​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ និង​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ឥណ្ឌា សង្ឃឹមថា លំហូរ​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​រវាង​ប្រ​ទេស​ទាំង​ ២ ​នឹង​រីកចម្រើន​ខ្ពស់ បន្ទាប់ពី​សភា​ធុរកិច្ច​ឥណ្ឌា​នៅ​កម្ពុជា ​(IBCC)​ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​។​

IBCC ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​ថ្ងៃទី​ ១៧ ខែមករា ដើម្បី​ប្រមូលផ្តុំ​ធុរជន​ឥណ្ឌា​ទាំងអស់​ក្នុងការ​បង្ហាញ​អំពី​វត្តមាន​អាជីវកម្ម និង​ការវិនិយោគ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​ថ្លែង​ក្នុង​ពិធី​ជា​ផ្លូវការ លោក Babulal Parihar ប្រធាន IBCC បានឱ្យដឹងថា IBCC នឹង​ព្យាយាម​ប្រមូលផ្តុំ​សហគមន៍​ធុ​រកិច្ច​ឥណ្ឌា​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ក្នុងន័យ​ជួយ​ចូលរួមចំណែក​ជំរុញ​សេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​យើង​នឹង​ដើរតួនាទី​សំខាន់​នៅក្នុង​ការលើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិ​និ​យោគ​រវាង​ឥណ្ឌា​-​កម្ពុជា តាម​រយៈ​ការ​ផ្តល់ព័ត៌មាន​ដ៏​ត្រឹមត្រូវ​ពី​ទីផ្សារ​កម្ពុជា ក៏ដូចជា​ឱកាស​អាជីវកម្ម​នៅ​ប្រទេស​ឥណ្ឌា​ដល់​ពាណិជ្ជករ​កម្ពុជា​ផងដែរ​»​។​


​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជាបាន​លើកឡើងថា វត្តមាន​របស់ IBCC គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា និង​កម្ពុជា ក្នុង​ការលើក​កម្ពស់​ការវិនិយោគ និង​ពា​ណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំង ​២ ខណៈ​ប្រទេស​ទាំង ​២ ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​អស់​រយៈពេល​ជា​យូរ​មកហើយ​។​

​លោកស្រី​ថ្លែងថា​៖ «​ឥណ្ឌា​និង​កម្ពុជា នឹង​ចែករំលែក​ទំនាក់​ទំនង​នយោបាយ​ប្រកបដោយ​ភាពល្អប្រសើរ ហើយ​នេះ​គឺជា​ឱកាស​មួយ​ក្នុង​ការបង្កើន​ការ​ជឿទុកចិត្ត​គ្នា​ផ្នែក​នយោបាយ ដើម្បី​បង្កើន​អាជីវកម្ម និង​ការ​​វិនិយោគ​របស់​យើង ដោយសារ​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​មួយ​ក្នុង​ពិភពលោក​»​។​

​លោកស្រី​បន្ថែមថា​៖ «​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​ឥណ្ឌា និង​កម្ពុជា គឺជា​អាទិភាព​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា ដូចដែល​លោកអ្នក​អាច​មើលឃើញថា ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើងជា​លំដាប់​នារ​យៈ​​ពេល ៤ ​ឆ្នាំ​ចុង​ក្រោយនេះ​»​។​

​លោក ពេ​ជ រិទ្ធី រដ្ឋលេខា​ធិ​​ការ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង​ដែរ​ថា ការដាក់ឱ្យ​ដំណើរការ IBCC ជា​ផ្លូវការ​នឹង​ពង្រឹង​ដល់​អាជីវកម្ម​បន្ថែម ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​អាជីវ​កម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​។​

​បន្ទាប់ពី​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​ ១៩៩៩ និង​ជា​សមាជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោក​ក្នុង​ឆ្នាំ​ ២០០៤ កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ (AFTA) ព្រមទាំង​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​+១ ជាមួយ​ប្រទេស​ចិន ជប៉ុន ឥណ្ឌា កូរ៉េ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) ខណៈ​កិច្ច​ព្រមព្រៀង​នេះ​បាន​ក្លាយជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​លើ​ពិភពលោក​នាពេល​​បច្ចុប្បន្ន ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កម្ពុជា​ជា​​មួយ​ប្រទេស​ចិន និង​សាធារណរដ្ឋ​កូរ៉េ និង​អារ៉ាប់​រួម​ជាដើម​។ ទន្ទឹមនឹងនេះ ដោយសារ​កម្ពុជា​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក ​(WTO) ​កម្ពុជា​ក៏​ទទួលបាន​ការអនុគ្រោះ​ពា​​ណិ​ជ្ជ​កម្ម​ជាច្រើន​តាមរយៈ​ EBA, GSP​។​ល​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងអស់នេះ​នឹង​ផ្តល់ឱកាស​ដ៏​ធំ​សម្រាប់​ធុរជន​ប្រទេស​ឥណ្ឌា​ក្នុង​ការទាញយក​អត្ថប្រយោជន៍​ពី​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ការវិនិយោគ និង​ការនាំ​ចេញទៅ​កាន់​ពិភពលោក​»​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា នៅតែ​រក្សាបាន​កំ​ណើ​ន ដែល​សម្រេចបាន​ជិត ៤៨៥,៧ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣ កើន ១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២​។ ការនាំ​ចេញ​របស់​កម្ពុជា​កើន​ជាង ៤៩​ ភាគរយ​ ដោយ​សម្រេចបាន​ជាង ២៩៣ ​លាន​ដុល្លារ ខណៈ​ការ​​នាំចូល​សរុប​ធ្លាក់ចុះ ២០,៨៥ ​ភាគរយ ស្មើនឹង ៤៤០ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