ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ធំជាងគេ​បង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន​ទំហំ ៦ ០៤៦​ ម៉ែត្រ​គុប​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​អន្តរជាតិ ការពារ​ការ​ខូច​ចំណីអាហារ និង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម និង​អ្នកប្រើប្រាស់​។​

ឃ្លាំង​ត្រជាក់​នេះ ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការគាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ចំនួន ៩៩៩,៦០៤.០០​ ដុល្លារ​សហរដ្ឋអាមេរិក និង​ការវិនិយោគ​ពី​ក្រុមហ៊ុន ខ្មែរ​ខូ​ល​ឆេន ចំនួន ១,០១៧,៦០៥.០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ឃ្លាំង​ត្រជាក់​នេះ​បានចាប់ផ្តើម​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ និង​ផ្តល់​សេវាកម្ម​ផ្នែក​ភូតគាម​អនាម័យ​ផងដែរ​។


ជាងនេះទៅទៀត​ឃ្លាំង​នេះ​ឆ្លើយតប​នឹង​ឧបសគ្គ​ប្រព័ន្ធ​ទីផ្សារ​ចំពោះ​កាលានុវត្តភាព​នៃ​ការនាំ​ចូល និង​នាំចេញ​របស់​ក្រុមហ៊ុន​សហគ្រាស​ខ្នាត​ធំ និង​មធ្យម​នានា ព្រមទាំង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ផងដែរ​ ដោយ​ផ្តល់​លទ្ធភាព​ដល់​កសិករ​ខ្នាតតូច និង​ធុរកិច្ច​ដែល​ស្ត្រី និង​យុវជន​ជា​ម្ចាស់​។ នេះ​បើ​យោងតាម USAID​។​

លោកស្រី Bridgette L. Walker ភារធារី​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​មានប្រសាសន៍ថា ការសហការ​វិនិយោគ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ម្រា​ប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ជាមួយ​ក្រុមហ៊ុន​ខ្មែរ ខូ​ល ឆេន ឯ​.​ក គឺជា​ការបោះ​ជំហាន​ឆ្ពោះទៅមុខ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​។ 


លោកស្រី​បាន​ថ្លែងថា​៖«​ឃ្លាំង​ត្រជាក់​នេះ​នឹង​ជំរុញ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​ក្នុង​តំបន់ ទប់ស្កាត់​នូវ​ការខូចខាត​នៃ​ចំណីអាហា​រ ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​ធុរកិច្ច និង​អ្នកប្រើប្រាស់​ផងដែរ​។ ឃ្លាំង​ត្រជាក់​នេះ​ជាឃ្លាំង​ត្រជាក់​ដំបូង​នៅ​កម្ពុជា ដែល​នឹង​បម្រើ​សេវាកម្ម​ប្រកបដោយ​គុណ​តម្លៃ​ដល់​អតិថិជន​ទាំង​ផ្នែក​នាំចេញ និង​នាំចូល ថែមទាំង​នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ និង​ប្រយោល​ដល់​កសិករ​កម្ពុជា ព្រមទាំង​អ្នកប្រើប្រាស់​រាប់ពាន់នាក់​ផងដែរ​»​។​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) គាំទ្រ​មូលនិធិ​ដល់​ក្រុមហ៊ុន ខ្មែរ ខូ​ល ឆេន ឯ​.​ក តាមរយៈ​គម្រោង​ប្រព័ន្ធ​ទីផ្សារ និង​ភាពជា​ដៃគូ ឬ Feed the Future Market Systems and Partnerships(MSP)Activity ដែល​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់ USAID ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​ទុកដាក់​ត្រជាក់ និង​ភ័ស្តុភារ​សម្រាប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​

លោក ហ៊ឺ បា​វី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០២២ សម្រាប់​ការសាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់ នឹង​ជូនដំណឹង​ដល់​សាធារណជន ពាណិជ្ជករ​និង​វិនិយោគិន​ថា កំពង់ផែ​របស់​លោក មាន​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់ ដើម្បី​បម្រើ​ដល់​ពួកគេ​។​

លោក​ថ្លែងថា​៖ «PPAP បានសម្រេច​ចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន​Khmer Cool Chain សម្រាប់​ការសាងសង់​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ ដោយសារ PPAP ចាំបាច់​ត្រូវមាន​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​បែបនេះ ដើម្បី​បម្រើ​សាធារណជន ជាពិសេស​វា​នឹង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​តាមរយៈ​ការលើកកម្ពស់​វិស័យ​ឡូ​ជី​ស្ទិ​កនៅ​ក្នុងប្រទេស​កម្ពុជា​»​។​

លោក​ ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នេះ បានឱ្យដឹងថា  ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ដែល​ត្រូវតែមាន ឬ​សាងសង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ក្នុងប្រទេស ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​លោក​លើកឡើងថា​៖ «​ថ្ងៃនេះ យើង​បាន​មើលឃើញ​ពី​ការបើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ដែល​អាច​គ្រប់គ្រង​បាន ២៥ ភាគរយ​នៃ​សមត្ថភាព​ស្ដុក​ទំនិញ​សរុប​នៅក្នុង​ប្រទេស​។ យើង​ពិតជា​កោតសរសើរ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដែលមាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​របស់​យើង​ក្នុងការ​វិនិយោគ​លើ​ស្ថានីយ​ផ្ទេរ​ទំនិញ និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​នៅថ្ងៃនេះ​»​។​

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​កម្ពុជា តែឯង​មិនអាច​ផ្តល់នូវ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​សម្រាប់​ប្រទេស​នេះ​ទេ​។ យើង​ត្រូវការ​វិស័យ​ឯកជន​។ យើង​ត្រូវការ​ដៃគូ​សន្ទនា​។ យើង​ត្រូវការ​វិស័យ​ឯកជន​ដើម្បី​ក្លាយជា​ដៃគូ​របស់​យើង​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តម្រូវការ​ទាំងមូល​ក្នុងប្រទេស​កម្ពុជា​»​។​

យោងតាម​ការសិក្សា​លទ្ធភាព​របស់​គម្រោង​នេះ សមត្ថភាព​បន្ថែម ១៤០ ០០០ ម៉ែត្រគុប ​ត្រូវតែ​បន្ថែម​លើ​បរិមាណ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ដែលមាន​ស្រាប់​របស់​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់ខ្លួន​ត្រឹម​ឆ្នាំ​២០៣០​។ ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​របស់​ក្រុមហ៊ុន Khmer Cold Chain ថ្មី​នេះ នឹង​ផ្គត់ផ្គង់ ៣៦ ២០៥ ម៉ែត្រគុប ដែល​បំពេញ​ជាង ២៥​ភាគរយ​នៃ​គម្លាត​បច្ចុប្បន្ន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​នេះ​។​

លោក​បន្តថា​៖ «​នៅ InfraCo Asia យើង​មាន​មោទនភាព​ក្នុង​ការជួយ​ធ្វើឱ្យមាន​វឌ្ឍនភាព​ឆ្ពោះទៅរក​ការ​ភ្ជិត​គម្លាត​នេះ ហើយ​សង្ឃឹមថា​គម្រោង​នេះ នឹង​បម្រើ​ជា​កាតាលីករ​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​ក្នុង​វិស័យនេះ​»៕