និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) បានអនុម័ត​ជា​ផ្លូវការ​លើ​សេចក្តីជូនដំណឹង​ស្តីពី​ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​នូវ​គោលការណ៍​ស្តីពី​ទម្រង់​របាយការណ៍​រប​ស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ​(FMC)​ ដែលជា​វិធានការ​មួយ​ដើម្បី​បង្កើន​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​មួយ​នេះ​និង​ដើម្បី​បង្ការ​ហានិភ័យ​នានា​។​

​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ​២៣ ខែមករា​ SERC ជូនដំណឹង​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ថា SERC បានអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​នូវ​គោលការណ៍​ណែនាំ ស្តីពី​ការអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​នូវ​គោលការណ៍​ស្តីពី​ទម្រង់ របាយការណ៍​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការយល់ដឹង និង​ការបំពេញ​កាតព្វកិច្ច ផ្តល់​របាយការណ៍ ជូនដំណឹង និង​ស្នើសុំ​ការអនុញ្ញាត​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ប្រកបដោយ​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធភាព អនុលោម​តាម​ប្រកាស​ស្តីពី​កាតព្វកិច្ច​ផ្តល់​របាយការណ៍ ជូនដំណឹង និង​ស្នើសុំ​ការអនុញ្ញាត​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​។​


​លោក ស៊ូ សុជាតិ អគ្គនាយក​ SERC បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ២៤ ខែមករា​ថា ​ការជូនដំណឹង​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់ FMC ទាំងអស់​ដើម្បី​អនុវត្តតាម និង​អនុញ្ញាតឱ្យ​និយតករ​ទទួលបាន​ការគ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​ចំពោះ​អាជីវកម្ម​របស់​ពួកគេ​។​

“​វា​គឺជា​ប្រព័ន្ធ​រាយការណ៍​មួយ ដែល​យើង​បានរៀបចំ​រួចហើយ ដើម្បី​ឲ្យ​ពួកគេ​អនុវត្តបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់​។ គោលបំណង​ចម្បង​របស់​យើង​គឺ​ត្រួតពិនិត្យ និង​គ្រប់គ្រង​អំពី​ដំណើរការ​អាជីវកម្ម ឬ​សកម្មភាព​របស់​ពួកគេ​។ ប្រសិនបើ​យើង​រកឃើញថា​មាន​ភាពមិនប្រក្រតី យើង​អាចធ្វើ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​បញ្ចៀស​រាល់​ហានិភ័យ​នានា​»​។​


​បើតាម​លោក សុជាតិ បច្ចុប្បន្ន​មាន​បុគ្គល​ជាច្រើន​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ក្រុម​គ្មាន​វិជ្ជាជីវៈ ដែល​ប្រមូល​មូលនិធិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​សន្យាថា​នឹង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​។​

​លោក​បាន​កត់សម្គាល់ថា សកម្មភាព​បែបនេះ​បានរួម​ចំណែក​ដល់​ប្រតិបត្តិ​ការដែល​គ្មាន​វិជ្ជាជីវៈ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ធម្មតា ដែល​ពេលខ្លះ​ខ្ចីប្រាក់​សម្រាប់​គម្រោង​បែបនេះ​៕