈ​តូចៗ​។​


​លោក​បានឱ្យដឹងថា បន្ទាប់ពី​មាន​កំណើន​គួរឱ្យកត់សម្គាល់​កាលពី​ឆ្នាំមុន ចំពេល​សេដ្ឋកិច្ច​មាន​ភាពមិនច្បាស់លាស់​ CSX នៅតែ​ទទួលបាន​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​កាន់តែច្រើន រួមមាន​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន​ ២ និង​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ចំនួន ៣​។​

​លោក​បាន​បញ្ជាក់ថា គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ ២០២៣ មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ២២ ដែល​រួម​ក្រុមហ៊ុន​ ១១ ចុះបញ្ជី​មូល​ប​ត្រក​ម្ម​សិ​ទិ្ធ និង​ក្រុមហ៊ុន​ចំនួន ១១ ចុះបញ្ជី​សញ្ញា​​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង ២២​ នេះ​បាន​ប្រមូល​មូលនិធិ​សរុប​ប្រមាណ ៣៥៩ លាន​ដុល្លារ​ពី​ទីផ្សារ​មូលធន​។ ទន្ទឹមនឹង​នេះដែរ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​មាន​ប្រមាណ ១៣០ ០០០​ ភាគហ៊ុន ដែលមាន​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រហែល ២១​ ម៉ឺន​ដុល្លារ​។​


​លោក​ថ្លែងថា​៖ «​ចំនួន​គណនី​ជួញដូរ​បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង ដែល​កើនឡើង​ពី​ប្រមាណ ៣៥ ០០០​ គណនី​ដល់ ៤៧ ០០០ ​គណនី​។ មហិច្ឆតា​របស់ CSX នឹង​ឈានដល់​ចំនួន​គណនី​ជួញដូរ​រហូតដល់ ១​ សែន​គណនី​នៅ​ឆ្នាំ​ ២០២៤ ជាមួយនឹង​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម ១០០​ លាន​ដុល្លារ​ត្រឹម​ឆ្នាំ ​២០៣០»​។ លោក​បន្តថា​៖ «​យើង​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មួយ​នេះ​ទៅ​កម្រិត​មួយទៀត​»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​បានឱ្យដឹងថា ជាមួយនឹង​ការកើនឡើង​ចំនួន​ក្រុមហ៊ុន ដែល​បញ្ជាក់​អំពី​ការយល់ដឹង​របស់​ក្រុមហ៊ុន​ចំពោះ​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ក្នុងការ​កៀរគរ​មូលនិធិ​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញថា ទីផ្សារ​នេះ នៅតែ​បន្ត​ស្វាគមន៍​ការចុះបញ្ជី​ក្រុមហ៊ុន​ក្នុងស្រុក​ថ្មី​ជានិច្ច​។ ការណ៍​នេះ​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងនោះ​យល់ដឹង​អំពី​សក្តានុពល​នៃ​អត្ថប្រយោជន៍​បាន​ពី​ការចុះបញ្ជី​ព្រោះ​ពួកគេ​អាច​ប្រមូល​មូលនិធិ​បន្ថែមទៀត​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន​»​។​

​លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ផ្សារ​ហ៊ុន​កម្ពុជា កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ថា CSX តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​មូល​ប​ត្រ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​វិនិយោគិន​ក្នុងការ​ជួញដូរ​មូល​ប​ត្រ​។

លោក​ថា​៖ «​ទោះបីជា​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី និង​ការជួញដូរ​មិនទាន់មាន​សកម្មភាព​ខ្លាំង​ក៏ដោយ ប៉ុន្តែ​ការអភិវឌ្ឍ​ទីផ្សារ​នេះ​កំពុង​ឆ្ពោះទៅមុខ​យ៉ាងខ្លាំង​ក្លា តាមរយៈ​ការ​​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​ផលិតផល និង​សេវាកម្ម​ថ្មីៗ ក៏ដូចជា​ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល ដែល​ត្រូវបាន​អនុវត្ត​ចំពោះ​វិនិយោគិន​សាធារណៈ​»៕