​ភ្នំពេញៈ ប្រទេស​កម្ពុជា​ បានក្លាយ​ជា​ប្រទេសមួយ​ក្នុង​តំបន់​ដែល​បាន​គ្រប់គ្រង​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ក្នុងស្រុក​មាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ​ដែលជា​កត្តា​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​​កិច្ច បើទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​សកល​បានធ្វើឱ្យ​តម្លៃ​រូបិយ​ប័ណ្ណ​នៅ​ប្រទេស​មួយចំនួន​មានការ​ធ្លាក់ចុះ​ខ្លាំង​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។​

​លោកស្រី ជា សិរី ទេ​សា​ភិ​បាល​នៃ​​ NBC បាន​ថ្លែង​ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ ២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤​ ថា កម្ពុជា​រក្សាបាន​តម្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ឱ្យមាន​ស្ថិរភាព​ល្អប្រសើរ ដោយមាន​អត្រា​ប្រែប្រួល​ទាប​ជាង ​២​ ភាគ​រយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ការ​ប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ​នៅ​ប្រទេស​មួយចំនួន ដូចជា​ប្រាក់​យ៉េន​ជប៉ុន​ធ្លាក់​ថ្លៃ​ ៩​ ភាគរយ យន់​ចិន​ធ្លាក់​ថ្លៃ ​៦,៧ ភាគរយ និង​គីប​ឡាវ​ធ្លាក់​ថ្លៃ​ ២៩,៨​ ភាគរយ ក្នុងស្ថានភាព​ដែល​ប្រាក់​ដុល្លារ​អាមេរិក​បាន​កើន​ឡើងថ្លៃ​ក្រោម​ឥទ្ធិពល​នៃ​ការដំឡើង និង​រក្សា​អត្រា​ការប្រាក់​គោល​ក្នុង​កម្រិត​ខ្ពស់​។​


​លោកស្រី​បាន​ថ្លែងថា​៖ «​ស្ថិរភាព​អត្រា​ប្តូរប្រាក់​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​វិនិយោគិន​គ្រប់គ្រង​សម្ពាធ​អតិផរណា​បាន​មួយផ្នែក ក៏ដូចជា​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ អត្រា​ប្តូរប្រាក់​ត្រូវបាន​សេដ្ឋវិទូ ចាត់ទុកជា​សូចនាករ​មួយ​បង្ហាញ​ពី​សុខភាព​សេដ្ឋកិច្ច ដូចដែល​អតីត​នាយក​គ្រប់គ្រង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោក Per Jacobson ធ្លាប់បាន​លើកឡើងថា ការលើកកម្ពស់​តម្លៃ​រូបិយវត្ថុ​ជាតិ​ឱ្យបាន​ល្អ ជា​ការងារ​អាទិភាព​នៃ​ការកសាង​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច ជាតិ​»​។​

​លោក​តូច ចៅ​ចេក អគ្គនាយក​​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន លើកឡើងថា ស្ថិរភាព​អត្រា​ប្តូរប្រាក់​បានធ្វើឱ្យ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្នុងស្រុក​មាន​លំនឹង និង​ផ្តល់​ភាព​ទុកចិត្ត​ដល់​វិនិយោគិន​បរទេស​មកលើ​កម្ពុជា​។


លោក​បាន​ថ្លែងថា​៖ «​ធនាគារជាតិ​បាន​ជំរុញ​ការប្រើប្រាស់​​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ ជា​ពិសេស​ការ​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​បញ្ចេញ​ឥណទាន​យ៉ាងហោចណាស់ ​១០ ភាគរយ​ជា​ប្រាក់រៀល​នៃ​ឥណទាន​សរុប ដែលជា​យន្តការ​មួយ​ក្នុងការ​រួមចំណែក​ការប្រើប្រាស់​រូបិយ​បណ្ណ​ជាតិ​ក្នុង​សេដ្ឋកិច្ច​។ ធនាគារ​របស់ខ្ញុំ​ក៏បាន​បញ្ចេញ​ឥណទាន​ជា​ប្រាក់រៀល​ជាង ​១០ ​ភាគរយ​ផងដែរ​នាពេល​បច្ចុប្បន្ន​»​។​

​បើតាម លោកស្រី ជា សិរី ការរក្សា បាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក ជា​ចម្បង​អាស្រ័យ​ដោយ​ការអនុវត្ត​នយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន តាមរយៈ​ការគ្រប់គ្រង​ចរាចរណ៍​ប្រាក់រៀល​សមស្រប និង​ការធ្វើអន្តរាគមន៍​លក់​ប្រាក់​ដុល្លារ​អាមេរិក​នៅលើ​ទីផ្សារ​ប្តូរប្រាក់​តាម​ការចាំបាច់​។​

