កម្ពុជា ​កំពុងដំណើរការ​ឆ្ពោះទៅរក​ការចាប់ផ្តើម​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ជា​វិធានការ​មួយ ដើម្បី​ជំរុញ​ការងារ​ឆ្ពោះទៅមុខ​តាម​ទិសដៅ​របស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម ទេសចរណ៍ និង ការវិនិយោគ​។​

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៦ ខែមករា បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​សេចក្តីព្រាង MoU ​ស្តីពី​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អារ៉ាប៊ីសាអ៊ូឌីត​។​


លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៧ ខែមករា ថា ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​មជ្ឈិមបូព៌ា​។​

លោក​ថ្លែងថា​៖ «​ការពិភាក្សា​ផ្ទៃក្នុង នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចរចា​បើក​ទីផ្សារ​ថ្មី​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​។ ហើយ​ដើម្បី​បង្កើត​វា​ជា​ច្រកទ្វារ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​យើង​ទៅកាន់​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ខណៈពេលដែល​យើង​ក៏​កំពុង​ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ (CAM-UAE CEPA)»​។


 លោក​បន្ថែមថា​៖ «​នៅពេល​យើង​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទាំងនេះ យើង​មិន​ត្រឹមតែ​អាច​ពង្រីក​ផលិតផល​របស់​យើង​ទៅកាន់​ប្រទេស​ទាំងនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ប្រើប្រាស់​វា​ជា​ច្រក​មួយ​ទៅកាន់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ផងដែរ​»​។​

​លោក​លើកឡើងថា​៖ «​យើង​ជឿជាក់ថា​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​មើលឃើញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​បណ្តា​ប្រទេស​អារ៉ាប់​មក​ពួកយើង​កើនឡើង​យ៉ាងខ្លាំង​។ ការណ៍​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ផងដែរ​សម្រាប់​យើង​ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ប្រទេសមួយ​នេះ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​»​។​

នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC)​ នៅ​ទីក្រុង​រី​យ៉ា​ដ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ព្រះអង្គម្ចាស់ Mohammed bin Salman ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត បាន​ប្តេជ្ញា ចិត្ត​ជំរុញ ពាណិជ្ជកម្ម វិនិយោគ​និង​ទេសចរណ៍​។​

​ក្នុងឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​អំពី​ទិសដៅ​សក្តានុពល​នៃ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​ពាណិជ្ជកម្ម ការវិនិយោគ ថាមពល និង​វិស័យ​សក្តានុពល​ផ្សេងទៀត ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រទេស និង​ប្រជាជន​ទាំង​២​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (MFAIC)​។​

​កាលពី​ថ្ងៃទី​១៦ ខែមីនា លោក ប៉ាន សូរ​ស័ក្តិ អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក Thani bin Ahmed al-Zeyoudi​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បរទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​រួមគ្នា​អំពី​ការបញ្ចប់​កិច្ចចរចា​ជា​ផ្លូវការ​សម្រាប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (CAM-UAE CEPA) តាមរយៈ​វីដេអូ​។​

CEPA គឺជា​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែលជា​ទូទៅ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការ​គ្របដណ្ដប់​យ៉ាង​ទូលំទូលាយ​លើសពី​ទំនិញ ហើយ​អាច​មានចែង​ពី​ការផ្តល់​សេវាកម្ម ការវិនិយោគ ការដោះស្រាយ​វិវាទ កម្មសិទ្ធិបញ្ញា លទ្ធកម្ម​របស់​រដ្ឋាភិបាល និង​ទម្រង់​បន្ថែម​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាពិសេស​។​

យោងតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អារ៉ាប៊ីសាអ៊ូឌីត សម្រេចបាន​៣២,២៥៨ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២៣ កើនឡើង​ជិត ២០ ភាគរយ​។ ក្នុងនោះ ការនាំចេញ​សរុប​របស់​កម្ពុជា​សម្រេច​បាន ៩,២៥៨ លាន​ដុល្លារ កើនឡើង ៣៣,២៥ ភាគរយ និង​ការ​នាំចូល​សរុប​មាន​ចំនួន ២៣ លាន​ដុល្លារ កើនឡើង ១០,៣៨ ភាគរយ​៕