​ភ្នំពេញៈ វិបត្តិ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋ​កិច្ច​ពិភពលោក និង​ក្នុង​តំបន់ សម្រាប់​ប្រទេស​កម្ពុជា គឺមាន​គ្រឹះស្ថាន រួមទាំង​រោងចក្រ សកម្មភាព​អាជីវកម្ម​លក់ដុំ​-រាយ កន្លែង​ស្នាក់នៅ និង​សេវាកម្ម​ម្ហូបអាហារ​ប្រហែល ៨១​​ ភាគរយ ​បានរង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ​។

ទិន្នន័យ​ចុងក្រោយ​បំផុត​ក្នុង​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ​២០២២ ដែល​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​ឱ្យដឹងថា ក្នុងចំណោម​គ្រឹះស្ថាន​ដែល​រង​ផលប៉ះពាល់​ដោយ​​សារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ គឺមាន​គ្រឹះស្ថាន ៥៨៧ ៧៩៣​ កន្លែង ​(៣៤,៨ ​ភាគរយ​) ​បាន​រាយការណ៍​ពី​ប្រាក់ចំណូល​កាន់តែ​ទាប​កាលពី​ឆ្នាំ​២០២២, គ្រឹះស្ថាន​ចំនួន ៤៣៣ ៧០៣​ កន្លែង ​(២៦,៦ ​ភាគរយ​) បាន​រាយ​​ការណ៍​ពី​ការចំណាយ​កាន់តែ​ខ្ពស់​, គ្រឹះស្ថាន​ចំនួន ២១២ ៧៦០ ​កន្លែង ​(១២,៦ ​ភាគរយ​) រាយការណ៍​ពី​ការ​ធ្លាក់ចុះ​តម្រូវការ​ទីផ្សារ និង​គ្រឹះស្ថាន ​១៥៣ ៨៧៨ កន្លែង ​(៩,១ ​ភាគរយ​) បាន​រាយការណ៍​ពី​ការខ្វះ​ទុន​បង្វិល​។


របាយការណ៍​ជំរឿន​បាន​បង្ហាញថា​៖ «​វិបត្តិ​ការរីក​រាលដាល​ជំងឺ​កូ​វីដ មាន​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​សកម្មភាព​អាជីវកម្ម រួមទាំង​ការធ្លាក់​​ចុះ​ប្រាក់ចំណូល ការកើនឡើង​ការ​​ចំណាយ ការធ្លាក់ចុះ​តម្រូវការ​ទីផ្សារ និង​កង្វះ​ទុន​បង្វិល​»​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​បរិបទ​ការរស់នៅ​ជា​​មួយ​ជំងឺ​កូ​វីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឆ្នាំ ២០២១-២០២៣»​ កាលពី​ថ្ងៃទី ​២២ ខែធ្នូ ឆ្នាំ ​២០២២ ថា ឯកសារ​នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​បន្ទាន់ និង​រយៈពេល​មធ្យម​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។


លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ យើងទាំងអស់គ្នា​អាច​កត់សម្គាល់ឃើញ​យ៉ាងច្បាស់​ពី​ផលវិបាក​អវិជ្ជមាន​លើ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​ដែល​បណ្ដាលមកពី​វិបត្តិ​នេះ​»​។

លោក​បន្ថែមថា​៖ «​ក្រៅពី​ការ​គំរាម​កំ​ហែង​ដែល​ឆក់យក​ជីវិត​មនុស្ស វិបត្តិ​នេះ​បាន​បណ្ដាលឱ្យមាន​ចំណុច​ដែល​អាច​បង្ក​ជា​បញ្ហា​មួយចំនួន​នៃ​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ដែល​ងាយ​រងគ្រោះ​ដោយសារ​កត្តា​ខាងក្រៅ​»​។

ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ចេញ​ថវិកា​ចំនួន ២៥០​​ លាន​ដុល្លារ​ សម្រាប់​កម្ចី​ផ្ទា​ល់ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​​ (SME Bank) និង​ធនាគារ​អភិ​​វឌ្ឍន៍​ជនបទ ប្រើប្រាស់​ក្នុង​ឆ្នាំ ​២០២៣ កន្លងមកនេះ​សម្រាប់​វិស័យ​អាទិភាព​ដូចជា កសិកម្ម និង​អេកូ​ទេសចរណ៍​។

ក្នុង​រយៈពេល ៣​ ឆ្នាំ​មកនេះ គិត​ត្រឹម​ដើមឆ្នាំ​ ២០២៤ ធនាគារ SME បាន​បង្កើន​ប្រាក់កម្ចី​ដល់​សហគ្រាស​ប្រ​​មាណ ៣ ២០០​ ដែលមាន​ទំហំ​ទឹក​ប្រាក់​ប្រហែល ៤៩០​ លាន​ដុល្លារ​។

លោក Anthony Galliano អគ្គ​នាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodia Investment Management Co Ltd បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៣ ខែមករា​ថា រដ្ឋាភិបាល​បានធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​ជាក់ស្តែង ជាពិសេស​បន្ទាប់ពី​ព្រឹត្តិការណ៍​ «​ថ្ងៃទី ​២០ ខែកុម្ភៈ​»​។

វិធានការ​មួយចំនួន​ដែល​លោក Galliano លើកឡើង​នោះ​គឺ​ការអនុវត្ត ផែនការមេ​ជំងឺ​កូ​វីដ ​១៩ និង​ការកាត់បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល ​ដើម្បី​ប៉ះប៉ូវ​ដល់​ការធ្លាក់ចុះ​ប្រាក់ចំណូល​។

លោក​បន្តថា​៖ «​ភាព​ធន់ និង​និរន្តរ​​ភាព​សេដ្ឋកិច្ច ភាគច្រើន​ដោយសារតែ​ភាពជោគជ័យ​នៃ​កម្មវិធី​នេះ ជាពិសេស​ការផ្ទេរ​សាច់​ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​ទទួលរង​គ្រោះ សហ​ហិរញ្ញប្បទាន និង​ការចែករំលែក​ហានិភ័យ​តាមរយៈ SME Bank, កម្ម​​វិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​​គាំទ្រ​ដល់ក​ម្មករ​ជាប់កិច្ចសន្យា​ដែល​ព្យួរការងារ​, កម្មវិធី​មូលនិធិ​ធានា​ឥណ​​ទាន និង​ហិរញ្ញប្បទាន និង​ម​ធ្យោ​​បាយ​ជួយ​សម្រួល​ផ្សេងៗ​ទៀត​។

លោក ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​​សម្បទា កាលពី​ថ្ងៃទី ​៥ ខែធ្នូ បានឱ្យដឹងថា រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​ធ្វើ​សមាហរណកម្ម​កម្មវិធី​ផ្នែក​ផ្សេងៗ​ទៀត បង្កើតជា​បណ្តាញ​គាំពារ​សង្គម​ដ៏​ទូលំទូលាយ​មួយ​ដើម្បី​ឆ្លើយតប​នឹង​គ្រោះអាសន្ន។

លោក​ថា រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ជាង ១,៣ ​ពាន់​លាន​ដុល្លារ ​សម្រាប់​គំនិត​ផ្តួចផ្តើម​ការពារ​សង្គម​ចំនួន​ ៥ ហើយ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ រដ្ឋា​​ភិ​បាល​ចំណាយ​ប្រាក់​ចំនួន ១,២១៣ ពាន់​លាន​ដុល្លារ​រួចទៅហើយ​៕