​ការនាំចេញ​សរុប​ពី​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យា​ល់ គ្រុប ភ្នំពេញ ​(RGPPSEZ) ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា សម្រេចបាន ១,៦២១ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០២៣ ដែល​បង្ហាញ​កំណត់ត្រា​កំណើន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ចាប់តាំងពី​បាន​ដំណើរការ​ជិត ១៨​ ឆ្នាំ កន្លងមក​។​

យោងតាម​របាយការណ៍​របស់ខ្លួន តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៦ ក្នុង​គោលបំណង​បង្កើត​ទីតាំង​ដំបូង​មួយ សម្រាប់​ក្រុមហ៊ុន​ផលិត​មកពី​ឧស្សាហកម្ម​ផ្សេងៗ​ និង​ដើម្បី​បង្កើត​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។ តម្លៃ​នៃ​ការនាំចេញ​បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ ពោលគឺ ពី​តម្លៃ ៣១៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដល់ ៦៨៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។ 


ចំនួន​នោះបាន​កើនឡើង​ទ្វេដង​ម្តងទៀត​ក្នុង​រយៈពេល​ត្រឹមតែ ​១​ ឆ្នាំ ​បន្ទាប់​ប៉ុណ្ណោះ គឺ​កើន​ដល់ ១ ៣៤៦ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ហើយ​នៅ​ឆ្នាំ​២០២៣ បានឃើញ​តម្លៃ​នាំចេញ​ខ្ពស់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការកកើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ជាមួយនឹង​តួលេខ ១ ៦២១ លាន​ដុល្លារ​។​

លោក Hiroshi Uematsu​ អគ្គនាយក RGPPSEZ បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​និង​កំណើន​ដ៏​សំខាន់​នេះ​បានបង្ហាញ​ឱ្យឃើញ​ផងដែរ​នៅក្នុង​តម្លៃ​នៃ​ការនាំចេញ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ទៅកាន់​ទីផ្សារ​ពិភពលោក ។ យើងខ្ញុំ​មាន​មោទនភាព​បំផុត ដែល​បានរួម​ចំណែក​ដល់ ៧ ភាគរយ​ក្នុងតម្លៃ​នាំចេញ​សរុប​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​»​។ 


​លោក​លើកឡើងថា​៖ «​ការកើនឡើង​យ៉ាងខ្លាំង​នេះ បានកើត​ឡើង បើទោះបីជា​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដ៏​សែន​អាក្រក់​ក៏ដោយ​។ ការណ៍​នេះ​គឺ​ដោយសារ​ការពង្រីក និង​ការរីកចម្រើន​ជា​លំដាប់​នៃ​ផលិតកម្ម​របស់​អ្នកវិនិយោគ​ទាំងអស់ ជាពិសេស​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក និង​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​»​។​

លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បានឱ្យដឹងថា ជាមួយនឹង​កំណើន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ កំពុង​ឆ្លុះបញ្ចាំង​ពី​ផលិតកម្ម​ក្នុងស្រុក​របស់​ប្រទេស​នេះ​នៅតែមាន​ភាពរឹងមាំ​កាលពី​ឆ្នាំមុន បើទោះបីជា​វា​ត្រូវបាន​រង​ផលប៉ះពាល់​ផ្នែក​ខ្លះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ​។

​លោក​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា មាន​ក្រុមហ៊ុន​ជាច្រើន​កំពុងបើក​រោងចក្រ​រប​ស់​ខ្លួន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​ជាធម្មតា​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តល់​សេវា​ងាយស្រួល​លើ​នីតិវិធី​នាំចេញ ឬ​នាំចូល​។ ការកើនឡើង​ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បញ្ជាក់ថា ពួកគេ​បាន​ទាក់ទាញ​វិនិយោគិន​ជាច្រើន​មក​បង្កើត​រោងចក្រ​នៅ​ទីនោះ​»​។​

យោងតាម​ទិន្នន័យ​របស់ RGPPSEZ តម្លៃ​នៃ​ការនាំ​ចេញពី​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក​បាន​កើនឡើង ៧១ ភាគរយ ពី ២៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់ ៣៩៩ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២៣ ហើយ​តួលេខ​ពី​វិស័យ​គ្រឿង​បង្គុំ​រថយន្ត​វិញ បាន​កើនឡើង​កាន់តែច្រើន គឺ ១៥៦ ភាគរយ ពី​តម្លៃ ១១៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដល់ ២៨៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣​។​

លោក Hiroshi បាន​លើកឡើងថា អស់​រយៈពេល​ជិត ១៨ ​ឆ្នាំ​ បាន​កន្លងផុតទៅ ឥឡូវនេះ ​យើងខ្ញុំ​ពិត​ជាមាន​មោទនភាព​ក្រៃលែង ដែល​បានឃើញ​តំបន់​នេះ មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ដោយមាន​ក្រុមហ៊ុន​ផលិតកម្ម​ចំនួន ៨៦ មកពី ១៤ ប្រទេស​​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ចំនួន ៤៣ ៨០០​ នាក់ និង​ជនបរទេស​ចំនួន ៧២០​ នាក់ ​នៅក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​របស់​ប្រទេស​កម្ពុជា​។​

លោក​បន្ថែមថា​៖ «​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស តួលេខ​ខាងលើនេះ​ផ្តល់ឱ្យ​យើង​នូវ​ថាមពល​កាន់តែច្រើន ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ផ្តល់នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ ដ៏​ល្អ​បំផុត​សម្រាប់​អ្នកវិនិយោគ​កម្ពុជា និង​អន្តរ​ជាតិ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​អាជីវកម្ម​របស់​អ្នកវិនិយោគ ក៏ដូចជា​សេដ្ឋកិច្ចជាតិ និង​ការរួមចំណែក​ដល់​ឧស្សាហូប​នីយ​កម្ម​​របស់​ប្រទេស​ផងដែរ​»​។​

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បានចេញ​ផ្សាយ​ទិន្នន័យ​កាលពី​ថ្ងៃទី​១០ ខែមករា ដែល​បង្ហាញថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ លើសពី ២២,៦៥ ពាន់​លាន​ដុល្លារ កើនឡើង ១,៨​ ភាគរយ​ពី ២ ២២៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។​

ការនាំ​ចូល​មាន​ចំនួន ២ ៤,១៨ ពាន់​លាន​ដុល្លារ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ ៥ ភាគរយ​ពី ២ ៥៤៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។​

សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣​សម្រេចបាន ៤៦,៨៣ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច ១,៩ ភាគរយ ពី ៤ ៧៧១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​។​

​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់​។ នេះ​បើ​យោងតាម GDCE៕

រូប សហការី