​ភ្នំពេញៈ តំណាង​ផ្នែក​ឯកជន​ធំៗ​ចំនួន ៣ បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​កែសម្រួល​ថ្លៃ​អានុភាព​សម្រាប់​ការដំឡើង​ថាមពល​សូ​ឡា​លើដំបូល ដែលជា​វិធាន​ការ​មួយ​ដើម្បី​កសាង​កម្ពុជា​ជា​គោលដៅ​វិនិយោគ​បៃតង​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា​ ​(TAFTAC)​ តំណាង​ដោយ​លោក ខេន​ លូ ជា​អគ្គលេខាធិការ លោក Tassilo Brizer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប ​(EuroCham) និង​លោកស្រី ណាក់ ចាន់​ណូ​លីន អគ្គលេខាធិការ​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ​(CTF) បាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​ផ្តល់​មតិ​លើ​សេចក្តីព្រាង​បទ​ប្បញ្ញត្តិ​ស្តីពី​ «​ការដំឡើង និង​ប្រើប្រាស់​បន្ទះ​សូ​ឡា​លើដំបូល​នៅ​កម្ពុជា និង​សេចក្តីព្រាង​នីតិវិធី​សម្រាប់​បន្ទះ​សូ​ឡា​លើដំបូល សេវាកម្ម​ដំឡើង PV កម្ពុជា​»​។​


​ពួកគេ​បានឱ្យដឹងថា អង្គភាព​ដែល​ចុះហត្ថលេខា​លើ​វិស័យ​ឧស្សាហកម្ម​ដូចជា ផលិតកម្ម​កាត់ដេរ​(​សភាពាណិជ្ជកម្ម​អឺរ៉ុប សមាជិក​គណៈកម្មាធិកា​រកា​ត់​ដេរ និង​ផលិតកម្ម តំណាងឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ក្នុងតម្លៃ​ប្រមាណ ៣ ​ពាន់​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ​), TAFTAC (​តំណាងឱ្យ​រោង​ចក្រ​កាត់ដេរ​ជាង ៧៥០ នៅ​កម្ពុជា នាំចេញ​ក្នុងតម្លៃ ១១ ​ពាន់​លាន​ដុល្លារ​), សហព័ន្ធ​ទេសចរណ៍​កម្ពុជា​, ឧស្សាហកម្ម​ថាមពល​សូ​ឡា​, វិស័យ​អប់រំ​, ក្រុមហ៊ុន​អចលនទ្រព្យ និង​សំ​ណង់​មាន​ចំណាប់អារម្មណ៍​លើ​ការប្រើប្រាស់​ថាមពល​សូ​ឡា​លើដំបូល​ដើម្បី​សន្សំសំចៃ​ការ​ចំណាយ​សំដៅ​ឱ្យសម្រេចបាន​នូវ​គោលដៅ​និរន្តរភាព​របស់​ពួកគេ និង​គាំទ្រ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិ​និ​យោគ​បៃតង​។​

​ពួកគេ​បានឱ្យដឹងថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​មាន​សារៈសំខាន់​សម្រាប់​វិស័យ​នានា ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់សែន​នាក់ រួមទាំង​ឧស្សាហកម្ម​កាត់ដេរ​ដែល​មាន​កម្លាំង​ពលកម្ម​ ៨៥​ ម៉ឺន​នាក់​ផងដែរ​។ យើង​ពិតជា​សប្បាយ​ចិត្តខ្លាំង​ចំពោះ​ការ​ប្រកាស​ដែល​ធ្វើឡើង​ដោយ​ក្រ​សួង​រ៉ែ និង​ថាមពល (MME) ដែល​រំពឹងទុក​ថា​នឹង​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន ៧១​ ភាគរយ​ត្រឹម​ឆ្នាំ​ ២០៣០»​។​


​លោក យឹម វិសិដ្ឋ ប្រធាន​អា​​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​ (EAC) បាន​សរសេរ​ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​សមាគម​ចំនួន ​៣ កាល​ពីថ្ងៃ​ទី ​២៦ ខែមករា​ថា ក្នុង​ផ្នែក​ទី ៦.៤ នៃ​គោលការណ៍​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថាមពល​សូ​ឡា​លើដំបូល​នៅ​កម្ពុជា ដែល​ចេញ​ដោយ ​MME ផ្តល់​រូបមន្ត​គណនា​តម្លៃ​ប៉ះប៉ូវ​។​

​លោក​ថ្លែងថា​៖ «​រូបមន្ត​ប្រើ​​ប្រាស់​ពន្ធ​ទូទៅ​សម្រាប់​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ដែលជា​កម្មវិធី​មួយ​សម្រាប់​អ្នកប្រើប្រាស់ និង​តម្លៃ​នៃ​ការបង្កើត​ថាមពល​សូ​ឡា​ជា​កម្មវិធី​មួយ​សម្រាប់​ការដំឡើង​ថាមពល​សូ​ឡា ដូចដែល​បានសម្រេច​ដោយ EAC រៀងរាល់​ពេល​។

