ភ្នំពេញៈ ស្របពេល​រាជ​រដ្ឋា​ភិ​បាល​បានកំណត់​មហិច្ឆតា​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រ​ទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​​ ២០៣០ និង​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៥០ មាន​ចំណុច​អាទិភាព​សំខាន់ៗ​មួយចំនួន​ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ដើម្បី​សម្រេចបាន​ចក្ខុ​វិស័យនេះ​។​

​កាលពី​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ រយៈពេល​ ៥ ​ឆ្នាំ សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ២០៥០​។


យុទ្ធសាស្ត្រ​នេះ​សម្រាប់​រដ្ឋា​ភិ​បាល​ថ្មី នីតិកាល​ទី​៧ គឺ​ផ្តោតលើ​វិស័យ​សំខាន់ៗ​៥ រួមមាន ការអភិវឌ្ឍ​ធនធានមនុស្ស​, ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​, ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ឱកាស​ការងារ ការលើកកម្ពស់​ភាព​ធ​ន់ និរន្តរភាព​, និង​ការ​​អភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន និង​ការពង្រឹង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​នេះ​ថា ក្នុង​រយៈពេល ២៥​ ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ផ្តោតលើ​ការកសាង​ប្រទេសជាតិ​ឡើងវិញ​ក្នុងសម័យ​ក្រោយ​សង្គ្រាម​។ រយៈពេល ២៥ ​ឆ្នាំ​ខាងមុខ​នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ​ដើម្បី​កសាង​ប្រទេស​ដ៏​រឹងមាំ​ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។ យុទ្ធសាស្ត្រ​នេះ មាន ៥​ ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​អាទិភាព​ចំនួន ៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​


​លោក​បានឱ្យដឹងថា ដំណាក់កាល​ដំបូង​នឹង​ដំណើរការ​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ដែល​ធន់​នឹង​វិបត្តិ បង្កើត​ការ​​ងារ កាត់បន្ថយ​ភាពក្រីក្រ កែលម្អ​អភិ​​បាល​កិច្ច និង​ស្ថាប័ន​សាធារណៈ និង​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា មាន​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​សម្រេច​ចក្ខុវិស័យ​នៃ​មហិច្ឆតា​របស់ខ្លួន គឺមាន​ដូចជា​ការរក្សា​បាន​នូវ​សន្តិ​​ភាព ការបើកចំហ​គោលនយោបាយ​ចម្រុះ​ពណ៌ និង​ការពង្រឹង​កត្តា​ខាងក្នុង​។​

​លោក​ពន្យល់ថា​៖ «​ទី​១ សក្តានុពល​របស់​កម្ពុ​ជា គឺ​សន្តិភាព បើ​គ្មាន​សុខ​សន្តិភាព​ទេ គឺ​យើង​មិនអាច​សម្រេច​នូវ​គោលដៅ​របស់​យើង​ក្នុងការ​ឈានទៅរក​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ បានទេ​។

យើង​ត្រូវ​គិតថា បើ​ប្រទេសមួយ​គ្មាន​សន្តិភាព និង​កើតសង្គ្រាម តើ​អ្នកនឹង​ទាក់ទាញ​វិនិយោគិន និង​ប្រកប​អាជីវកម្ម​ដោយ​របៀប​ណា​?

ដូច្នេះ​កត្តា​សំខាន់​ដែល​ខ្ញុំ​ហ៊ាន​វាយតម្លៃ​នោះ​គឺ​ការរក្សាបាន​នូវ​សន្តិភាព ដែល​កន្លងមក​យើង​បាន​រក្សា​សន្តិភាព​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ដែល​ធ្វើឱ្យ​យើង​មាន​ការរីក​ចម្រើន និង​ទាក់ទាញ​វិនិយោគិន​បរ​ទេស​បាន​ច្រើន​ដូច​សព្វថ្ងៃនេះ​»​។​

​លោក​បាន​បន្តថា សម្រាប់​កត្តា​ទី​២ គឺ​ការបើកចំហ​គោលនយោបាយ​ចម្រុះ​ពណ៌ ដូច្នេះ​ការបើកចំហ​គោ​លន​យោ​បាយ​នេះ គឺ​រដ្ឋាភិបាល​បានប្រកាស​ហើយ​ថា កម្ពុជា​មិន​យកនរ​ណាមួយ​ជា​បក្សសម្ព័ន្ធ​របស់ខ្លួន​ទេ​។​

