​ភ្នំពេញៈ ការដោះដូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម បាន​រក្សា​នូវ​កំណើន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ កន្លងមក​សម្រេចបាន​ប្រមាណ​ជិត ៦,៦ ​ពាន់​លាន​ដុល្លារ កើន​ជាង ៧​ ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​ការ​​នាំចេញ​របស់​កម្ពុជា​កើនឡើង​រហូតដល់​ជាង ៣៧ ​ភាគរយ​។ យោងតាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦,៥៨ ​ពាន់​លាន​ដុល្លារ កើនឡើង ៧,៣​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែលមាន ៥៦,១៣ ​ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​ខាងលើ គឺ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ២,៩៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៧,១ ​ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣,៦១ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៩​ ភាគរយ​។ យោងតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា បន្ត​មាន​ឱនភាព​ប្រមាណ ៦៣៩,៦២​ លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០២២ មាន​រហូតដល់ ១,៨​ ពាន់​លាន​ដុល្លារ​។​


​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​ជាង ៧០៧​ លាន​ដុល្លារ កើនឡើង​ជាង ១៣,៣៥​ ភាគរយ​ពី​ចំនួន ៦២៣,៧៣ លាន​ដុល្លារ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២២ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​វៀតណាម ចំនួន ៣៦១,២៤​ លាន​ដុល្លារ កើន ៣១,៩​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ជិត ៣៤៦​ លាន​ដុល្លារ ធ្លាក់ចុះ ១,២​ ភាគរយ​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ១៧ ខែមករា​ថា ក្នុងនាម​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់​គ្នា និង​មាន​ទំនាក់ទំនង​នយោបាយ​ល្អ គឺ​លំហូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​តួលេខ​ជាក់ស្តែង​គឺ​ប្រាកដ​ជាមាន​ចំនួន​ច្រើន​លើសពី​តួលេខ​ផ្លូវ​ការដែល​បាន​កត់ត្រា​។ កំណើន​ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​គឺ​បញ្ជាក់ថា សមត្ថ​ភាព​ផលិតកម្ម​នៅ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ ខុសប្លែក​ពី​ពេលមុន​ដែល​ត្រូវ​ពឹង​ផ្អែកលើ​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​យ៉ាងច្រើន​ជា​រៀងរាល់ខែ​។​


​លោក​បន្តថា វៀតណាម គឺជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិត​ផល​កសិកម្ម​កម្ពុជា ដោយនៅ​រដូវ​ប្រមូល​ផល​ម្តងៗ​តែងមាន​ក្រុម​ឈ្មួញ​ជាច្រើន​មក​ប្រមូល​ទិញ​កសិផល​ពី​កម្ពុជា​នាំទៅ​ប្រទេស​វៀតណាម ព្រោះ​ភាគី​វៀតណាម មាន​ទុន​ច្រើន មាន​ឃ្លាំង​ស្តុក និង​មាន​សិប្បកម្ម​/​រោងចក្រ​កែច្នៃ​ច្រើនជាង​កម្ពុជា​។ កម្ពុជា​-​វៀតណាម ក៏មាន​ច្រក​ព្រំដែន និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ជាមួយគ្នា​ច្រើន​ផងដែរ​។​លោក​ថា​៖«​ភាព​វិជ្ជមាន​នៃ​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា គឺ​បញ្ជាក់ថា​កម្ពុជា​-​វៀតណាម មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់ផ្នែក​»​។​

​លោក​ប្រាប់ទៀតថា ក្រៅពី​ការ​នាំចេញ​-​នាំចូល​ទំនិញ បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​វៀតណាម​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជាច្រើន​ផងដែរ​ដូចជា កសិកម្ម ឧស្សាហកម្ម ធនធាន​រ៉ែ ដឹកជញ្ជូន និង​ហិរញ្ញ​​វត្ថុ​ជាដើម​។​

​លោក​លើកឡើង​ទៀតថា ក្រៅ​ពី​ពាណិជ្ជកម្ម​ទំនិញ ប្រទេស​ទាំង ​២ ក៏មាន​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍​ជាមួយគ្នា​ខ្លាំង​ផង​​ដែរ​។ ផ្លូវ​ល្បឿន​លឿន​ដែល​កំពុង​ស្ថាបនា​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ​(​ព្រំដែន​វៀតណាម​) នឹង​ជួយ​ធ្វើឱ្យ​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍ និង​ចរាចរណ៍​ទំនិញ​របស់​ប្រទេស​ទាំង​ ២ កើនឡើង ១ ​កម្រិត​ទៀត​។​

​របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ជិត ៤,៩២​ លាន​នាក់ កើនឡើង ១៥៦,៩ ​ភាគរយ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ភ្ញៀវ​ជនជាតិ​វៀតណាម​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ ២ ដោយមាន​ចំនួន ៩២០ ០៩៣ ​នាក់ តាម​ពីក្រោយ​ភ្ញៀវ​ជនជាតិ​ថៃ ដែលមាន ១ ៦៥៨ ០៥៩​ នាក់​។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ថា បច្ចុប្បន្ន​ទិន្នផល​គ្រាប់​​ស្វាយចន្ទី​ឆៅ ដែល​កម្ពុជា​ប្រមូលបាន​ជាង ៩០​ ភាគរយ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ព្រោះ​វៀតណាម មាន​ដើមទុន​ច្រើន មាន​ឃ្លាំង​ស្តុក រោងចក្រ​កែច្នៃ និង​មាន​ទីផ្សារ​នាំចេញ​ច្រើនជាង​កម្ពុជា​។​

​លោក​ថា​៖ «​វៀតណាម​ជាទី​ផ្សារ​លំដាប់​លេខ​ ១ ​របស់​កម្ពុជា ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​។ ក្រៅពី​ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ ក៏មាន​ផលិត​ផលស​កិ​កម្ម​ជាច្រើន​ទៀត​ដែល​ត្រូវបាន​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​»​។​

​លោក លឹម ហេង ថា ផលិត​ផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំ​ជក់ និង​ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​​ឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​៕