សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកជះផលទៅលើការកាត់បន្ថយភាពក្រីក្រ ការពង្រីកអាជីវកម្ម និងផ្តល់ការងារសមរម្យ។
ការលើកឡើងនេះ បន្ទាប់ពី CMA បានធ្វើការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យពីសំណាក់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL។ ការសិក្សានេះបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានCMA ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីទស្សនវិស័យ ចំពោះរបាយការណ៍ឯករាជ្យនេះថា ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សាជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ លោកបញ្ជាក់ថា៖«ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀតផង។ ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»។
បើតាមរបាយការណ៍ឯករាជ្យនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ រួមមាន SDG ១ គ្មានភាពក្រីក្រ គឺភាពអាចរកបាននូវសេវាមីក្រូហិរញ្ញវត្ថុ៖ ការសិក្សាបង្ហាញថា មីក្រូហិរញ្ញវត្ថុផ្តល់សេវាជូនអតិថិជនមានរហូតដល់ ៥៨,៦ភាគរយ នៃសំណាក ដោយ ៦៧ភាគរយ បានរាយកាណ៍ពីភាពប្រសើរឡើងយ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះបង្ហាញពីផលជះដ៏មានតម្លៃទៅលើការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។ SDG ២៖ គ្មានភាពអត់ឃ្លាន គឺភាពប្រសើរឡើងនៃជីវិតរស់នៅ និងការទទួលទានអាហារ៖ ភាពប្រសើរឡើងនៃជីវិតរស់នៅ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ បានរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំណុចទី២ ដោយមានត្រឹមតែ ០,៨ភាគរយ នៃសំណាកប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់ដោយសាររយៈពេលកាត់បន្ថយអាហារហូបចុកបណ្តោះអាសន្ន។ SDG ៣៖ សុខភាពល្អ និងសុខុមាលភាព គឺគុណភាពជីវិត៖ ការសិក្សាបង្ហាញថា ៦៧ភាគរយ នៃសំណាក ទទួលបានភាពប្រសើរឡើងខ្លះនៃជីវិតរស់នៅរបស់ពួកគេដែលរួមចំណែកដល់សុខុមាលភាពទាំងមូល។ បើទោះជាបញ្ហាប្រឈមនៅតែមានក៏ដោយ ក៏និន្នាការជារួមមានភាពវិជ្ជមាន។ SDG ៥៖ សមភាពយេនឌ័រ គឺការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៖ មីក្រូហិរញ្ញវត្ថុបានបង្ហាញពីការចូលរួមចំណែកដោយផ្ទាល់ចំពោះសមភាពយេនឌ័រ ដោយចំនួនអ្នកទទួលកម្ចីជាស្ត្រីមានរហូតដល់ ៤៦% ពោលគឺមានច្រើនជាងបុរសដែលមានត្រឹមតែ ៤១% ប៉ុណ្ណោះ។ បញ្ហាប្រឈមក៏ឃើញមានផងដែរទាក់ទងនឹងតួនាទី និងទំនុកចិត្តរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
SDG ៨៖ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច គឺកំណើនសហគ្រិនភាព៖ អ្នកឆ្លើយតបជាស្ត្រី និងបុរសបានរាយការណ៍ពីការប្រើប្រាស់ប្រាក់កម្ចីដើម្បីពង្រីកអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចរបស់ពួកគេ ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ការរីកចម្រើននៃសហគ្រិនភាពនេះមានភាពស្របតាម ស្មារតីនៃ SDG-៨។
SDG ១០៖ កាត់បន្ថយវិសមភាព គឺផលជះលើវិសមភាព៖ សម្រាប់អតិថិជនមីក្រូហិរញ្ញវត្ថុ ៣១% ដែលបានរាយការណ៍ពីភាពប្រសើរឡើងខ្លាំងនៃជីវិតរស់នៅរបស់ពួកគេ ភាពប្រសើរឡើងខ្លាំងនេះគឺជាការបង្ហាញពីការកាត់បន្ថយវិសមភាព ដែលចូលរួមដោយផ្ទាល់ទៅនឹងគោលដៅគ្មានភាពក្រីក្រ SDG-១។
SDG ១១៖ ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព និង SDG ១២៖ ការប្រើប្រាស់និងការផលិតប្រកបដោយការទទួលខុសត្រូវ គឺផលជះលើគោលនយោបាយកម្រិតម៉ាក្រូ៖ បើទោះបីជា SDGs ទាំងពីរនេះមានឥទ្ធិពលលើគោលនយោបាយ និងសកម្មភាពនៅកម្រិតមីក្រូ និងមិនអនុវត្តដោយផ្ទាល់ចំពោះសេវាកម្មមីក្រូហិរញ្ញវត្ថុក៏ដោយ ក៏ការសិក្សាស្រាវជ្រាវនេះសង្កត់ធ្ងន់លើតួនាទីរបស់វិស័យនេះក្នុងការជំរុញការអនុវត្តការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាៈ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមជម្រាបថា លទ្ធផលរកឃើញសំខាន់ៗពីការសិក្សានេះ រួមមានការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជនជាង ៣២០០ នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិក្នុងខេត្តចំនួន ១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ការសិក្សាបានបង្ហាញទៀតថា ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១ភាគរយ ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល ៣៦ភាគរយ ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