​លោកស្រី​ថ្លែងបន្តថា ការងារ​នេះ​អាច​សម្រេច​ទៅបាន ដោយសារ​ការរក្សាបាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​នៃ​ទុនបម្រុង​អន្តរជាតិ ដែល​បាន​កើន​ឡើងដល់​ប្រមាណ ​២០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​កើនឡើង​ ១២,៣ ​ភាគ​​រយ​ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ស្មើនឹង​ជាង ​៧​ ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា​នាគ្រា​បន្ទាន់​។​

​លោកស្រី​បាន​គូសបញ្ជាក់​ទៀតថា​៖ «​ត្រង់នេះ​ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ភាពមិនច្បាស់លាស់​នៃ​ទីផ្សារ​ហិរញ្ញ​វត្ថុ​អន្តរជាតិ និង​ការរក្សា​កម្រិត​ខ្ពស់​នៃ​អត្រា​ការប្រាក់​គោល​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​បាន​បណ្តាលឱ្យ​ទុនបម្រុង​អន្តរជាតិ​របស់​ធនាគា​រ​កណ្តាល​មួយចំនួន​ថយចុះ​គួរឱ្យកត់សម្គាល់​។ យើង​ក៏មាន​មោទនភាព​ផងដែរ ដែល​ប្រព័ន្ធ​ធនាគារ​កម្ពុជា​បន្ត​មាន​ស្ថិរភាព​យ៉ាងរឹងមាំ​ក្នុងស្ថានភាព​ដែល​នៅ​បណ្តា​ប្រទេស​មួយចំនួន មានការ​ដួលរលំ​គ្រឹះស្ថាន​ធនាគារ ដូចជា​នៅ​សហរដ្ឋអាមេរិក និង​ស្វ៊ី​ស ដែល​បាន​បង្ក​ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​សកល​»​។​

​លោក ស្រ៊ុន សុភ័ក្ត្រ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​កន្លងមក​ថា ប្រទេស​​កម្ពុ​ជា មាន​បញ្ហា​ពិសេស​មួយ​គឺ​ការ​​ប្រើ​រូបិយប័ណ្ណ​ ២ គឺ​ប្រាក់រៀល និង​ដុល្លារ​អាមេរិក ដំណើរការ​ស្របគ្នា​ក្នុង​ចរន្ត​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម អស់​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍​មកហើយ​។​

​លោក​ថា សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​ប្រាក់​ដុល្លារ​ជា​បន្ត អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ដាក់ចេញ​គោ​លន​យោ​បាយ​រូបិយវត្ថុ​ដែលមាន​មូលដ្ឋាន​ទូលំ​ទូលាយ ខណៈដែល​ជោគវាសនា​របស់​ប្រាក់​ដុល្លារ​ពឹងផ្អែក​លើ​ធនាគារ​កណ្តាល​អាមេរិក​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​អាចជា​ពេលវេលា​អំណោយផល​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​ប្រាក់រៀល​ក្នុង​របៀបវារៈ​របស់រ​ដ្ឋា​ភិ​បាល ខណៈដែល​ប៉ារ៉ាម៉ែត្រ​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា​បង្ហាញថា​ទីផ្សារ​បច្ចុប្បន្ន គឺ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​រូបិយប័ណ្ណ​ជាតិ​ដើម្បី​ធ្វើជា​មធ្យោបាយ​ចម្បង​ក្នុងការ​ទូទាត់​»​។​

​លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​កម្ពុជា​ប្រើប្រាស់​តែ​ប្រាក់រៀល ធនាគារ​កណ្តាល​មានអំណាច​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូចជា​បន្ថយ​តម្លៃ​រូបិយវត្ថុ​ដើម្បី​ជំរុញ​ការនាំ​​ចេញ​, ការកែតម្រូវ​អត្រា​ការប្រាក់​គោល ដើម្បី​ជំរុញ​ការវិនិយោគ​, លទ្ធភាព​ដោះស្រាយ​វិបត្តិ និង​ជា​អ្នកផ្តល់​ការ​ទ្រទ្រង់​សន្ទនីយ​ភាព​បន្ទាន់​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​»​។​

​បើតាម​លោកស្រី ជា សិរី តម្រូវការ​ប្រាក់រៀល​បាន​កើន​ឡើងជា​លំដាប់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ប្រាក់រៀល​ក្នុង​ចរាចរណ៍​ជាមួយ​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ ១៦,៦ ​ភាគ​រយ ពី​ប្រមាណ ៣៥៦ ​ប៊ី​លាន​រៀល​នៅ​ឆ្នាំ​ ១៩៩៨ រហូតដល់​ ១៤,១ ទ្រី​លាន​រៀល​នៅ​ឆ្នាំ ​២០២២៕