​ភ្នំពេញៈ ការអនុវត្ត​ចំណូល​ក្នុងប្រទេស​សរុប​ថ្នាក់ជាតិ​រយៈ​ពេល ១១​ ខែ​ដើមឆ្នាំ​ ២០២៣ មាន​ប្រមាណ ៥,៣​ ពាន់​លាន​ដុល្លារ ដែល​ស្មើ​ជាង ៨៤​ ភាគ​​រយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៣ ហើយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ គឺ​ថយចុះ​បន្តិចបន្តួច​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​ស្តីពី​ការអនុវត្ត​ថវិការដ្ឋ​ (State Budget Execution) ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​​ញ្ញ​វត្ថុ ទើប​ផ្សព្វផ្សាយ​បង្ហាញថា ក្នុង​រយៈពេល ១១​ ខែ​ដើមឆ្នាំ​២០២៣ ការអនុវត្ត​ចំណូល​ក្នុងប្រទេស​សរុប​ថ្នាក់ជាតិ​សម្រេចបាន ២១ ៨២៤ ​ពាន់​លាន​រៀល ​(​ប្រហែល ៥,៣៦​ ពាន់​លាន​ដុ​ល្លារ​) ស្មើនឹង ៨៤,២៧​ ភាគ​​រយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៣ ថយចុះ ២,១៥​ ភាគ​រយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ក្នុងនោះ​ចំណូល​សារពើពន្ធ សម្រេចបាន ១៩ ៦២៧​ ពាន់​លាន​រៀល ​(៤,៨២​ ពាន់​លាន​ដុល្លារ​) ស្មើ ៨៣,៨​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ថយចុះ ៤,៤៨​ ភាគរយ និង​ចំណូល​មិនមែន​សារពើពន្ធ ២ ១៦៣​ ពាន់​លាន​រៀល​ (៥៣១,៧៨​ លាន​ដុល្លារ​) ស្មើ ១០០,៩៥​ ភាគរយ​កើន​ឡើង ២៦,១១​ ភាគរយ​។​


​ឯកសារ​លើកឡើងថា​៖ «​ផ្អែកលើ​និន្នាការ​នៃ​ការអនុវត្ត​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​គួបផ្សំ​នឹង​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សង្គម​​សេដ្ឋ​​កិច្ច​កម្ពុជា ការប្រមូល​ចំណូល​ស្ថិតនៅក្នុង​គន្លង ​(on-track) ឈានទៅរក​ការសម្រេចបាន​តាម​ផែនការ​គ្រោងទុក​នៅក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២៣»​។​

​ទន្ទឹមនឹង​ការអនុវត្ត​ចំណូល​ខាងលើ ឯកសារ​ឱ្យដឹងទៀតថា សម្រាប់​ការអនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ មាន​ទឹកប្រាក់ ២៧ ៦០១​ ពាន់​លាន​រៀល ​(៦,៧៨​ ពាន់​លាន​ដុល្លារ​) ស្មើនឹង ៧៩,៤៤​ ភាគរយ​នៃ​ច្បាប់​ហិ​រ​​ញ្ញ​វត្ថុ​ឆ្នាំ​ ២០២៣ កើន ១៦,២៩ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ក្នុងនោះ​ចំណាយ​មូលធន​សម្រេចបាន ៩ ៣៩៦ ​ពាន់​លាន​រៀល ​(២,៣១​ពាន់​លាន​ដុល្លារ​) កើន ១០,១៨ ​ភាគរយ និង​ចំណាយ​ចរន្ត​មាន​ចំនួន​ ១៨ ២០៤​ ពាន់​លាន​រៀល ​(៤,៤៧​ពាន់​លាន​ដុល្លារ​) កើន ១៩,៧១ ​ភាគរយ​។ ជារួម​ការ​អនុវត្ត​ចំណាយ គឺ​នៅ​បន្ត​រក្សា​គោលការណ៍​រឹតបន្តឹង​ចំណាយ​មិនចាំបាច់​នានា និង​វិភា​ជ​ថវិកា​សម្រាប់​អនុវត្ត​ឱ្យចំ​មុខសញ្ញា​ប្រកបដោយ​បុ​រេ​សកម្ម​។​


