ភ្នំពេញៈ កម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ២២០ តោនទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៣ កើនឡើងជាង ១០០ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈអ្នកនៅក្នុងផលិតកម្មបន្លែប្រាប់ថា ទោះការនាំចេញកើនឡើង ប៉ុន្តែការនាំចូលបន្លែចម្រុះពីប្រទេសជិតខាងក៏កើតមានច្រើនផងដែរ។
របាយការណ៍ប្រចាំឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ ២០២៣ កម្ពុជានាំចេញកសិផលសរុប ៨ ៤៤៩ ៤១៤,៣៦ តោនធ្លាក់ចុះ ១,៩ ភាគរយធៀបនឹងឆ្នាំ ២០២២ ក្នុងនោះនាំចេញបន្លែចម្រុះ ២២០,២១ តោន កើនឡើង ១០៦,០៧ ភាគរយ។
ទោះយ៉ាងណារបាយការណ៍មិនបានបង្ហាញចំនួនទឹកប្រាក់ដែលទទួលបានពីការនាំចេញបន្លែចម្រុះ ក្នុងឆ្នាំ ២០២៣ ឡើយ ដោយគ្រាន់តែបង្ហាញថា ការនាំចេញកសិផលក្រៅពីស្រូវអង្ករ (ដំឡូងមី, ស្វាយចន្ទី, សណ្តែក, ស្វាយ, ចេក, មៀន, ដូងប្រេង ... និងម្រេច) គឺមានតម្លៃសរុប ២,៨ ពាន់លានដុល្លារ។
អនុប្រធានសមាគមសុវត្ថិភាពបន្លែ ត្រី សាច់ លោក សុខ យ៉ន បាននិយាយថា វិធានការពង្រឹងសន្តិសុខស្បៀងក្នុងប្រទេស និងជំរុញការនាំចេញរបស់រដ្ឋាភិបាល បានជួយលើកកម្ពស់សកម្មភាពដាំដុះក្នុងវិស័យកសិកម្មនៅកម្ពុជាបាន ១ កម្រិត។ ជាការល្អបើកម្ពុជាអាចជំរុញការដាំដុះ និងអាចពង្រីកទីផ្សារក្នុងស្រុកកាន់តែធំ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចូលបន្លែចម្រុះជាច្រើនតោនជារៀងរាល់ថ្ងៃពីប្រទេសជិតខាង។
លោកនិយាយថា៖ «កំណើននៃការនាំចេញបន្លែទៅទីផ្សារអន្តរជាតិ គឺជាការល្អ ព្រោះផលិតផលទាំងអស់នោះគឺសុទ្ធតែមានគុណភាពកម្រិតស្តង់ដា»។
ទោះជាយ៉ាងណាលោកក៏បានស្នើឱ្យអាជ្ញាធរតាមព្រំដែនធ្វើការត្រួតពិនិត្យលើគុណភាព និងប្រភពនៃផលិតផលបន្លែដែលក្រុមឈ្មួញនាំចូលកម្ពុជាឱ្យបានហ្មត់ចត់ផងដែរ ដើម្បីជួយការពារសុខភាពអ្នកបរិភោគកម្ពុជា។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ផ្គត់ផ្គង់បន្លែ និងផ្លែឈើ ធ្លាប់បានប្រាប់ថា ការនាំចេញបន្លែចម្រុះ ជាប្រភេទបន្លែគ្រឿងទេស មានដូចជា ប្រភេទជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើមដែលសុទ្ធតែជាប្រភេទបន្លែមានតម្លៃខ្ពស់ និងងាយស្រួលដឹកជញ្ជូនទៅក្រៅប្រទេស។
លោកបន្តថា ក្រុមហ៊ុនលោកបាននាំចេញសាកល្បងប្រភេទបន្លែគ្រឿងទេសនេះទៅប្រទេសកូរ៉េរួចហើយ គឺឃើញថា ទទួលបានការចាប់អារម្មណ៍ពីអតិថិជនក្នុងប្រទេសនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងសិក្សាដើម្បីនាំទៅប្រទេសក្នុងតំបន់អឺរ៉ុប។
លោកអះអាងថា៖ «បច្ចុប្បន្នយើងមិនទាន់អាចនាំចេញបន្លែណាផ្សេងបានក្រៅពីប្រភេទបន្លែគ្រឿងទេសដែលមានដូចជា ប្រភេទជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើមបានទេ ដោយសារតែបន្លែប្រភេទនេះមានតម្រូវការខ្ពស់ ជាប្រភេទបន្លែមានតម្លៃនៅទីផ្សារអន្តរជាតិ ងាយស្រួលទុកដាក់ និងដឹកជញ្ជូន។ រីឯបន្លែផ្សេងទៀតដូចជាបន្លែស្លឹក បន្លែដើម ឬមើមជាដើមយើងមិនអាចនាំចេញទៅបានទេ ព្រោះបន្លែប្រភេទនេះមិនសូវមានតម្លៃនៅលើទីផ្សារ»។
បើតាមលោក ហ៊ុន ឡាក់ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងយកចិត្តទុកដាក់ និងប្រឹងប្រែងផលិតបន្លែផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានតាមតម្រូវការសិន ព្រោះថា កំណើននៃតម្រូវការបន្លែសុវត្ថិភាពសម្រាប់បរិភោគមានការកើនឡើង ដែលតម្រូវឱ្យក្រុមហ៊ុនពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ និងដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពតាមបណ្តាខេត្តមួយចំនួនដូចជា កណ្តាល កំពង់ចាម និងមណ្ឌលគិរីជាដើម៕