ភ្នំពេញ: ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល បានធ្វើឱ្យចំនួនទឹកប្រាក់ផ្លាស់ប្តូរទំនិញទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានជាង ៨៧០ លានដុល្លារ ធ្លាក់ចុះជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយក្នុងចំនួននេះទឹកប្រាក់ការនាំចេញទំនិញរបស់កម្ពុជាគ្របដណ្តប់ជាង ៩០ ភាគរយ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
បើតាម GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ៨៧២,៩៦ លានដុល្លារ ថយចុះ ១០,៧ភាគរយធៀបនឹងឆ្នាំ ២០២២ ដែលមាន ៩៧៧,៤៤ លានដុល្លារ។ ក្នុងចំនួនខាងលើគឺទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេស ៧៩៦,៣៨ លានដុល្លារ ថយចុះ ១០,២ ភាគរយ ចំណែកទំនិញអង់គ្លេសនាំមកកម្ពុជាចំនួន ៧៦,៥៨ លានដុល្លារ ធ្លាក់ចុះ ១៦ ភាគរយ។
នេះបើផ្អែកតាម GDCE ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៧១៩,៨១ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន ៧៩៥,៤១ លានដុល្លារ។ ចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មធំទី ១០ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម និង ថៃ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែមករាថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺអាចដោយសារកត្តាធំៗចំនួន ២ គឺទី១ ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកលដែលជំរុញឱ្យប្រជាជននៃប្រទេសនីមួយៗកាត់បន្ថយការចំណាយ និងទី២ បរិមាណទំនិញដ៏ច្រើនដែលចក្រភពអង់គ្លេសបញ្ជាទិញពីកម្ពុជានាអំឡុងឆ្នាំ ២០២២ មាននៅសល់ក្នុងស្តុកលក់មិនទាន់អស់។
នៅឆ្នាំ ២០២៤ នេះចរន្តនាំការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ពិសេសការនាំចេញរបស់កម្ពុជានឹងមានចំនួនច្រើនជាងឆ្នាំ ២០២៣។
លោកបន្តថា ដោយសារអង់គ្លេសជាប្រទេសមានខឿនឧស្សាហកម្មរីកចម្រើន ដូច្នេះទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេសភាគច្រើន គឺជាផលិតផលក្នុងវិស័យវាយនភណ្ឌ និងកសិកម្ម។
លោកអះអាងថា៖ «ការបញ្ចេញស្តុកកាលពីឆ្នាំមុន និងប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញចូលដែលចក្រភពអង់គ្លេសផ្តល់ឱ្យកម្ពុជាសម្រាប់ផលិតមួយចំនួន នឹងជួយធ្វើឱ្យការនាំទំនិញពីកម្ពុជាទៅអង់គ្លេសកើនឡើងខ្ពស់ជាងឆ្នាំមុន។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បាននិយាយថា ការធ្លាក់ចុះទឹកប្រាក់នាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ គឺដោយសារឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល ក៏ដូចជាផលអវិជ្ជមានដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសមួយចំនួន។ ដោយសារការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរទៅចក្រភពអង់គ្លេសបានធ្លាក់ចុះកាលពីឆ្នាំមុន។
លោកបញ្ជាក់ថា៖ «ការធ្លាក់ចុះនេះគឺបណ្តាលមកពីវិបត្តិសកល សម្រាប់កម្លាំងផលិតកម្មនៅក្នុងប្រទេសកម្ពុជា គឺបន្តបោះជំហានទៅមុខជាប្រចាំ។ យើងសង្កេតឃើញមានគម្រោងវិនិយោគជាបន្តបន្ទាប់បានមកបើកដំណើរការនាំកម្ពុជា»។
លោកបន្តថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះខ្ញុំមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងចក្រភពអង់គ្លេសនឹងបង្ហាញភាពវិជ្ជមានស្ទើរគ្រប់ប្រភេទមុខទំនិញ»។ បច្ចុប្បន្នទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេស មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម ចំណែកអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិកជាដើម៕