ភ្នំពេញៈ ជាមួយនឹងតម្រូវការក្នុងស្រុករឹងមាំ ស្របពេលអត្រាអតិផរណាមានកម្រិតមធ្យម រួមផ្សំនឹងភាពប្រសើរឡើងនៃការធ្វើពាណិជ្ជកម្មនឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ រួមទាំងកម្ពុជាឱ្យរក្សាបានកំណើនដ៏ល្អនៅឆ្នាំនេះ។
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានព្យាករពីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ នេះក្នុងរង្វង់ ៤,៥ ភាគរយសម្រាប់តំបន់អាស៊ាន+៣ នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំត្រីមាសខែមករា របស់ខ្លួននៃចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ (AREO) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
ទន្ទឹមនឹងនេះ AMRO បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៦,២ ភាគរយនៅឆ្នាំនេះ ដោយកើនយ៉ាងខ្លាំងពីចំនួន ៥,៣ ភាគរយកាលពីឆ្នាំ ២០២៣។ ចំណែកអត្រាអតិផរណានឹងកើនពី ២,៦ ភាគរយកាលពីឆ្នាំ ២០២៣ ដល់ ៣,១ ភាគរយនៅឆ្នាំនេះ។ AMRO ឱ្យដឹងថា សម្ពាធតម្លៃបន្តធ្លាក់ចុះនៅទូទាំងប្រទេសជាសមាជិកដោយឆ្លុះបញ្ចាំងពីនិន្នាការតម្លៃទំនិញសកល។ អតិផរណានៅក្នុងតំបន់អាស៊ាន+៣ ដោយមិនរាប់បញ្ចូលប្រទេសឡាវ និងមីយ៉ាន់ម៉ា ត្រូវបានគេព្យាករថា នឹងមានកម្រិតមធ្យមមកត្រឹមចំនួន ២,៦ ភាគរយនៅឆ្នាំនេះ។
ទោះយ៉ាងណាក៏ដោយ ហានិភ័យនឹងកើនឡើង ដោយសារអតិផរណានៅតែសំខាន់ ហើយអតិផរណាស្នូលនៅតែបន្តមានកម្រិតខ្ពស់នៅក្នុងប្រទេសជាច្រើន។
ប្រធានសេដ្ឋវិទូរបស់ AMRO លោក Hoe Ee Khor បានថ្លែងថា៖«ការស្ទុះងើបឡើងវិញនៃវដ្តបច្ចេកវិទ្យាសកលកំពុងចាប់ផ្តើមបង្ហាញអំពីប្រតិបត្តិការនាំចេញក្នុងតំបន់ ជាពិសេសសម្រាប់គ្រឿងអេឡិចត្រូនិក»។
លោកបន្ថែមថា៖«ប៉ុន្តែការនាំចេញដែលមិនមែនជាបច្ចេកវិទ្យា គឺមានភាពយឺតយ៉ាវបើនិយាយពីការស្ទុះងើបឡើងវិញ ដែលជាមូលហេតុនៃការស្ទង់មតិផ្នែកផលិតកម្មនាពេលថ្មីៗនេះមានភាពចម្រុះគ្នា។ ការកើនឡើងតម្លៃទំនិញសកលនៅតែជាហានិភ័យដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ច។
យើងនៅតែមិនអាចបដិសេធការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាមេរិកឡើយ។ ការឈានទៅរកការបោះឆ្នោតនៅអាមេរិកនៅចុងឆ្នាំ ២០២៤ ក៏អាចធ្វើឱ្យភាពមិនច្បាស់លាស់ផ្នែកគោលនយោបាយ និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុផងដែរ»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កម្ពុជា កាលពីខែធ្នូ បានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករក្នុងអត្រាកំណើន ៦,៦ ភាគរយ ដែលជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនកើនឡើងដល់ប្រមាណ ១៤២,៩៦ ពាន់ពាន់លានរៀល (៣៤,៥២ ពាន់លានដុល្លារ)។
ក្រសួងឱ្យដឹងទៀតថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានគេព្យាករថា នឹងកើនដល់ ២ ០៧១ ដុល្លារ កើនឡើងពីចំនួន ១ ៩១៧ ដុល្លារ កាលពីឆ្នាំ ២០២៣។
បើយោងតាមការព្យាករនេះ ផ្លូវនៃកំណើនវិជ្ជមានត្រូវបានជំរុញជាចម្បងដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្មដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃអនុវិស័យកាត់ដេរដែលរំពឹងទុកថានឹងកើនឡើងប្រហែល ៨,៥ ភាគរយ ដោយកើនពី ៥ ភាគរយកាលពីឆ្នាំ ២០២៣។ ចំណែកផលិតកម្មដែលមិនមែនកាត់ដេរត្រូវបានគេរំពឹងថា នឹងនៅតែរឹងមាំ ខណៈវិស័យសំណង់នឹងមានភាពយឺតយ៉ាវ។
ចំពោះវិស័យសេវាកម្មរំពឹងថា នឹងមានកំណើន ៦,៩ ភាគរយនៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៅក្នុងស្រុក ជាពិសេសវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលផ្តល់អត្ថប្រយោជន៍ទៅដល់វិស័យពាក់ព័ន្ធជាច្រើនដូចជា ការលក់ដុំរាយ និងការដឹកជញ្ជូន។ វិស័យកសិកម្មព្យាករថា នឹងមានកំណើន ១,១ភាគរយក្នុងឆ្នាំ ២០២៤ កើនឡើងពី ០,៩ ភាគរយកាលពីឆ្នាំ ២០២៣ ជាមួយនឹងអនុវិស័យដំណាំ និងជលផលជំរុញឱ្យមាននិន្នាការកើនឡើង ខណៈបសុសត្វនៅតែមានស្ថិរភាព។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលា ឆ្នាំ ២០២៣ ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦ ភាគរយនៅឆ្នាំ ២០២៤ លោក Davide Furceri ប្រធានបេសកកម្មរបស់ IMF ប្រចាំនៅកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែតុលាថា ការទម្លាក់ការព្យាករនេះដោយសារវិស័យអចលនទ្រព្យធ្លាក់ចុះ ជាពិសេសបណ្តាលមកពីការធ្លាក់ចុះដៃគូនាំចេញសំខាន់ៗដូចជាអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។
លោកបញ្ជាក់ថា ទោះបីជាមានការប្រឈមក្នុងប្រទេស និងអន្តរជាតិក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងស្ថិតលើដំណើរផ្លូវប្រកបដោយស្ថិរភាពក្នុងការស្ទុះងើបឡើងវិញពីការរីករាលដាលជំងឺ។
លោក Furceri បានថ្លែងថា៖«ការស្ទុះងើបឡើងវិញវិស័យទេសចរណ៍ និងការនាំចេញបន្ទះសូឡា និងគ្រឿងបន្លាស់អគ្គិសនីដែលកំពុងកើនឡើង គឺជាកត្តាជំរុញកំណើនដ៏សំខាន់»។ លោកបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ ការនាំចេញសម្លៀកបំពាក់នៅតែទន់ខ្សោយ ដោយបង្ហាញតែសញ្ញានៃការស្ទុះងើបឡើងវិញតិចតួច ខណៈដែលសកម្មភាពសំណង់កាន់តែយឺតក៏កំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចផងដែរ»៕