​ភ្នំពេញៈ កម្ពុជា ​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ​ក្នុង​ទឹក​ប្រាក់​ជិត ១,២​​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣ កើនឡើង​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មានទឹក​ប្រាក់​សរុប​ជិត ១,៨​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​របស់ GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ជប៉ុន​មាន​ទឹកប្រាក់ ១,១៧ ​ពាន់​លាន​ដុ​​ល្លារ កើន ​០,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ចំណែក​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា ៦២៣,៦​ លាន​ដុ​ល្លារ ធ្លាក់ចុះ ១៨,៥ ​ភាគរយ​។ យោងតាម​តួលេខ គឺ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំង​ ២ មាន​ចំនួន ១,៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ១,៩៤​ ពាន់​លាន​ដុ​ល្លារ​។ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំជាងគេ​ទី​ ៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែមករា​ថា ឥទ្ធិពល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ និង​កំណើនសេដ្ឋកិច្ច​សកល​យឺត បានធ្វើឱ្យ​ចរន្ត​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​។ ទោះយ៉ាងណា​ដោយសារ​កម្ពុ​ជាមាន​ផលិតផល​ដែលមាន​តម្រូវ​ការ​ច្រើន​នៅ​ជប៉ុន​ទើប​អាច​រក្សាបាន​ភាព​វិជ្ជមាន​នេះ​។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP)​ ដែល​កម្ពុជា និង​ជប៉ុន ជា​សមាជិក​ក៏​ជា​ចំណែក​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក​ពន្យល់ថា​៖«​ការទទួល​បាន​កំណើន​ទឹកប្រាក់​នាំចេញ​នេះ គឺ​ដោយសារ​មានការ​ខិតខំ​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំង​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​គុណភាព និង​ភាព​សម្បូរបែប​នៃ​ផលិត​ផល​កម្ពុជា​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ជប៉ុន​»​។​


​លោក​បន្តថា ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា និង​ទាក់​​ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន កន្លងមក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ទីក្រុង​សែន​ដាយ ​(​ប្រទេស​ជប៉ុន​)​។ ការិយាល័យ​តំណាង​មាន​តួ​នាទី​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ ក៏ដូចជា​ទាក់​ទាញ​ជប៉ុន​ឱ្យមក​បញ្ជា​ទិញ​ទំ​និ​ញ​ផលិត​នៅ​កម្ពុជា​យកទៅលក់​នៅ​ទីផ្សារ​ជប៉ុន​ផងដែរ​។​

​យោងតាម​លោក លឹម ហេង ផលិតផល​កម្ពុជា​សំខាន់ៗ​នាំទៅ​ជប៉ុន គឺមាន​សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​ក​សិ​​ផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា រួមមាន​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។​

​ក្នុង​គោលបំណង​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន លោក ស៊ុន ចាន់ថុល អនុ​ប្រ​​ធាន​ទី​ ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា កាលពី​ថ្ងៃទី ​២៥ ខែធ្នូ ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ជាមួយនឹង​គណៈ​ប្រតិភូ​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ប្រទេស​​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ក្នុង​កិច្ច​ប្រជុំ​នោះបាន​ពិភាក្សាគ្នា​ដោយ​ផ្តោត​សំខាន់​លើ​ការងារ​ចំនួន ២ គឺ​ទី​ ១ ការពង្រីក​វិសាលភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជា​កំពង់ផែ​ប្រចាំ​តំបន់ និង​ទី​ ២ គម្រោង​សិក្សា និង​រៀប​​ចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើតឡើង​ដើម្បី​ជំរុញ​លើកទឹកចិត្ត​វិ​និ​យោគិន​ជប៉ុន​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ ជប៉ុន គឺជា​ប្រទេស​ដែល​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី ​៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣​ ទ្រី​លាន​រៀល ​(​កើន ១១,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគ​ច្រើន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំ​ណង់ សណ្ឋាគារ និង​អចលន​ទ្រព្យ ជាដើម​៕