ភ្នំពេញៈ កម្ពុជា​បញ្ចេញ​ប្រាក់​ប្រមាណ ៣៣៣ ​លាន​ដុល្លារ​ទៅលើ​ការ​នាំចូល​ដែក និង​ដែក​ថែប ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ កើន​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយសារតែ​ការ​ថមថយ​នៃ​វិស័យ​សំណង់​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការ​នាំចូល​ទំនិញ​ស្ថិតក្នុង​ជំពូក ​(HS ២​ ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៣៣,២៣​ លាន​ដុល្លារ កើន ១,៨ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៣ ២៧១,៤១​ លាន​ដុល្លារ​។ ចំនួន​នេះ​ស្មើនឹង ១,៥​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ២២​ ពាន់​លាន​ដុល្លារ​។​


​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា បើទោះបី​ក្តីបារម្ភ​ពី​ជំងឺ​កូ​វីដ ​១៩ បាន​បិទ​បញ្ចប់​ស្ទើរ​ទាំង​ស្រុង​ក៏ដោយ ប៉ុន្តែ​វិបត្តិ​ដែល​កើតចេញពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រ​ទេស​មួយចំនួន គឺ​នៅ​បន្ត​ដាក់​សម្ពាធ​ទៅលើ​កំណើនសេដ្ឋកិច្ច​សកល​។ នៅពេល​សេដ្ឋកិច្ច​សកល​មិនល្អ វា​ក៏​ជះឥទ្ធិពល​ផងដែរ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា ពិសេស​វិស័យ​សំណង់​។

លោក​បន្តថា ដោយសារ​សកម្មភាព​សាងសង់​ក្នុង​រយៈពេល ៣-៤​ ឆ្នាំ​ចុង​ក្រោយនេះ​មិនសូវមាន ដូច្នេះ​ការនាំ​ចូល​ដែក និង​សម្ភារ​សំណង់​ផ្សេងទៀត​ក៏​មិនសូវមាន​ច្រើន​ដែរ​។​ ​លោក​ប្រាប់ទៀតថា ទន្ទឹមនឹងនេះ កម្ពុជា​បច្ចុប្បន្ន​ក៏មាន​រោងចក្រ​ផលិត​ដែក​មួយចំនួន​កំពុងបើក​ដំណើរការ​ផងដែរ​។​


​លោក​និយាយថា​៖ «​នៅពេល​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​ល្អប្រសើរ ការសាងសង់​នឹងមាន​ច្រើន ហើយ​ពេលនោះ​ការ​នាំចូល​គ្រឿងសំណង់ រួម​ទាំង​ដែក​នឹង​កើន​ឡើងវិញ​»​។​​បើតាម​លោក ស៊ីវ​ផេង ដែក​ប្រើ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ភាគច្រើន​ត្រូវបាន​នាំចូល​មកពី​ប្រទេស​វៀតណាម ចិន និង​ថៃ ជាដើម​។​

​អគ្គលេខាធិការ​នៃ​សមាគម​​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បាន​និយាយថា ការធ្លាក់ចុះ​ទីផ្សារ​អចលន​​ទ្រព្យ និង​សំណង់​ពិភពលោក​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងដំណំ ពិសេស​គម្រោង​ធំៗ​ដែលមាន​ម្ចាស់​ជា​ជនបរទេស​។ លោក​បន្ថែមថា វិស័យ​សំណង់​នៅ​ត្រូវការ​ពេល​បន្ថែមទៀត​។​

​លោក​បន្តថា​៖ «​ការនាំ​ចូល​ដែក​ក្នុង​វិស័យ​សំណង់​នឹង​ហក់​ឡើងវិញ​ពេល​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​រឹងមាំ ដោយ​នៅពេលនោះ​នឹងមាន​វិនិយោគិន​ជាច្រើន​ស្វែងរក​ទីតាំង​សម្រាប់​ស្នាក់នៅ និង​បើក​អាជីវកម្ម​។ នៅពេល​ការសាងសង់​នឹង​ហក់​ឡើងវិញ​ជាមិនខាន​»​។​

​របាយការណ៍​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ប្រទេស​កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៥៩,៨១៩​ លាន​ដុល្លារ កើន​​ឡើង ២៣,១ ​ភាគរយ​ពី​ចំនួន ២៩២,៣៣៩​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។

ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២​ ភាគរយ​ធៀប​នឹង​ចំនួន​ប្រាក់​​នៃ​ការ​នាំចូល​ទំនិញ​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២៩ ៩៤១,៦០ ​លាន​ដុល្លារ​៕