ភ្នំពេញៈ ប្រទេសកម្ពុជា បាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុបជាង ៣៧២ លានដុល្លារកាលពីឆ្នាំមុនកើនឡើងជាង ៣ ភាគរយ បើធៀបឆ្នាំ ២០២២ ខណៈទឹកប្រាក់នាំចូលនៃខែចុងក្រោយឆ្នាំ ២០២៣ បានកើនជាង ២០,២១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
GDCE បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចូលទំនិញក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ រួមមានដែក និងដែកថែប មានទឹកប្រាក់សរុប ៣៧២,៤៧ លានដុល្លារ កើន ៣,៥ ភាគរយបើធៀបឆ្នាំ ២០២២។ ទឹកប្រាក់នេះ គឺស្មើនឹង ១,៥ ភាគរយនៃចំនួនទឹកប្រាក់នាំទំនិញចូលសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២៣ ដែលមាន ២៤,១៨ ពាន់លានដុល្លារ។ ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៩,២៤ លានដុល្លារ កើន ២១,១ ភាគរយធៀបខែធ្នូ ឆ្នាំ ២០២២ ដែលមានចំនួន ៣២,៤១ លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពីស្ងប់ស្ងាត់ខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ ១៩ វិស័យសំណង់នៅកម្ពុជានារយៈប៉ុន្មានខែចុងក្រោយនេះបានចាប់ផ្តើមងើបឡើងវិញខ្លះៗហើយ។ នៅពេលមានការសាងសង់កាន់តែច្រើន តម្រូវការដែក និងសម្ភារសំណង់ផ្សេងទៀតក៏កើនឡើងដែរ។
លោកបន្ថែមថា ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលមិនមានប្រឈមបញ្ហាធំៗបន្ថែមទៀតនោះ វិស័យសំណង់ និងអចលនទ្រព្យពិភពលោក រួមទាំងកម្ពុជាប្រាកដជានឹងងើបឡើងវិញ។
លោកបានលើកឡើងថា៖ «ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល រួមទាំងប្រទេសកម្ពុជា បានជួយឱ្យវិស័យសាងសង់កម្ពុជាកាលពីឆ្នាំ ២០២៣ ល្អប្រសើរជាងឆ្នាំ ២០២២ ហើយការនាំចូលសម្ភារសំណង់ រួមទាំងដែក និងដែកថែប ក៏កើនឡើងដែរ»។
ទោះជាយ៉ាងណា លោក ស៊ីវផេង បញ្ជាក់ថា ដោយសារវិស័យសំណង់ត្រូវការពេលវេលាយូរជាងវិស័យផ្សេងៗទៀត និងទុនវិនិយោគច្រើន ដូច្នេះវានឹងមិនអាចស្ទុះងើបឡើងវិញលឿនទេ គឺនៅត្រូវការពេលបន្ថែមទៀត។
បច្ចុប្បន្ននៅកម្ពុជាក៏មានរោងចក្រផលិតដែកសម្រាប់បម្រើឱ្យវិស័យសំណង់ផងដែរ ខណៈដែក និងដែកថែបដែលកម្ពុជានាំចូល គឺភាគច្រើនមកពីប្រទេសវៀតណាម ចិន និងថៃ។ នេះបើតាមលោក ស៊ីវផេង។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកផែនការសកម្មភាព ឆ្នាំ ២០២៤ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល លោក ចេង ខេង ដែលមានបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាប្រមាណ ៣ ទសវត្សរ៍មកហើយនោះបាននិយាយថា ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតដល់ដើមឆ្នាំ ២០២៣ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមិនសូវដំណើរការល្អទេដោយសារផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ និងបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន។
លោកបន្តថា ទោះយ៉ាងណាសញ្ញានៃការងើបឡើងនៃទីផ្សារអចលនទ្រព្យ និងសំណង់បានចាប់ផ្តើមបង្ហាញពន្លឺវិជ្ជមានវិញជាបណ្តើរៗហើយ។
លោកអះអាងថា៖«ជាទូទៅខ្ញុំមើលឃើញថា នៅចុងឆ្នាំ ២០២៣ សកម្មភាពការទិញ-លក់ ជួល ក្នុងវិស័យអចលនទ្រព្យ និងសំណង់ បានផ្តើមកម្រើកឡើងវិញបណ្តើរៗហើយ។ ខ្ញុំគិតថា នេះជាសញ្ញាល្អ ដែលធ្វើឱ្យវិស័យនេះក្នុងឆ្នាំ ២០២៤ នឹងដំណើរការល្អឡើងវិញ»។
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឱ្យគម្រោងវិនិយោគលើរោងចក្រផលិតដែក របស់ក្រុមហ៊ុន Huale Steel(Cambodia) Co.,Ltd ដែលមានទុនវិនិយោគ ៤០ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ កន្លងមកក្នុងខេត្តបន្ទាយមានជ័យ និងកំពង់ស្ពឺ ក៏មានរោងចក្រផលិតដែកផងដែរ៕