ភ្នំពេញៈ កម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានពីការនាំទំនិញទៅប្រទេសកូរ៉េខាងត្បូង ដោយមានទឹកប្រាក់ជាង ២៨១ លានដុល្លារកាលពីឆ្នាំ ២០២៣ កើនឡើងជាង ២០ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគី មានទឹកប្រាក់ជាង ៧៥១ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិរបស់ GDCE បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ទំនិញដែលកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២៨១,១៤ លានដុល្លារ កើនឡើង ២០,៣ ភាគរយធៀបនឹងឆ្នាំ ២០២២ ចំណែកទំនិញកូរ៉េនាំមកកម្ពុជា ចំនួន ៤៧០,២៥ លានដុល្លារធ្លាក់ចុះ ១៣,៨ ភាគរយ។ សម្រាប់ពាណិជ្ជកម្មទ្វេភាគីគឺមានទឹកប្រាក់សរុប ៧៥១,៣៨ លានដុល្លារ ថយចុះ ៣,៥ ភាគរយ។
បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាព ១៨៩,១១ លានដុល្លារ ខណៈឆ្នាំ ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា មានចំនួន ៣១១,៦៥ លានដុល្លារ។ ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១២ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី ចក្រភពអង់គ្លេស និងកោះតៃវ៉ាន់។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ២១ ខែមករាថា ទោះបីអត្រាកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២៣ មានកម្រិតទាបដែលធ្វើឱ្យប៉ះពាល់ទៅដល់លំហូរពាណិជ្ជកម្មអន្តរជាតិ ក៏ចំនួនទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំទំនិញទៅប្រទេសកូរ៉េមិនបានធ្លាក់ចុះឡើយ ដោយកើនរហូតដល់ជាង ២០ភាគរយ។
នេះបញ្ជាក់ថា គុណភាពផលិតផលកម្ពុជាត្រូវបានអតិថិជននៅប្រទេសកូរ៉េ ទទួលស្គាល់កាន់តែច្រើន។ លោកបន្តថាបច្ចុប្បន្នក្រៅពីនាំចេញទំនិញ កម្ពុជាក៏ទទួលបានការបណ្តាក់ទុនផ្ទាល់ (FDI) របស់វិនិយោគិនកូរ៉េជាច្រើនផងដែរ។ ការបណ្តាក់ទុនផ្ទាល់ គឺមិនគ្រាន់តែជួយបង្កើតការងារឱ្យប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយធ្វើឱ្យកម្ពុជាជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីទីផ្សារអន្តរជាតិ និងជួយលើកកិត្យានុភាពនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ។
លោកបញ្ជាក់ថា៖ «កំណើនទឹកប្រាក់នាំចេញនេះ គឺជាភាពជោគជ័យការធ្វើពិពិធកម្មមុខទំនិញរបស់ខ្លួនទៅទីផ្សារកូរ៉េ ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយលើពិភពលោក។ បន្តិចម្តងៗយើងសង្កេតឃើញគម្លាតនៃឱនភាពជញ្ជីងពាណិជ្ជកម្មត្រូវបានធ្វើឱ្យរួមកាន់តែតូច និងឈានទៅសញ្ញាវិជ្ជមាននាពេលអនាគត»។
លោកបន្ថែមថា ទោះជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ប៉ុន្តែចំនួននេះអាចត្រូវបានប៉ះប៉ូវមកវិញពីការផ្ញើប្រាក់ត្រឡប់រាប់រយលានដុល្លាររបស់ក្រុមពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានលើកឡើងថា កូរ៉េ គឺជាទីផ្សារទទួលទិញទំនិញសំខាន់មួយរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កសិផល គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនីជាដើម។ លោកបានបន្តថា ដោយសារកម្ពុជា-កូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដូច្នេះនៅពេលសេដ្ឋកិច្ចពិភពលោកមានដំណើរការល្អឡើងវិញ គឺទំហំពាណិជ្ជកម្មនៃប្រទេសទាំង ២ ប្រាកដជានឹងមានសម្ទុះឡើងលឿនជាមិនខាន។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ទឹកប្រាក់នាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងនៅពេលសេដ្ឋកិច្ចពិភពលោកត្រឡប់មកល្អប្រសើរឡើងវិញ ពិសេសការនាំចេញរបស់កម្ពុជាដែលបានហក់ឡើងយ៉ាងលឿននារយៈពេលប្រហែលជិត ១ ទសវត្សរ៍ចុងក្រោយនេះ»។
យោងតាមលោក លឹម ហេង ក្រៅពីទិញទំនិញពីកម្ពុជា កូរ៉េក៏នាំទំនិញរបស់ខ្លួនមកកម្ពុជាវិញផងដែរ មានដូចជា រថយន្ត គ្រឿងយន្តកសិកម្ម ផលិតផលអេឡិចត្រូនិក ឱសថ អាហារ និងភេសជ្ជៈ ជាដើម៕