​ភ្នំពេញ​: ទោះបី​ការគំរាមកំហែង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ត្រូវ​រលាយបាត់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល គឺ​នៅតែ​បន្ត​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ទៅដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ជាក់​ស្តែង​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា ក្នុង​ឆ្នាំ​ ២០២៣ កន្លងមក​សម្រេចបាន​ជាង ៩៤០​ លាន​ដុល្លារ ធ្លាក់ចុះ​ជិត ២០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​បើតាម GDCE បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ នាំចូល​ទំនិញ​រវាង​កម្ពុជា និង​កាណាដា មាន​ទឹកប្រាក់​សរុប ៩៤០,៤៩​ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៥​ ភាគ​រយ​បើ​ធៀប​ឆ្នាំ​២០២២ ដែលមាន ១,១៥​ ពាន់​លាន​ដុល្លារ​។  ប្រទេស​កាណាដា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី ​៨ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់​។ ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​កាណាដា មាន​ចំនួន ៨៦៩,៥៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៤​ ភាគរយ ចំណែក​ទំនិញ​កាណាដា​នាំមក​កម្ពុជា ចំនួន ៧០,៩៥​ លាន​ដុល្លារ កើនឡើង ១០៩,៤​ ភាគរយ​។ តាមរយៈ​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព ៧៩៨,៥៩ ​លាន​ដុល្លារ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមករា​ថា ការធ្លាក់ចុះ​ទឹកប្រាក់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ពិសេស​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា គឺ​ដោយសារ​សេដ្ឋកិច្ចពិភពលោក​មិនសូវមាន​សម្ទុះ​ល្អ​ក្នុង​ឆ្នាំ ​២០២៣ ដែល​ជំរុញ​ឱ្យ​ការបញ្ជាទិញ​ទំនិញ​ពី​ប្រទេស​កាណាដា ធ្លាក់ចុះ ខណៈ​សមត្ថភាព​ផលិតកម្ម​កម្ពុជា​នៅ​បន្ត​បោះ​​ជំហាន​ទៅមុខ​ជាធម្មតា​។

លោក​អះអាងថា​៖«​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​សកល​ដែល​កើតជា​បន្តបន្ទាប់​នា​អំឡុង​ឆ្នាំ​ ២០២០-២០២៣ បានធ្វើឱ្យ​ចរន្ត​នៃ​ការនាំ​​ចេញ​-​នាំចូល​ទំនិញ​ទៅ​ស្ទើរ​គ្រប់​គោលដៅ​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ទំនិញ​របស់​កម្ពុជា គឺ​មិនមែន​មានន័យថា គុណភាព​ទំនិញ​កម្ពុជា​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​នោះទេ ប៉ុន្តែ​ដោយសារ​ការបញ្ជាទិញ​ធ្លាក់ចុះ​។ ស្ថាន​ភាព​នេះ​នឹង​ល្អ​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​រឹងមាំ​»​។​


​លោក​ប្រាប់ទៀតថា ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទាក់ទាញ​វិ​និ​យោ​គិ​ន​កាណាដា​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន កាលពី​ឆ្នាំ​ ២០២២ សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​​តូ​រ៉ុ​ន​តូ ​(​ប្រទេស​កាណាដា​) ដែល​កា​រិ​យា​​ល័យ​តំណាង​នេះ មាន​តួនាទី​ជួយ​ផ្សព្វ​​ផ្សាយ​ផលិតផល​កម្ពុជា និង​ផ្តល់ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​បើតាម​លោក លឹម ហេង ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាណាដា មានដូចជា ផលិត​ផល​សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី និង​កង់ ជាដើម​។ ចំណែក​ទំនិញ​កាណាដា នាំ​ចូលមក​កម្ពុជា ភាគច្រើន​ជា​គ្រឿង​អេឡិចត្រូនិក និង​រថយន្ត ជាដើម​។​

​បើតាម​តារាង​ស្ថានភាព​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ប្រទេស​កាណាដា ស្ថិតនៅ​លេខ​រៀង​ទី ​៩ ជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ទឹកប្រាក់ ១,១ ​ពាន់​លាន​ដុល្លារ (​ស្មើ ២,៨​ ភាគរយ​) ក្នុងចំណោម​ទុនវិនិយោគ​សរុប ៤១ ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​, កូរ៉េ​, សិង្ហ​បុរី​, វៀតណាម​, ជប៉ុន​, ម៉ាឡេស៊ី​, ថៃ​, និង​ចក្រភព​អង់គ្លេស​៕