​ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែមករា លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ប្រទេស​សិង្ហ​បុរី Temasek Holdings បង្ហាញ​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​មកកាន់​កម្ពុជា ដោយ​វិនិយោគ​លើ​បច្ចេកវិទ្យា​ឌីជីថល វិស័យ​ថាមពល​កកើត​ឡើងវិញ និង​វិស័យ​សំខាន់ៗ​មួយចំនួនទៀត​។ នេះ​បើតាម តេ​ឡេ​ក្រាម លោក ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ​។   


​ប្រភព​ដដែល​បានឱ្យដឹងថា លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន Temasek Holdings បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​ការចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វ៊ី​ស​។ ក្នុងជំនួប​នេះ​លោក​ប្រធាន​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​សិង្ហ​បុរី បាន​អបអរសាទរ​លោក​ហ៊ុន ម៉ា​ណែ​ត​ដែល​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី នៃ​កម្ពុជា​។ 

​ជាមួយគ្នា​នោះ លោក​បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បាននិងកំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ផ្ដោតលើ​លើ​វិស័យ​ហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និង​ការផ្សព្វផ្សាយ និង អចលនទ្រព្យ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​នៅក្នុង​តំបន់​អាស៊ាន ក្នុង​នោះបាន​មើលឃើញ​ប្រទេស​កម្ពុជា ជា​គោលដៅ​សំខាន់​មួយ​ផងដែរ​។ ដោយ​កម្ពុជា​អំណោយផល​បរិស្ថាន​ធម្មជាតិ​ល្អ ក្រុមហ៊ុន​ចង់​វិនិយោគ​លើ វិស័យ​ឌីជីថល ថាមពល​កកើត​ឡើងវិញ និង​វិស័យ​ផ្សេងៗ​ទៀត​។ 


​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន Temasek Holdings ដែលមាន​ចំណាប់អារម្មណ៍​និង​បំណង​ក្នុងការ​វិនិយោគ​លើ​វិស័យ​ទាំងនោះ​។ លោក​បញ្ជាក់ថា កម្ពុជា​បើកចំហ​ជានិច្ច​សម្រាប់​វិនិយោគិន​មកពី​គ្រប់​ប្រទេស​ទាំងអស់​។ គោលនយោបាយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៅតែ​យកចិត្តទុកដាក់ និង​បង្កើត​បរិស្ថាន​គាំទ្រ​រឹងមាំ​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។ 

​តាមរយៈ​តេ​ឡេ​ក្រាម លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​យន្តការ​ថ្មីៗ ដើម្បី​លើកកម្ពស់ គាំពារ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស​។ លោក​បញ្ជាក់ទៀតថា ការវិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម គឺ​ផ្ដោតលើ​ឧស្សាហកម្ម​ជាក់លាក់ ឬ​ភាពជាក់ស្ដែង​នៃ​ប្រទេស​នីមួយៗ​៕​