រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើង​ថា ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅ​កម្ពុជា និងក្រសួង​បរិស្ថាន បានបើកទំព័រ​នៃកិច្ចសហ​ប្រតិបត្តិការ​ផ្តោតលើ​ពាណិជ្ជកម្ម​កាបូន និងថាមពល​បៃតង​ឆ្លើយតប​នឹងការប្រែប្រួល​អាកាសធាតុ។
 
លោកបានថ្លែង​ដូចនេះ កាលពីរសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តី​ការក្រសួង​បរិស្ថាន ក្នុងជំនួប​ពិភាក្សាការងារ​ជាមួយនឹង​លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅ​កម្ពុជា។ នេះបើយោងតាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន។
 
ប្រភពដដែល​ថា ពាណិជ្ជកម្ម​កាបូន និងថាមពល​បៃតង ឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ គឺជាខ្លឹមសារ​រួម​នៃកិច្ចពិភាក្សា​ដើម្បី​បើកទំព័រ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ឥណ្ឌូនេស៊ី និងកម្ពុជា។ 
 
ក្នុងឱកាសនោះដែរ លោក សានតូ ដាមូស៊ូម៉ាតូ បានថ្លែងអបអរ​ចំពោះ​សមិទ្ធផល​ការងារ​ដែលក្រសួង​បរិស្ថាន​សម្រេចបាន​ដោយជោគជ័យ​នូវភារកិច្ច​ក្នុងរយៈពេល ១០០ ថ្ងៃ​ដំបូង​របស់​លោករដ្ឋមន្រ្តី​បរិស្ថាន។ 
 
លោកបានបន្ត​ថា ៖ «ជំនួប​ទ្វេភាគី​នៅថ្ងៃនេះ គឺជាឱកាស​ល្អ​ក្នុងកិច្ចសហ​ប្រតិបត្តិការ​ការទូត ដើម្បី​បន្តរឹតចំណង​មិត្តភាព​រវាង​កម្ពុជា និងឥណ្ឌូនេស៊ី​ឱ្យកាន់តែ​មានភាព​ស្អិតរមួត​ទ្វេឡើង»។ 
 
លើសពីនេះ លោកឯកអគ្គរដ្ឋទូត​ក៏បានលើកឡើង​អំពីគោលបំណង​ក្នុងកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ដែលផ្តោត​សំខាន់​លើកិច្ច​គាំពារ​បរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ច​បៃតង ដោយរាប់​បញ្ចូល​ឥណទាន​កាបូន ពាណិជ្ជកម្ម​កាបូន និងថាមពល​បៃតង​ឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ។ 

ជាមួយគ្នានោះដែរ លោក អ៊ាង សុផល្លែត ក៏បានលើកឡើង​ពីយុទ្ធសាស្រ្ត ចក្រា​ក្នុងវិស័យ​បរិស្ថាន​ឆ្នាំ២០២៣-២០២៨ ហើយឈរលើ​យុទ្ធសាស្រ្ត​គន្លឹះនេះ កម្ពុជា​សម្រេចបាន​ភាពស្អាត ភាពបៃតង និងចីរភាព ស្របនឹងគោលបំណង​នៃជំនួប​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​បានលើកឡើង​ផងដែរ។ 
 
ជាមួយគ្នានេះ កម្ពុជា-ឥណ្ឌូនេស៊ី នឹងធ្វើការ​ជាមួយគ្នា​យ៉ាងជិតស្និទ្ធ ដើម្បីសម្អាត​ប្រទេសទាំងពីរ​ឱ្យទទួល​បានភាពស្អាត មិនមានការបំពុល​ដោយសំណល់​ប្លាស្ទិក និងមានភាព​បៃតង តាមរយៈ​ការបង្កើន​គម្របព្រៃឈើ​ឈានឆ្ពោះទៅ​ជាប្រទេស​អព្យាក្រឹត​កាបូន​ឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បីពង្រឹង​ការវិនិយោគ​បៃតង​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ដ៏រឹងមាំនេះ។
 
សូមរំឭកជូន​ថា ទំនាក់ទំនង​ការទូត​រវាង​ឥណ្ឌូនេស៊ី និងកម្ពុជា អស់រយៈពេល ៦៥ ឆ្នាំ​មកនេះ  បាន​នាំមក​​នូវផល​ប្រយោជន៍​ជាច្រើន តាមរយៈ​ការវិនិយោគ ការនាំចេញ​នាំចូល​ផលិតផល ការផ្លាស់ប្តូរ​ទំនិញ​កសិកម្ម ឧស្សាហកម្ម​សម្រាប់​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំងពីរ៕