​ភ្នំពេញៈ រដ្ឋាភិបាល​ប្រទេស​បារាំង តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ ​(AFD) បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ក្នុងការ​ផ្តល់ប្រាក់​កម្ចី​រដ្ឋ​ចំនួន ២៣៥ ​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កំ​​ណើ​ន​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ថាមពល​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​របស់លោក ហ៊ុន ម៉ា​ណែ​ត នាយក​​រដ្ឋមន្ត្រី​កម្ពុជា កាលពី​សប្ដាហ៍​មុន លោក រស់ សីល​វ៉ា រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​លោកស្រី Marie Helene Loison អគ្គ​នាយិកា​រង​ទីភ្នាក់ងារ AFD បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ចំនួន ៣ ក្នុង​វិស័យ​ទឹកស្អាត ថាមពល និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក គឺ​ចំនួន ២១៥​ លាន​អឺរ៉ូ​ (​ស្មើ​ប្រមាណ ២៣៥ ​លាន​ដុល្លារ​) កាលពី​ថ្ងៃ​ទី​ ១៨ ខែមករា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ AFD​។​


​ជាមួយនឹង​កម្ចី​នេះ សម្រាប់​វិស័យ​ទឹកស្អាត​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ AFD គឺ​ចំនួន ១២០ ​លាន​អឺរ៉ូ ​(១៣១​ លាន​ដុល្លារ​)​ ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចាប់​ផ្តើម​ដំណាក់កាល​ទី​ ៣ រោងចក្រ​ចម្រោះ​ទឹកស្អាត​បាក់​ខែង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​(PPWSA)​ ខណៈ​វា​មាន​សមត្ថ​ភាព​ផ្គត់ផ្គង់​ទឹកស្អាត​បាន​សរុប​ ៦០០ ០០០ ​ម៉ែត្រគុប​នៅ ក្នុង​ ១​ ថ្ងៃ​។ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​ទឹកស្អាត​ធំ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​ជា​ស្ថានីយ​កម្រិត​ពិភពលោក​មួយ​ផងដែរ​លើ​ផ្នែក​គុណភាព​នៃ​សំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាព​ថាមពល និង​គុណភាព​ទឹក​ដែល​ត្រូវបាន​ផលិត​។​

AFD ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​សមត្ថ​ភាព​នេះ​នឹង​ឆ្លើយតប​ទៅ​តម្រូវ​ការប្រើប្រាស់​ទឹកស្អាត​ដែល​ចេះតែ​កើន​ឡើងជា​លំដាប់​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​សហគ្រាស​នានា​នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ជាយ​រាជ​ធានី​។ ការផ្តល់​ហិរញ្ញប្បទាន​បន្ថែម​របស់ AFD ដែលមាន​ចំនួន ៨០​ លាន​អឺរ៉ូ​គ្រោង​ធ្វើឡើង​សម្រាប់​ឆ្នាំ​ ២០២៤ ដើម្បី​បង្កើន ជួសជុល និង​ពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ទឹកស្អាត​។ ជាងនេះទៅទៀត ជំនួយឥតសំណង​រប​ស់គ​ណៈ​កម្ម​ការ​អឺរ៉ុប​កំពុង​ត្រូវបាន​ពិ​និ​ត្យ និង​អនុម័ត​នៅ​ឆ្នាំ​ ២០២៤ ក្នុង​គោលដៅ​បំពេញបន្ថែម​ហិរញ្ញប្បទាន​នេះ ដោយ​ពង្រឹង​ការគិតគូរ​ដល់​ផលប៉ះពាល់​លើ​សង្គម និង​បរិស្ថាន រួមទាំង​និរន្តរភាព​នៃ​ការវិនិយោគ​ផងដែរ​។ គម្រោង​របស់​ក្រុម​អឺរ៉ុប គឺ​ស្ថិត​ក្នុងចំណោម​គម្រោង​ចម្បងៗ​នៃ​ក្របខ័ណ្ឌ Global Gateway របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ដែល​នឹង​ប្រកាស​នៅ​ឆ្នាំ​ ២០២៤»​។​


​ទន្ទឹមនឹងនេះ ក្នុង​វិស័យ​ថា​ម​ពល ហិរញ្ញប្បទាន​ក្រោម​រូប​​ភាពជា​កម្ចី​របស់ AFD ប្រហែល ៧៦ លាន​អឺរ៉ូ ​(៧៨​លាន​ដុល្លារ​) នឹង​អនុញ្ញាតឱ្យ​អគ្គិសនី​កម្ពុជា​បង្កើន​ទំនុកចិត្ត និង​ប្រសិទ្ធភាព​បណ្តាញ​បញ្ជូន​អគ្គិសនី តាម​​រយៈ​ការដាក់​ពង្រាយ​អនុ​ស្ថានីយ​ឌីជីថល​ទី​១ នៅក្នុង​ប្រទេស​កម្ពុជា​។ ស្របតាម​គោលដៅ​ជាតិ​ក្នុង​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន ​៧០ ភាគរយ​ នៅក្នុង​ឆ្នាំ​ ២០៣០ គម្រោង​នេះ​នឹង​ធ្វើឱ្យ​អគ្គិសនី​កម្ពុ​ជាមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្តុក​ថាមពល (៧៥​ មេ​ហ្គា​វ៉ា​ត់​ម៉ោង គឺ​ស្ថិតនៅ​ក្នុងចំណោម​សមត្ថភាព​ស្តុក​ថា​ម​​ពល​ខ្ពស់បំផុត​នៅក្នុង​តំបន់​) ដើម្បី​ព​ន្លឿ​ន​សមាហរណកម្ម​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពលព្រះអាទិត្យ និង​ថាមពលខ្យល់​។​

