ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់ជាច្រើនដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និងភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ការណ៍នេះសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅក្នុងឆ្នាំ ២០២៤ នេះ។
ការថ្លែងរបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងកម្មវិធីបិទអង្គសន្និបាតប្រចាំឆ្នាំ ២០២៣ កាលពីចុងសប្តាហ៍មុន ដោយលោកស្រីអះអាងថា ចំពោះទស្សនវិស័យឆ្នាំ ២០២៤ គឺសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមទៅនឹងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ។
លោកស្រីថ្លែងថា៖ «លំហូរមូលធនអាចនឹងមានការប្រែប្រួលតាមល្បឿននៃការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ និងអាចនាំឱ្យមានភាពមិនច្បាស់លាស់លើលំហូរវិនិយោគ និងសម្ពាធលើអត្រាប្តូរប្រាក់។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាអាចបន្តប្រឈមនឹងហានិភ័យខាងក្រៅខ្ពស់។
លោកស្រីថ្លែងថា៖ «ទោះបីប្រឈមនឹងបញ្ហាទាំងនេះ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅក្នុងឆ្នាំ ២០២៤ ដែលរួមចំណែកជាចម្បងដោយការបន្តកើនឡើងនៃវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ និងការងើបឡើងនៃវិស័យកម្មន្តសាល ស្របពេលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យមានកំណើនទាប»។
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង ៦,២ ភាគរយនៅឆ្នាំនេះ គឺកើនឡើងខ្លាំងពីចំនួន ៥,៣ ភាគរយកាលពីឆ្នាំ ២០២៣។
ចំណែកអត្រាអតិផរណានឹងកើនឡើងពី ២,៦ ភាគរយ កាលពីឆ្នាំ ២០២៣ ដល់ ៣,១ ភាគរយនៅឆ្នាំនេះ។ AMRO ឱ្យដឹងទៀតថា សម្ពាធតម្លៃបន្តធ្លាក់ចុះនៅទូទាំងប្រទេសជាសមាជិកដោយឆ្លុះបញ្ចាំងពីនិន្នាការតម្លៃទំនិញសកល។ អតិផរណានៅក្នុងតំបន់អាស៊ាន+៣ ដោយមិនរាប់បញ្ចូលប្រទេសឡាវ និងមីយ៉ាន់ម៉ា ត្រូវបានគេព្យាករថា នឹងមានកម្រិតមធ្យមមកត្រឹមចំនួន ២,៦ ភាគរយនៅក្នុងឆ្នាំ ២០២៤ នេះ។
ទោះយ៉ាងណា ហានិភ័យនឹងកើនឡើងដោយសារតែអតិផរណានៅតែសំខាន់ ហើយអតិផរណាស្នូលនៅតែបន្តមានកម្រិតខ្ពស់នៅក្នុងប្រទេសជាច្រើនលើពិភពលោក។
ប្រធានសេដ្ឋវិទូរបស់ AMRO លោក Hoe Ee Khor បានប្រាប់ឱ្យដឹងថា៖ «ការស្ទុះងើបឡើងវិញនៃវដ្តបច្ចេកវិទ្យាសកលកំពុងចាប់ផ្តើមបង្ហាញអំពីប្រតិបត្តិការនាំចេញក្នុងតំបន់ ជាពិសេសសម្រាប់គ្រឿងអេឡិចត្រូនិក»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែការនាំចេញដែលមិនមែនជាបច្ចេកវិទ្យាគឺមានភាពយឺតយ៉ាវបើនិយាយអំពីការស្ទុះងើបឡើងវិញ ដែលជាមូលហេតុនៃការស្ទង់មតិផ្នែកផលិតកម្មនាពេលថ្មីៗនេះមានភាពចម្រុះគ្នា»។
លោកបញ្ជាក់ថា៖ «ការកើនឡើងតម្លៃទំនិញសកលនៅតែជាហានិភ័យដ៏សំខាន់ចំពោះកំណើនសេដ្ឋកិច្ច។ យើងនៅតែមិនអាចបដិសេធការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាមេរិកឡើយ។ ការឈានទៅរកការបោះឆ្នោតនៅអាមេរិកនៅចុងឆ្នាំ ២០២៤ ក៏អាចធ្វើឱ្យមានភាពមិនច្បាស់លាស់ផ្នែកគោលនយោបាយ និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុផងដែរ»។
បើតាមលោកស្រី ជា សិរី កម្ពុជាក៏នឹងប្រឈមហានិភ័យខាងក្នុងរួមមាន ការងើបឡើងទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះតម្រូវការក្នុងវិស័យអចលនទ្រព្យ ដែលជាចម្បងដោយសារវិបត្តិក្នុងវិស័យអចលនទ្រព្យ និងការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចនៅប្រទេសចិនដែលជាប្រទេសវិនិយោគដ៏ធំមួយសម្រាប់កម្ពុជា។ លំហូរទាបនៃការវិនិយោគបរទេសទៅកាន់វិស័យអចលនទ្រព្យ នឹងនាំឱ្យថយចុះប្រភពចំណូលមួយគាំទ្រដល់តម្រូវការអចលនទ្រព្យក្នុងស្រុកផងដែរ។
លោកស្រីបានថ្លែងថា៖ «ពិតមែនតែចំនួនភ្ញៀវទេសចរបានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែការចំណាយរបស់ភ្ញៀវទេសចរជាមធ្យម ត្រូវបានប៉ាន់ស្មានថាមានកម្រិតទាបជាងមុនពេលវិបត្តិកូវីដ ១៩ ដោយសារតែភាគច្រើននៃភ្ញៀវទេសចរ គឺបានចូលមកកម្ពុជាតាមផ្លូវគោក ពីប្រទេសជិតខាងដែលការស្នាក់នៅមានរយៈពេលខ្លី»។
លោកស្រីឱ្យដឹងទៀតថា ប្រសិនបើចំនួនភ្ញៀវទេសចរចូលកម្ពុជាតាមផ្លូវអាកាសនៅបន្តកើនឡើងយឺត ដូច្នេះវានឹងបន្តដាក់សម្ពាធដល់វិស័យដែលទទួលផលពីភ្ញៀវទេសចរទាំងនោះ ជាពិសេស វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអាជីវកម្មលក់គ្រឿងអនុស្សាវរីយ៍ជាដើម។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ អត្រាឥណទានមិនដំណើរការបានកើនឡើង ដែលជាឥទ្ធិពលដក់សល់ពីវិបត្តិកូវីដ ១៩ និងការថយចុះកំណើនឥណទាន។
លោកស្រីអះអាងថា ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសម្ទុះកំណើន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ពង្រឹងការអភិវឌ្ឍប្រព័ន្ធធនាគារ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្ម នៃប្រព័ន្ធទូទាត់ ព្រមទាំងដាក់ចេញនយោបាយ និងវិធានការគាំទ្រចាំបាច់នានា ប្រកបដោយភាពបុរេសកម្ម ស្របតាមស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