​ភ្នំពេញៈ ក្លិប​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា​ ​(VBCC) គ្រោង​នឹង​បង្កើត​នៅ​ឆ្នាំ​ ២០២៤ ​នេះ ក្នុង​គោលបំណង​លើកកម្ពស់​ការ​ធ្វើ​ធុរកិច្ច និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង​ ២​។​

​លោក Nguyen HuyTang ​ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ជាមួយ​តំណាង​ធុរកិច្ច និង​ម្ចាស់​អាជីវកម្ម​វៀតណាម​ចំនួន ៥០ កាលពី​ថ្ងៃទី​ ១៦ ខែមករា បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ផែនការ​សម្រាប់​ការបង្កើត VBCC នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នេះ ដើម្បី​បម្រើ​ជា​កន្លែង​ត​ភ្ជាប់​ទំនាក់ទំនង​ក្រុមហ៊ុន​វៀត​ណា​ម​ទាំងអស់​នៅ​កម្ពុជា​។​


​លោក លឹម ហេង អនុប្រធាន​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ការបង្កើត​នេះ​នឹង​បម្រើ​ជា​កន្លែង​កណ្តាល​សម្រាប់​ពាណិជ្ជករ និង​វិនិយោគិន​របស់​ប្រទេស​ទាំង​ ២​ អាចមាន​ការសន្ទនា​ដោយផ្ទាល់ និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ ឬ​ភាពជា​ដៃគូ​ជា​ជាមួយគ្នា​ទៅវិញទៅមក​»​។​

​លោក​បានឱ្យដឹងថា រហូតមក​ដល់ពេល​​នេះ សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បង្កើត​ការិយាល័យ​តំណាង​ចំនួន ​៦ នៅក្រៅ​ប្រទេស ក្នុងប្រទេស​ចំនួន​ ៤ ដែល​កា​រិ​យា​ល័យ​តំណាង ២​ នៅ​កាណាដា ១​ នៅ​អា​មេ​រិ​ក ១ នៅ​ជប៉ុន និង ២​ នៅ​អូស្ត្រាលី ដើម្បី​ផ្តល់ព័ត៌មាន​ពិត និង​បច្ចុប្បន្នភាព​អំ​ពីបទ​ប្បញ្ញត្តិ និង​ច្បាប់ ព្រមទាំង​ការធ្វើ​បច្ចុប្បន្នភាព​លើ​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​អំពី​ប្រទេស​យើង​។​


​លោក លឹម ហេង លើកឡើងថា​៖ «​នៅពេល​សភាពាណិជ្ជកម្ម​បរទេស​របស់​យើង​មាន​ការិយាល័យ​តំណាង​នៅទីនេះ​បញ្ជាក់ថា ពួកគេ​មាន​ទំនុកចិត្ត​លើ​ការវិនិយោគ និង​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​យើង​។ ការិយាល័យ​តំណាង​ក៏​ដើរតួនាទី​ក្នុងការ​ទាក់ទាញ​ព័ត៌មាន​បន្ថែម​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​មកកាន់​យើង​ផងដែរ​»​។​

​កាលពី​ខែមិថុនា ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ភ្ជាប់​ទៅ​ព្រំដែន​វៀត​ណា​ម ក្នុង​ខេត្តស្វាយរៀង ដែល​ត្រូវ​រំពឹងថា​នឹង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ចរាចរណ៍​ទំនិញ​ប្រទេស​ទាំង​ ២​។​

​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ និង​ស្ពាន​ចិន (CRBC)​ ក្នុង​ទឹកប្រាក់ ១,៣ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែលមាន​ប្រវែង ១៣៥,១ ​គីឡូម៉ែត្រ​ស្ថិតក្រោម​ផែនការ​សាងសង់ ប្រតិបត្តិការ ផ្ទេរ (BOT)​ រយៈពេល ៥០ ​ឆ្នាំ​។ ផ្លូវ​នេះ​នឹងត្រូវ​ចំណាយពេល ​៤ ​ឆ្នាំ ដើម្បី​បញ្ចប់​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​បាន​រក្សា​កំណើន​ជា​លំដាប់ ដោយ​សម្រេចបាន​ជិត ៦,៦​ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០២៣ កើនឡើង​ជាង ៧​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២២​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

GDCE ឱ្យដឹងទៀតថា សម្រាប់​ទំនិញ​កម្ពុជា​នាំទៅ​វៀតណាម​មានតម្លៃ ២,៩៧ ពាន់​លាន​ដុល្លារ កើនឡើង ៣៧,១​ ភាគរយ នឹង​ការនាំ​ចូល​ពី​វៀតណាម​មានទឹក​ប្រាក់​ប្រមាណ ៣,៦១ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៩​ ភាគរយ​។​

​យោងតាម GDCE ការនាំចេញ​សំខាន់ៗ​របស់​កម្ពុជា​ទៅ​វៀតណាម​រួមមាន ស្រូវ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ​មួយចំនួន​។ ចំណែក​វៀតណាម នាំចូល​រួមមាន​សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស បន្លែ និង​ផ្លែឈើ ជាដើម​៕