​ភ្នំពេញៈ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME)​ គឺជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្ត​ទុក​ដាក់​ខ្លាំង និង​ព្យាយាម​ទាក់ទាញ​អ្នក​​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន ខណៈ​វិស័យនេះ​កំពុង​ចូលរួមចំណែក​ក្នុង​ការជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI)​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​វេទិកា​ពិភាក្សា ​«​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍​» ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង ក្រោម​កិច្ចសហការ​ជា​​មួយ​ក្លិប​អ្នកកាសែត​កម្ពុជា ​(CCJ) កាល​ពី​រសៀល​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០២៤ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម ​វណ្ណឌី បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​បាននិងកំពុង​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​ជំរុញ និង​លើក​​កម្ពស់​ផលិតកម្ម​ក្នុងស្រុក តាមរយៈ​ការ​ជំរុញ​ចង្វាក់​ផលិតកម្ម​កែច្នៃ​ដើម្បី​កាត់​បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​ជា​ពិសេស​លើកកម្ពស់​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​


​លោក​ប្រាប់ទៀតថា ចំនួន​រោងចក្រ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០២៣ មាន​ចំនួន​ ២ ១២៥ ក្នុងនោះ ២៤១ គឺជា​រោងចក្រ​ថ្មី​ដែល​ចុះបញ្ជី​ក្នុង​ឆ្នាំ​ ២០២៣​។​

​លោក​បន្តថា មូលហេតុ​ដែលនាំឱ្យ​ចំនួន​រោងចក្រ​/​សហគ្រាស​ចុះបញ្ជី​នៅ​ក្រសួង និង​បើក​ដំណើរការ​នៅ​កម្ពុជា​កាន់​តែ​ច្រើន គឺ​ដោយសារ​កត្តា​ស្ថិរភាព​ន​យោ​បាយ អត្រាកំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ជាក់ស្តែង​បន្ទាប់ពី​ការ​ត្រឡប់មកវិញ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ កាលពីពេល​ថ្មីៗ​នេះ គឺ​គេ​សង្កេតឃើញ​មាន​វិនិយោគិន​ជប៉ុន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ក្នុងការ​មក​បង្កើត​តំបន់ឧស្សាហកម្ម​នៅ​កម្ពុជា​។ ចំណុច​ទាំងអស់នោះ គឺជា​សុទិដ្ឋិនិយម​មួយ​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សហ​​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​


​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា តាម​រយៈ​ការជួយជ្រោមជ្រែង និង​ការខិតខំ គឺ​វិនិយោគិន​នឹងមាន​ការទុកចិត្ត​ច្រើន មានការ​ចាប់អារម្មណ៍​ច្រើន​នៅ​កម្ពុជា ជា​​ពិសេស​នៅក្នុង​អាណត្តិ​ដែលមាន​សម្តេច​មហា​បវ​រ​ធិបតី​ដឹកនាំ​នេះ​»​។​

​យោងតាម​លោក​រដ្ឋមន្ត្រី​ចំណុច​ចម្បង​ដែល​នឹង​ជួយ​ឱ្យ​ផលិតកម្ម​របស់ SME នៅ​កម្ពុជា​អាច​បោះជំហាន​ទៅមុខ​កាន់តែ​លឿន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​ជាមួយ​ផលិតផល​នាំចូល និង​បង្កើន​សមត្ថភាព​នាំចេញ​គឺ​ការ​រួមគ្នា​បង្កើតជា​ក្រុម សមាគម សហគមន៍ ឬ​សហព័ន្ធ ព្រោះ​វា​នឹង​ជួយ​ឱ្យកម្លាំង​ផលិត​កាន់តែខ្លាំង និង​មាន​ស្តង់ដា​គុណភាព​រួមគ្នា​, បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​, ពលកម្ម​ជំ​នា​ញ​។​

​ការរីកចម្រើន​ចង្វាក់​ផលិតកម្ម​របស់ SME សំខាន់​ណាស់​សម្រាប់​កម្ពុជា​

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមករាថា វិស័យ​សហ​គ្រាស​ធុន​តូច និង​មធ្យម គឺជា​សសរ​គ្រឹះ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កំពុងអភិវឌ្ឍន៍ ព្រោះ SME គឺ​រាប់បញ្ចូល​ទាំង​ការផលិត​ទំនិញ ឬ​ផលិតផល​សម្រាប់​កា​ររ​ស់​នៅ​ប្រចាំថ្ងៃ​ដូចជា ចំណីអាហារ ទំនិញប្រើប្រាស់ ផលិតផល​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ទំនិញ​កែច្នៃ​មួយចំនួន​។​

​នៅពេល​វិស័យ SME មានដំណើរ​ការល្អ វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការបង្កើត​ការងារ និង​ប្រាក់ចំណូល​បុគ្គល គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​លើកកម្ពស់​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ពី​ការ​​ផលិត​ទំនិញ​តូចៗ ឱ្យទៅជា​ការផលិត​បែប​ឧស្សាហកម្ម និង​ប្រើប្រាស់​បច្ចេក​ទេស​ទំនើបៗ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ​ការ​​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​លើ​វិស័យ SME នឹង​ជួយ​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​រីកលូតលាស់​ទៅមុខ​កាន់តែ​លឿន ជាពិសេស​វា​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផលិតផល​ពាក់​កណ្តាល​សម្រេច និង​ផលិតផល​សម្រេច ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​នាពេល​អនាគត​»​។​

​លោក​បាន​បន្ថែមថា ទោះយ៉ាងណា​ការលើកកម្ពស់​វិស័យ SME គឺ​ត្រូវ​ការចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត​ពី​សំណាក់​ម្ចាស់​រោងចក្រ និង​អាជីវកម្ម​ទាំងអស់ ដើម្បី​ធ្វើឱ្យមាន​គុណភាព​កាន់តែ​ល្អ មាន​ថ្លៃដើម​កាន់តែ​ទាប និង​មាន​ទីផ្សារ​កាន់តែ​ធំ​។​

​វិនិយោគិន​បរទេស រួមទាំង​ជប៉ុន បង្ហាញ​ការចាប់អារម្មណ៍​កាន់តែច្រើន​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​​ណែ​ត ក្នុង​ដំណើរ​ទស្សនកិច្ច ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី៥០ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ លោក​ក៏បាន​ចូលរួម​ក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​ ២០២៣​។ នៅក្នុង​ឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ចំណុច​អាទិភាព​ជាច្រើន​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​ជប៉ុន​ក្នុងការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា និង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅពេល​មានការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​សំណាក់​វិនិយោគិន​ជប៉ុន គឺ​ពិតណាស់​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ជាក់ស្តែង​ដោយសារ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុ​ជាមាន​ម្ចាស់​ភាគច្រើន​ជា​ជន​ជាតិចិន ដូច្នេះ​វិនិយោគិន​ចិន​ក៏​ចូលមក​បើក​រោងចក្រ​នៅ​កម្ពុជា​ច្រើនជាងគេ​ដែរ​។​

​លោក​បន្តថា​៖ «​បើ​ក្រុមហ៊ុន​ជប៉ុន​ល្បីៗ​មក​បើក​រោងចក្រ​ផ្ទាល់​នៅ​កម្ពុជានោះ គឺ​វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​គុណភាព​ផលិតផល​ប្រើប្រាស់​នៅ​កម្ពុជា​កាន់តែ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»៕