​លោក​និយាយថា​៖ «​ដូច្នេះ​ការបើក​គោលនយោបាយ​នេះ គឺ​វា​ស្រប​នឹង​ការប្រកាន់​គោលនយោបាយ​ពហុភាគី​និយម​បច្ចុប្បន្ននេះ ដែល​ធ្វើឱ្យ​យើង​បាន​ចូលទៅក្នុង​សកលភា វូបនីយកម្ម យើង​មាន​មិត្ត​ច្រើន យើង​មាន​ទីផ្សារ​ច្រើន ដោយ​យើង​បាន​ចូលទៅក្នុង​កិច្ច​​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ យើង​ចូលក្នុង​តំបន់​អាស៊ាន យើង​ចូល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យើង​មាន​ទំ​​នាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប ចិន រុស្ស៊ី ជប៉ុន និង​កាណាដា ដូច្នេះ​ការចូលរួម​ទីផ្សារ​ទាំងអស់នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​»​។​

​សម្រាប់​កត្តា​ទី​៣ លោក​លើកឡើងថា គឺ​កត្តា​ខាងក្នុង​ដែល​ចេញពី​ខ្លួនឯង មានន័យថា ការត្រៀមខ្លួន​របស់​យើង​រយៈពេល ៥ ឆ្នាំ​នៅក្នុង​ដំណាក់កាល​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា​នេះ គឺ​ចាប់ផ្តើម​ពី​ការពង្រឹង​វិស័យ​អប់រំ និង​មូលធន​មនុស្ស​រយៈពេល​វែង​។ សម្រាប់​រយៈពេល​ខ្លី គឺ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ១,៥​ លាន​នាក់​ដូច្នេះ​យើង​អាច​មើល​ការកែទម្រង់​មូលធន​មនុស្ស​ពី​កុមារ​តូច​ចេញពី​បច្ចុប្បន្ននេះ រហូត​គាត់​ចប់​ការសិក្សា គឺមាន​រយៈ​ពេល ១២ ​ឆ្នាំ​ទៀត អ៊ីចឹង​មានន័យថា យើង​ត្រូវការ ៣ អាណ​តិ្ត​នៃ​រដ្ឋាភិបាល​ទៀត​រហូតដល់ ​២០៤០ ដូច្នេះ​ទម្រាំ​ដល់​ឆ្នាំ ​២០៥០ កម្លាំង​ធនធានមនុស្ស​របស់​យើង​ដែល​រៀបចំ​ពី​ពេលនេះ​ទៅ​គឺ​យើង​នឹងមាន​រយៈពេល​ ១០ ​ឆ្នាំ​សម្រាប់​បង្កើន​ចំណូល​ជាតិ​។​

​លោក​បញ្ជាក់ថា​៖ «​កម្លាំង​ពលកម្ម​របស់​យើង​ដែល​កំពុង​ទទួល​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅក្នុង​អាណត្តិ​នេះ ១,៥​ លាន​នាក់ និង​អាណត្តិ​ក្រោយ​អាច​ពង្រីក​ទៅ ២-៣​ លាន​នាក់ ដូច្នេះ​ចំនួន​កម្លាំង​ពលកម្ម​ជំនាញ​នឹង​កាន់​តែមាន​សម្ទុះ​ឡើង ដែលជា​ការ​ទាក់​ទាញ​វិនិយោគ​មួយ​ដ៏​សំខាន់​ដែលជា​ចលករ​ជំរុញ​ការផលិត​។ យើង​ត្រូវ​យល់ថា បើកាលណា​ផលិតភាព​របស់​យើង​ទាប និង​បើទោះបី​ប្រាក់​ឈ្នួល​យើង​ទាប​មែន ក៏​វិនិយោគិន​បរទេស​គេ​នឹងមិន​មក​បណ្តាក់ទុន​នៅ​យើង​ឡើយ ដោយសារតែ​គេ​នឹង​វាស់​ថា គេ​ចាយ ​១ ​ដុល្លារ​លើ​ពលករ​រប​ស់​យើង តើ​យើង​ផលិត​លុយ​ឱ្យគេ​វិញ​បាន​ប៉ុន្មាន​ត្រឡប់​ទៅវិញ​? ដូច្នេះ​ខ្ញុំ​ជឿថា​ក្នុង​ឆ្នាំ​ ២០៥០ យើង​នឹងមាន​កំណើន​តាមរយៈ​ភាពប្រសើរឡើង​នៃ​ការអប់រំ​នេះឯង​»​។​