​ឯកសារ​បញ្ជាក់ថា​៖ «​រាជ​រដ្ឋា​ភិ​បាល​បាន​បន្ត​រក្សា​ភាព​ប្រយ័ត្ន​​ប្រយែង​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញប្បទាន​សរុប​ថ្នាក់ជាតិ ប្រកបដោយ​ប្រសិទ្ធ​ភាព​បំផុត និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការអនុវត្ត​ថវិការដ្ឋ​បាន​ទាន់ពេលវេលា​។ ជាក់ស្តែង​ការ​​អនុវត្ត​ហិរញ្ញប្បទាន​ពី​បរទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ៥ ២០៦​ ពាន់​លាន​រៀល ​(១,២៨​ពាន់​លាន​ដុល្លារ​)​ស្មើ ៨១,២៤ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣ និង​ការអនុវត្ត​ហិរញ្ញ​​ប្ប​ទាន​ក្នុងស្រុក​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤ ៣៩០​ ពាន់​លាន​រៀល (១,០៨​ពាន់​លាន​ដុល្លារ​) ស្មើ ៥៦,៧៩​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣ ស្រប​ពេល​ប្រាក់​បញ្ញើ​រាជរដ្ឋាភិបាល សរុប​មាន ៧៩​ ពាន់​លាន​រៀល ​(១៩,៤២ ​លាន​ដុល្លារ​)​។​

​លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ថា ការសម្រេចបាន​ចំណូល​​ចំណាយ ដែលមាន​ចំ​​នួន​ប្រហាក់ប្រហែល​នឹង​ច្បាប់​ថវិកា​ប្រចាំឆ្នាំ គឺជា​រឿង​ល្អ​ព្រោះ​វា​បញ្ជាក់​ពី​សមត្ថភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​លំហូរ​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​។ ការធ្លាក់ចុះ​ប្រាក់ចំណូល​តិច​តួច​នេះ វា​មិនមែនជា​បញ្ហា​ទេ​ក្នុងដំណាក់កាល​ដែល​កំណើន​សេដ្ឋកិច្ច​សកល​កំពុង​បន្ត​ជួបនឹង​វិបត្តិ​ជា​បន្តបន្ទាប់​ដូច​ពេលបច្ចុប្បន្ន​។ លោក​បន្ថែមថា ការធ្លាក់ចុះ​ចំណូល​ត្រូវបាន​រំពឹងថា នឹងមាន​ភាព​វិជ្ជមាន​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២៤ នេះ ជាមួយ​អត្រាកំណើន​សេដ្ឋកិច្ច​សក​ល​ល្អប្រសើរ​ជាង​ឆ្នាំមុន​។ នៅពេល​សេដ្ឋកិច្ច​សកល​ល្អ សកម្មភាព​សេដ្ឋកិច្ច និង​ទេសចរណ៍​នៅតាម​ប្រទេស​នានា​លើ​ពិភព​លោក​ក៏​ល្អ​ដែរ​។​

​លោក​អះអាងថា​៖ «​នៅពេល​សេដ្ឋកិច្ច​សកល​មាន​កំណើន​ល្អ ចរាចរណ៍​មនុស្ស និង​ទំនិញ​ប្រាកដជា​នឹង​ងើបឡើង ហើយ​ទឹកប្រាក់​ដែលមាន​ពី​ការប្រមូល​ចំណូល​ពន្ធ​ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ កាលពី​ខែតុលា ឆ្នាំមុន​បាន​ព្យាករ​ថា កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ នឹង​សម្រេចបាន​ក្នុង​អត្រា ៥,៦ ​ភាគរយ និង​ក្នុង​ឆ្នាំ ​២០២៤ មាន​អត្រា ៦,១ ​ភាគ​​រយ​។ ការ​ព្យាករ​របស់ IMF គឺ​ខ្ពស់ជាង​ការ​ព្យាករ​កាលពី​ថ្ងៃទី ​២ ខែតុលា របស់​ធនាគារ​ពិភព​លោក​បន្តិច ដែលថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​អត្រា ៥,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ ២០២៤ ត្រូវបាន​រំពឹងថា​នឹងមាន​អត្រា ៦,១ ​ភាគរយ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤ ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​)​ ថ្លៃ​ប​ច្ចុ​ប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤ ២៩៥៧ ​ពាន់​លាន​រៀល ​(​សមមូល​ទៅនឹង​ប្រមាណ ៣៥ ១៦៨​ លាន​ដុល្លារ​អាមេរិក​)​។ ក្នុងនោះ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា សម្រាប់​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹងមាន​ចំនួន ២១,២៨ ​ពាន់​លាន​ដុល្លារ​ពី​ចំនួន​ប៉ាន់​ស្មាន ១៩,៤៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ និង​ចំនួន ១៧,៨​ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២ ០២២៕