​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហិរញ្ញ​ប្ប​ទាន​ក្រោមរូបភាព​កម្ចី​របស់ AFD ចំនួន ២៥​ លាន​អឺរ៉ូ ​(២៧ ​លាន​ដុល្លារ​) ដែល​បន្ថែម​លើ​ប្រាក់ ៨០​ លាន​ដុល្លារ​ផ្តល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​អនុញ្ញាត​ឱ្យមាន​ការពង្រឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​មួយ​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ព្រមទាំង​ជួយ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង​គាំទ្រ​ដល់​ការប្រែក្លាយ​សេដ្ឋកិច្ចកម្ពុជា​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ដែល​ផ្តោតលើ​ឧស្សាហកម្ម គាំទ្រ​ដោយ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។​

​លោកស្រី Marie-Helene Loison បានឱ្យដឹងថា គម្រោង​ទាំង ៣ នេះ​គឺជា​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​បារាំង ក្នុងការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ បន្ថែមទៀត​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ក្នុងឱកាស​នៃ​ខួប​ ៣០ ​ឆ្នាំ​របស់​ AFD នៅ​កម្ពុជា គម្រោង​ទាំង ៣ នេះ​គឺជា​ដំណាក់កាល​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ឆន្ទៈ​របស់​ទីភ្នាក់ងារ AFD ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់​ជាមួយ​អា​​កាស​ធាតុ ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​។ នៅ​ឆ្នាំ​ ២០២៤ ទីភ្នាក់ងារ AFD នឹង​បន្តសកម្មភាព​របស់ខ្លួន​នៅក្នុង​វិស័យ​ថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និង​ការអភិវឌ្ឍ​ជនបទ ដើម្បី​ផ្តល់​អត្ថ​ប្រ​យោ​ជន៍​ដល់​ប្រជាជន​កម្ពុជា​»​។​

​លោក រស់ សីល​វ៉ា បានឱ្យដឹងថា AFD គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយក៏​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​បារាំង​សម្រាប់​កម្ពុជា​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​ក្នុងពេលដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ដំបូងៗ​នៃ​ការអភិវឌ្ឍ យើង​កំពុងស្ថិត​លើ​មាគ៌ា​មួយ​ដ៏​ល្អប្រសើរ​ដើម្បី​ធ្វើការ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ថាមពល និង​អភិវឌ្ឍ​មនុស្ស​។ បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​អាច​ត្រូវបាន​ដោះស្រាយ ដើម្បី​ផ្តល់​ផល​វិជ្ជមាន​ដល់​កំណើន​សេដ្ឋ​កិច្ច​របស់​យើង​»​។

លោក​បន្តថា​៖z «​ដោយមាន​ការគាំទ្រ​រឹងមាំ​ពី​ទីភ្នាក់ងារ AFD សេដ្ឋកិច្ចកម្ពុជា​កំពុង​ត្រូវបាន​ពង្រឹង និង​ឆ្លងកាត់​បញ្ហា​ប្រឈម​សកល ហើយ​បន្ត​ឆ្ពោះទៅមុខ​ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ទៀត​»​។​

​លោក​បាន​បន្ថែមថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​នឹង​បន្ត​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​សកម្ម​ដល់​វិស័យ​អាទិភាព​នៃ​ការអភិវឌ្ឍ ជាពិសេស​ឧស្សា​​ហ​កម្ម​នវានុវត្តន៍ ឌីជីថល និង​បច្ចេកវិទ្យា​ខ្ពស់ ដែល​តម្រូវឱ្យ​មានការ​បង្កើត​ថ្មី ឬ​ការ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ ហើយ​ទាក់​ទាញ​ការវិនិយោគ​ពី​វិស័យ​ឯក​ជន​នៅ​កម្ពុជា ស្របតាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ របស់​កម្ពុជា​។  

​ចាប់តាំងពី​ការបើក​ដំណើរ​ការ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩៣ AFD បាន​ដើរតួនាទី​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រ​​ទេស​កម្ពុជា ដោយបាន​ផ្តល់​ហិរញ្ញប្បទាន​សរុប​ជាង​ ១,៥​ ពាន់​លាន​អឺរ៉ូ រាប់បញ្ចូល​ទាំង​ហិរញ្ញប្បទាន​ថ្មីៗ​ផ្តល់ជូន​សម្រាប់​ឆ្នាំ​ ២០២៣៕