​លោក Anthony Galliano អគ្គ​នាយក​នៃ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co., Ltd បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ច្បាស់​ណាស់​ជា​សេដ្ឋ​កិច្ច​ដែលមាន​ដំណើរការ​ល្អប្រសើ​រ​ជាងគេ ដោយមាន​កំណើន​មធ្យម​ក្នុង​រង្វង់ ៧​ ភាគរយ​ក្នុង​មួយឆ្នាំ​កាលពីមុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​នៅក្នុង​តំបន់​។​

​លោក​លើកឡើងថា​៖ «​ខណៈពេល​វិបុលភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ ដែល​ខ្លួន​បាន​ចាក​ចេញពី​មូលដ្ឋាន​កម្រិត​ទាប គឺ​បំណងប្រាថ្នា​ដើម្បី​សម្រេច​បានជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ គឺ​ពិតជា​គោល​ដៅ​ប្រកបដោយ​មហិច្ឆតា ហើយនឹង​តម្រូវឱ្យមាន​ការបង្កើន​ល្បឿនខ្លាំង​បំ​ផុត​ការធ្វើ​ពិពិធ​កម្ម និង​បរិ​យាប​ន្ន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​»​។​

​លោក​បន្ថែមថា ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ កម្ពុជា​ត្រូវ​សម្រេចបាន​ប្រាក់ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ ​(GNI) ឱ្យបាន ចំនួន ៤ ៤៦៦​ ដុល្លារ ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​រំពឹងថា​មាន​ប្រហែល ១ ៧០០​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៤​។ GNI បាន​កើនឡើង ៧,៥៩ ​ភាគរយ​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២២ ពោលគឺ ៣,២៧​ ភាគ​​រយ​កាលពី​ឆ្នាំ​ ២០២១ ធៀប​នឹង​ឆ្នាំ ​២០២០ ធ្លាក់ចុះ ១,៩២ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ធៀប​នឹង​ឆ្នាំ​ ២០១៩ និង​កើនឡើង ៩,៨៦​ ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ ២០១៨​។​

​ទោះបី GNI បាន​កើនឡើង ១០ ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​រយៈពេល ៧ ​ឆ្នាំ​ខាងមុខ ក៏ GNI នឹង​កើន​ដល់ ៣,៣​ពា ន់​លាន​ដុល្លារ​អាមេរិក​មាន​ចំនួន ២៥​ ភាគរយ​ដែល​មិន​សម្រេចបាន​តាម​ទិសដៅ​កំណត់​ ៤,៤​ ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​គិត​ក្នុងចំណោម​ប្រទេស​ ១៩០ បច្ចុប្បន្ន​កម្ពុជា​នៅ​លេខ​រៀង ១៥២ លើ GNI ហើយ​មានតែ​ប្រទេស ១១៥​ ប៉ុណ្ណោះ​ដែល​សម្រេចបាន​ឋានៈ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឬ​ប្រសើរ​ជាង​នេះ​។​

​លោក​ថ្លែងថា​៖ «​កម្ពុ​ជាមាន​ជំនាញ និង​មូលដ្ឋានគ្រឹះ​ដើម្បី​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ១០​ ឆ្នាំ​ខាងមុខ​។ ក្នុងការ​កំណត់​នេះ​តែងតែ​ចង់​កំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា​កាន់តែច្រើន​»​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា គោលដៅ​នេះ​នឹង​សម្រេចបាន​ក្នុង​ចន្លោះ​ឆ្នាំ ​២០៣៣ ដល់​ឆ្នាំ ​២០៣៥»​។

លោក​បន្តថា​៖ «​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​មុន និង​ទំនុកចិត្ត និង​ក្តីសង្ឃឹម​ប្រកបដោយ​មហិច្ឆតា​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី យើង​មិនគួរ​វាយតម្លៃ​យើង​សម្រេច​មិនបាន​នោះទេ ដោយសារ​វា​ជា​រយៈ​​ពេល​នៃ​វិបុលភាព និង​សន្តិភាព​ប្រកប​​ដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​»៕