សេចក្តីព្រាង​បទ​ប្បញ្ញត្តិ​ចែងថា EAC ត្រូវ​ជូនដំណឹង​អំពី​តម្លៃ​នៃ​ការបង្កើត​ថាមពល​សូ​ឡា សម្រាប់​ទំហំ​ផ្សេងគ្នា​នៃ​ការដំឡើង​ថាមពល​សូ​ឡា​នៅលើ​ដំបូល​ជាធម្មតា​រៀងរាល់​ ៦ ​ខែ ឬ ១​ ឆ្នាំ​ម្តង​»​។​

​លោក​លើកឡើងថា​៖ «​អ្នក​ប្រើប្រាស់​ដែលមាន​ការដំឡើង​ថាមពល​សូ​ឡា ត្រូវ​បង់​តម្លៃ​ប៉ះ​ប៉ូវ​លើ​ការផលិត​ថាមពល​សូ​ឡា ហើយ​ត្រូវ​បង់ថ្លៃ​អគ្គិសនី​លើ​ការប្រើប្រាស់​អគ្គិសនី បាន​ពី​ការផ្គត់ផ្គង់​អគ្គិសនី​តាម​អត្រា​តម្លៃ​ដែល​អាច​អនុវត្តបាន រួម​ទាំង​ថ្លៃ​នៃ​ការប្រើប្រាស់ (TOU) ផងដែរ​។ សមត្ថភាព​ការដំឡើង​ថាមពល​សូ​ឡា​នៅលើ​ដំបូល​ដែល​ត្រូវ​ចាត់ថ្នាក់​ជា​ទំហំ​តូច មធ្យម និង​ធំ​នៃ​ការដំឡើង​ថា​ម​ពល​សូ​ឡា​នៅលើ​ដំបូល ​គឺត្រូវធ្វើ​ឡើង​ដោយ MME»​។​

​លោក​បន្ថែមថា​៖ «​នៅពេលនេះ EAC កំពុង​ពិនិត្យមើល​ដំណើរការ​សម្រាប់​ការ​គណនា និង​កំពុង​សិក្សា​ទិន្នន័យ​តម្លៃ​ដែល​បំពាក់​ដោយ​ក្រុមហ៊ុន​ដំ​ឡើង​ប្រព័ន្ធ​ថាមពល​សូ​ឡា​នៅលើ​ដំបូល​។ EAC នឹង​ផ្តល់​មតិយោបល់​របស់ខ្លួន​លើ​សំណួរ​របស់លោក​អ្នក​អំ​ពី​ការបញ្ចប់​បញ្ហា​ទាំងនេះ​»​។​

​លោក ខែ​ន លូ អគ្គលេខា​ធិ​ការ TAFTAC បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៣១ ខែមករា​ថា បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់​បច្ចុប្បន្ន​ស្តីពី​ការដំឡើង​ថា​ម​ពល​សូ​ឡា​នៅលើ​ដំបូល​មិន​អំណោយផល​សម្រាប់​កា​រវិ​និ​យោគ​ទេ​។​

​លោក​ថ្លែងថា​៖ «​រោងចក្រ​ជា​ច្រើន​ចង់​ដំឡើង​ថាមពល​សូ​ឡា ប៉ុន្តែ​បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់​មានន័យថា ក្រុមហ៊ុន​ដែល​វិ​និ​យោគ​លើ​ថាមពល​សូ​ឡា​លើដំបូល​មិន​ទទួលបាន​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ទេ ព្រោះ​មិនមាន​ការ​សន្សំ​ទៅលើ​ថ្លៃ​ថាមពល​។ ការណ៍​នេះ​មានន័យថា ពួកគេ​នឹងមិន​អាច​ប៉ះប៉ូវ​ការវិនិយោគ​របស់​ពួកគេ​បានទេ​»​។​

​លោក​ពន្យល់ថា ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ថ្មី អ្នកប្រើប្រាស់​ដែល​ដំឡើង​ថាមពល​សូ​ឡា ត្រូវ​បង់​តម្លៃ​ប៉ះប៉ូវ​លើ​ការផលិត​ថាមពល​សូ​ឡា ហើយ​ត្រូវ​បង់ថ្លៃ​អគ្គិសនី​លើ​ការប្រើប្រាស់​អគ្គិសនី​បាន​ពី​ការផ្គត់ផ្គង់​អគ្គិ​ស​នី​តាម​អត្រា​តម្លៃ​ដែល​អាច​អនុវត្តបាន រួមទាំង​ថ្លៃ​នៃ​ការប្រើ​ប្រាស់​ (TOU)​។ មានន័យថា​អ្នក​ប្រើ​ថាមពល​សូ​ឡា​នឹងត្រូវ​បានអនុញ្ញាត​ឱ្យទទួល​បាន​តម្លៃ​ TOU ផងដែរ​៕​