ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែលជា​ព្រលាន​ឈានមុខ​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​វិញ្ញាបនបត្រ​កម្រិត​ទី​៣ ​ត្រូវបាន​ផ្តល់​ដោយ​ក្រុមប្រឹក្សា​ព្រលានយន្តហោះ​អន្តរជាតិ (ACI) អំពី​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ស្របតាម​មហិច្ឆតា​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (GHG) ចំនួន ៤១,៧ ភាគរយ​ត្រឹម​ឆ្នាំ​ ២០៣០ ដែលជា​ការកាត់បន្ថយ​មួយ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ នឹង​កាត់បន្ថយ​កាបូនឌីអុកស៊ីត ​(MtCO2e) មាន​ចំនួន ៦៤,៦ លាន​តោន ​ក្នុង ​១ ​ឆ្នាំ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៩ ខែ​កម​រា របស់​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា ក្រោម​ការទទួលស្គាល់​កាបូន​ព្រលានយន្តហោះ (ACA) ដែល​បាន​ដំណើរការ​កាលពី​ឆ្នាំ​ ២០០៩ តាម​គំនិត​ផ្តួចផ្តើម​របស់​ក្រុមប្រឹក្សា​ព្រលានយន្តហោះ​អន្តរជាតិ (ACI) ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឈានដល់​វិញ្ញាបនបត្រ​កម្រិត ៣ នៃ​កម្មវិធី​មួយ ដែលមាន​គោលបំណង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​


​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ​ក​ម្ម​វិធី​ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​មាន​វិញ្ញាបនបត្រ ៧ កម្រិត​ដូចជា ការធ្វើ​ផែនទី ការកាត់បន្ថយ​ការធ្វើឱ្យ​ប្រសើរ​អព្យាក្រឹតភាព​ការប្រែប្រួល​ការផ្លាស់ប្តូរ​និង​កម្រិត ៥​។ ចាប់តាំងពី​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​លើក​ទី ២៨ (COP 28) ACI បាន​ដាក់ឱ្យ​ដំណើរការ ការទទួលស្គាល់​កម្រិត​ទី​៥ ​ថ្មី​នេះ ដែល​ផ្តល់​ពិន្ទុ​នេះ​ដល់​ព្រលាន​យន្ត​ចំនួន ១០ ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​ព្រលានយន្តហោះ​ចំនួន ៤ ដែល​ត្រូវបាន​អភិវឌ្ឍ និង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ VINCI Airports ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា ជា​ក្រុមហ៊ុន​គ្រប់គ្រង​ផ្ដាច់មុខ​លើ​ព្រលានយន្តហោះ​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រុមហ៊ុន​បានឱ្យដឹងថា​៖ «​កម្មវិធី ACA តម្រូវឱ្យមាន​ការត្រួត​ពិនិត្យ​បរិមាណ​កាបូន​នៅ​ព្រលានយន្តហោះ និង​ការអនុវត្ត​សកម្មភាព​កាត់បន្ថយ​ផែនការ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ដើម្បី​សម្រេចបាន​គោលដៅ​របស់ខ្លួន ក្រុមហ៊ុន​ព្រលានយន្តហោះ​មួយ​នេះ បាន​វិនិយោគ​យ៉ាងច្រើន​លើ​ប្រព័ន្ធ​ត្រជាក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ម៉ាស៊ីនត្រជាក់​នៅ​កណ្តាល ជំនួស​ប្រភព​ពន្លឺ​ទាំងអស់​ជាមួយនឹង​បច្ចេកវិទ្យា LED ឬ​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីនភ្លើង​ដែល​ដំណើរការ​ដោយ​ប្រេងម៉ាស៊ូត​»​។​


​លោក Cyril GIROT អគ្គនាយក​ក្រុមហ៊ុន Cambodia Airports បានឱ្យដឹងថា ការ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​ជា​អ្នកដឹកនាំ​ក្នុង​សកម្មភាព​បរិស្ថាន គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ សម្រាប់​ក្រុមហ៊ុន​ Cambodia Airports ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុនមេ VINCI Airports​។​

​លោក​ថ្លែងថា​៖ «​ការពង្រឹង​កម្មវិធី ACA ព្រលានយន្តហោះ​ភ្នំពេញ​បានទទួល​វិញ្ញាបនបត្រ ISO 14001 ដោយ​ជោគជ័យ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣​។ សមិទ្ធផល​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក​។ ខ្ញុំ​ចង់បង្ហាញ​ពី​ការដឹងគុណ​របស់ខ្ញុំ​ចំពោះ​បុគ្គលិក និង​ដៃគូ​របស់​យើង ដែល​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គំនិត​ផ្តួចផ្តើម​បរិស្ថាន​ទាំងនេះ រួមចំណែក​ដល់​សហគម​ន៍​ទាំងអស់ និង​ធ្វើឱ្យមាន​ភាព​វិជ្ជមាន​ពិតប្រាកដ​»​។​

​ក្រោម​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួលបាន​សម្បទានរ​យៈ​ពេល ៤៥ ​ឆ្នាំ​ សម្រាប់​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​បណ្តាញ​ព្រលានយន្តហោះ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​បម្រើ​ដល់​រាជធានី​ភ្នំពេញ និង​ទីក្រុង​កំពង់ផែ និង​រមណីយដ្ឋាន​ឆ្នេរ​នៅ​ក្រុងព្រះសីហនុ​។​

ភាគ​ហ៊ុ​និក​របស់​ក្រុមហ៊ុន​ Cambodia Airports​ គឺ​ក្រុមហ៊ុន​VINCI Airports​របស់​ប្រទេស​បារាំង​គ្រប់គ្រង ៧០ ភាគរយ និង​ ៣០​ ភាគរយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​៕