ភ្នំពេញៈ វិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានដាក់សម្ពាធទៅលើការនាំចេញផលិតផលមួយចំនួនរបស់កម្ពុជា ជាក់ស្តែងទឹកប្រាក់ដែលកម្ពុជារកបានពីការនាំចេញកង់ទៅទីផ្សារអន្តជាតិក្នុងឆ្នាំ ២០២៣ គឺមានប្រមាណជាង ៤០០ លានដុល្លារ ធ្លាក់ចុះជាងពាក់កណ្តាលបើធៀបឆ្នាំ ២០២២។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកង់ក្នុងទឹកប្រាក់សរុប ៤១៦,៧៧ លានដុល្លារ ធ្លាក់ចុះ ៥៣,៦៨ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមានចំនួន ៨៩៩,៧៦ លានដុល្លារ។
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែមករាថា ការធ្លាក់ចុះទឹកប្រាក់នាំចេញកង់កាលពីឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ គឺអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា កំណើនការនាំចេញដ៏ច្រើនកាលពីឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងអំឡុងពេលការរីករាលដាលខ្លាំងជំងឺកូវីដ ១៩ នឹងបានបង្ខំឱ្យមនុស្សកាត់បន្ថយការប្រើប្រាស់មធ្យោបាយសាធារណៈ, ការធ្វើលំហាត់ប្រាណ, និងការទទួលរងឥទ្ធិពលអវិជ្ជមានពីជម្លោះប្រដាប់អាវុធរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន។
លោកនិយាយថា៖ «សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកជួបបញ្ហា ហេតុនេះការចំណាយរបស់គ្រួសារ និងបុគ្គលនីមួយៗ ពិសេសប្រជាជននៅអឺរ៉ុប គឺធ្លាក់ចុះភាគច្រើន ខណៈអឺរ៉ុប ជាទីផ្សារដ៏ធំរបស់កម្ពុជា»។
លោកបន្តថា ជម្លោះរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យលេចចេញបញ្ហាជាច្រើន ដោយនៅតំបន់អឺរ៉ុបការចំណាយលើអ្វីៗក្រៅពីម្ហូបអាហារត្រូវបានរឹតត្បិតជាងមុន។
ទោះបីទីផ្សារនាំចេញក្នុងឆ្នាំ ២០២៣ កន្លងមកមិនល្អ ប៉ុន្តែក៏មានក្រុមហ៊ុនផលិតកង់មួយចំនួនបានមកវិនិយោគលើរោងចក្រផលិតកង់នៅកម្ពុជាដែរ។ លោកបញ្ជាក់ថា៖ «បើទោះទឹកប្រាក់នាំចេញកង់ក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះច្រើនធៀបឆ្នាំ ២០២២ ប៉ុន្តែអ្នកវិនិយោគប្រាកដជាមើលឃើញឱកាស ទើបពួកគេចូលមកវិនិយោគ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា កង់ផលិតនៅកម្ពុជាគឺសុទ្ធតែមានគុណភាព និងម៉ាកល្បីៗ ដោយវាត្រូវបាននាំចេញភាគច្រើនទៅបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដូចជា អាមេរិក, កាណាដា, អង់គ្លេស, និងតំបន់អឺរ៉ុប ជាដើម។ ទោះការនាំចេញកង់នារយៈពេលចុងក្រោយធ្លាក់ចុះ ប៉ុន្តែវានឹងកើនឡើងវិញព្រោះនិន្នាការប្រើប្រាស់កង់ដើម្បីសុខភាព និងការការពារបរិស្ថានកំពុងត្រូវបានពិភពលោកយកចិត្តទុកដាក់។
លោកបញ្ជាក់ថា៖ «ការយកចិត្តលើសុខភាព និងបរិស្ថាននឹងធ្វើឱ្យតម្រូវការកង់បន្តកើនឡើងខ្ពស់ថែមទៀត»។
យោងតាមលោក លឹម ហេង កង់ផលិតនៅកម្ពុជា គឺសុទ្ធតែជាកង់មានគុណភាពល្អ និងជាម៉ាកល្បីៗលើពិភពលោក។ វិនិយោគិនដែលបោះទុនវិនិយោគលើការផលិតកង់នៅកម្ពុជា ភាគច្រើនមកពីកោះតៃវ៉ាន់ និងមានទីតាំងភាគច្រើនក្នុងតំបន់សេដ្ឋកិច្ចនៃខេត្តស្វាយរៀង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាលពីដើមឆ្នាំ ២០២៣ បានប្រាប់ថា បច្ចុប្បន្នកម្ពុជាបាននាំចេញកង់ទៅជាង ៥០ ប្រទេសជុំវិញពិភពលោក។ កង់ក្លាយជាផលិតផលនាំចេញសំខាន់មួយរបស់កម្ពុជា បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានរោងចក្រផលិតកង់ចំនួន ៥ កំពុងដំណើរការ ដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