​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​គម្រោង​វិនិយោគ បាន​សរុប​ចំនួន ​២៦៨ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត ៥ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ប្រមាណ ៣០៧០០០​ កន្លែង​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤ ក្នុង​ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​ថ្មី ចំនួន​២៤៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​២១ ហើយ​ក្នុងនោះ​គម្រោង​វិនិយោគ​ចំនួន​៧១ ត្រូវបាន​បណ្តាក់​ទុនវិនិយោគ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ គម្រោង​ទាំងនេះ មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត ៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ប្រមាណ ៣០៧០០០​កន្លែង​។​


​ក្នុងនោះ​ចំនួន​គម្រោង​វិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក​ដល់​ទៅ​ប្រមាណ ៩២% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប ខណៈ​ទុនវិនិយោគ​ប្រមាណ ៤៦% បានមកពី​វិស័យនេះ ខណៈ​ដែរ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្សេងៗ ដែល​មានតែ​ប្រមាណ ២,៦% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប បាន​ចូលរួមចំណែក​ដល់​ទៅ​ប្រមាណ ៤៤% នៃ​ទុនវិនិយោគ​សរុប ដោយសារ​ចរិត​នៃ​ការវិនិយោគ​ក្នុង​វិស័យនេះ ត្រូវការ​ទុនវិនិយោគ​ច្រើន​។ ជារួម លំហូរ​ទុន​វិនិយោគឯកជន​នៅ​ឆ្នាំ​២០២៣ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រង្វង់​ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​២០២២ ។​

​លោក ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​(CDC) បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កាលពី​ខែសីហា​ឆ្នាំមុន​ថា ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​សេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​។​


លោក​បន្ថែមថា វិស័យ​ឯកជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ចជាតិ​។​

លោក​ថ្លែងថា​៖«​យើង​មើលឃើញថា FDI ក្នុង​មួយ​ឆ្នាំមាន​ជិត ៤ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០២០ អាស៊ាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រហែល ៤០​ភាគរយ ប៉ុន្តែ FDI នៅតែមាន​ស្ថិរភាព​សម្រាប់​យើង​ក្នុង​រង្វង់ ៣,៦​ពាន់​លាន​ដុល្លារ​»​។​

បើ​យោងតាម​របាយការណ៍​ថ្មីៗ​បាន​ពី​បញ្ជី​តាមដាន ប្រចាំឆ្នាំ​របស់ fDi Intelligence កម្ពុជា​ឈរលើ​តារាង​ឈានមុខ​គេ​ក្នុង​បញ្ជី​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៅក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ជាមួយនឹង​លំហូរ​ការវិនិយោគ​ខ្លាំង​ដែល​រំពឹងទុក​នៅ​ឆ្នាំ​២០២៤ ដោយសារតែ​សេដ្ឋកិច្ច​ស្ទុះ​ងើប​វិញ​ដ៏​រឹងមាំ ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ព្យាករ​ថា នឹង​កើនឡើង​ចំនួន ៦,១ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​របាយការណ៍​របស់ fDi Intelligence បាន​បញ្ជាក់ថា ការសិក្សា​ដែល​វាយតម្លៃ​ដំណើរ​ផ្លូវ​ម៉ាក្រូសេដ្ឋកិច្ច និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) នៃ​គោលដៅ FDI ឈានមុខ​គេ​ទាំង ៥០ របស់​ពិភពលោក ដោយ​ប្រើ​ទិន្នន័យ​បាន​ពី IMF និង​fDi Markets ជា​ក្រុមហ៊ុន​ត្រួតពិនិត្យ​ការវិនិយោគ​បរទេស បង្ហាញ​ប្រទេស​ទាំងនោះ​ដែល​កំពុង​ចូលឆ្នាំថ្មី​ជាមួយនឹង​សម្ទុះ​ម៉ាក្រូសេដ្ឋកិច្ច និង FDI ដ៏​រឹងមាំ ខណៈដែល​ពិភពលោក​នៅតែ​បន្ត​ជម្នះ​នឹង​ការ​ស្ទុះ​ងើបឡើង​វិញ​ដែល​មិន​ស្មើគ្នា​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​របាយការណ៍​បន្តថា​៖«​អាស៊ី​បាន​ដំណើរការ​យ៉ាង​ល្អ​នៅក្នុង​បញ្ជី​ឃ្លាំមើល​ឆ្នាំនេះ ដែលមាន​ប្រទេស​ចំនួន​៦ ឈរលើ​តារាង​ឈានមុខ​គេ​ទាំង ១០ ដែល​ក្នុងនោះ កម្ពុជា​នាំមុខគេ​លើ​តារាង​ឃ្លាំមើល​ទាំងមូល ហ្វីលីពីន​ស្ថិតនៅ​លំដាប់​ទី​២ អ៊ីរ៉ាក់​នៅ​លំដាប់​ទី​៤ កា​ហ្សា​ក់​ស្ថាន​នៅ​លំដាប់​ទី​៦ អា​ស៊ែ​បៃ​ហ្ស​ង់​នៅ​លំដាប់​ទី ៧ និង​ឥណ្ឌា​នៅ​លំដាប់​ទី​១០​។ ប្រទេស​អាហ្វ្រិក​តែ ៣​ប៉ុណ្ណោះ​ដែល​បាន​ឈរលើ​តារាង​ឈានមុខ​គេ​ទាំង ១០ មានដូចជា កេ​ន​យ៉ា​នៅ​លំដាប់​ទី ៣ ណា​មី​ប៊ី នៅ​លំដាប់​ទី​៥ និង​ម៉ា​រ៉ុ​ក នៅ​លំដាប់​ទី​៨​។ ប្រទេស​ស៊ែ​ប៊ី ជា​ប្រទេស​តែ​១​គត់​ដែល​នៅក្រៅ​តំបន់​អាស៊ី និង​អាហ្វ្រិក ដែល​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ឈរលើ​គេ​ក្នុង​តារាង​ក្នុងចំណោម​បណ្ដា​ប្រទេស​ឈានមុខ​គេ​ទាំង ១០ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៩»​។​

យោងតាម​របាយការណ៍​ចុងក្រោយ​របស់ IMF កំណើនសេដ្ឋកិច្ច​របស់​អាស៊ាន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ៤,២ ភាគរយ​នៅ​ឆ្នាំនេះ និង ៤,៦ ភាគរយ​នៅ​ឆ្នាំ​២០២៤​។ ទន្ទឹមនឹងនោះ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​នឹងមាន​កំ​ណើ ៦,១ ភាគរយ​ផងដែរ​។​

បើ​យោងតាម​របាយការណ៍រ​បស់ CDC សម្រាប់​លំហូរ​ទុនវិនិយោគ​ក្នុង​ឆ្នាំ​២០២៣ ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ចិន និង​ក្នុងស្រុក ដោយបាន​រួមចំណែក​ជិត ៩០% នៃ​ទុនវិនិយោគ​សរុប ដែល​គម្រោង​វិនិយោគ​ទាំងនោះ មាន​ទីតាំង​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ហើយ​គម្រោង​វិនិយោគ​មួយចំនួនទៀត បាន​ប្រមូលផ្តុំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ​រាជធានី​ភ្នំពេញ គឺ​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​នៅតាម​បណ្តា​ខេត្ត ដែលមាន​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ខេត្តស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​៕​