​ភ្នំពេញៈ យុទ្ធនាការ​ «​ទស្សនា​សៀម​​រាប ឆ្នាំ​ ២០២៤» ដែល​បានប្រកាស​ដោយ​រាជរដ្ឋាភិបាល​នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយ​សម្រាប់​វិស័យ​ទេសចរ​ណ៍​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជុំវិញ​ពិភពលោក​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាប​ន្ទា​ប់​ពី​វិស័យនេះ​​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ និង​ការ​​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​.

«​ទស្សនា​សៀមរាប ឆ្នាំ​ ២០២៤»​ ត្រូវបាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​១៩ កាលពី​ថ្ងៃទី ​១៣ វិច្ឆិកា ឆ្នាំ​ ២០២៣​។ លោក​បាន​លើកឡើងថា វិស័យ​ទេស​ចរណ៍​បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់​​ធ្ង​រ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ដែល​បាន​បន្ត​អូសបន្លាយ​ពេល​រហូតមក​ដល់ពេលនេះ​។ ជាការ​ពិត ទោះ​ពេលនេះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​មាន​កំណើន ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​មុន​មាន​វត្តមាន​ជំងឺ​​កូ​វីដ​ឡើយ ហើយ​ការកើនឡើង​នេះ​ក៏មាន​ស្ថាន​ភាពមិន​ដូចគ្នា​នៅតាម​គោល​ដៅ​ទេសចរណ៍​សំខាន់​ជាពិសេស​ខេត្ត​សៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា​.


លោក​និយាយថា​៖ «​យើងទាំងអស់គ្នា​ទទួល​ស្គាល់​ថា ខេត្តសៀមរាប​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​នាពេល​បច្ចុប្បន្ន​។ ក្នុងន័យនេះ​រដ្ឋាភិបាល​ពិត​ជាមាន​ភាពចាំបាច់​នៅក្នុង​ការដាក់ចេញ​វិធានការ​ពិសេស​នានា​ ដើម្បី​លើកស្ទួយ​ទេសចរណ៍​ខេត្តសៀមរាប​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​»​.

លោក​បន្តថា​៖ «​ក្នុងន័យនេះ​ខ្ញុំ​សូម​ប្រកាសជូន​ជនរួមជាតិ​ទាំង​នៅ​ទីនោះ​ថា រាជរដ្ឋាភិបាល​បាន​ផ្តួចផ្តើម​ដាក់ចេញ​កម្មវិធី​ពិសេស​មួយ​ «​ទស្សនា​សៀមរាប ឆ្នាំ​ ២០២៤» ដែល​ក្នុង​កម្មវិធី​នេះ​រដ្ឋា​ភិ​បាល​នឹង​ដាក់ចេញ​វិធានការ​មួយចំនួន​សំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប មាន​សម្ទុះ​ងើបឡើង​វិញ​»​.


យោងតាម​លោកនាយក​រដ្ឋមន្ត្រី វិធាន​ការសំខាន់ៗ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប មានដូចជា ការលើកកម្ពស់​ការធ្វើ​ប​ដិ​ស​ណ្ឋា​រ​​កិច្ច​នៅតាម​ព្រំដែន​, ការបំពេញ​ឯកសារ​តាម​អន​ឡាញ​, ការពង្រឹង​សន្តិសុខ​, ការតភ្ជាប់​កាមេរ៉ា​សុវត្ថិភាព​, ការពង្រឹង​វិសាលភាព​នៃ​បណ្ណ​ព្រំដែន​, ការពិនិត្យ​លើ​លទ្ធភាព​ការផ្តល់​ឥណទាន​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​, ការលើកលែង​ពន្ធ​មួយចំនួន​សម្រាប់​អា​ជីវ​កម្ម​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​, ការលើកលែង​ប្រាក់​ពិន័យ​អន្តរកាល​ចំពោះ​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរ និង​អ្នកបកប្រែ​ ជំរុញ​ការ​ភ្ជាប់​ជើងហោះហើរ​ពី​គោលដៅ​សំខាន់ៗ​ការកែលម្អ​ហេ​ដ្ឋា​រចនាសម្ព័ន​ ​សោ​ភណ​ភាព​ទីក្រុង និង​ការផ្សព្វផ្សាយ​ជាដើម​។

អនុប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន PTM Travel & Tours លោក ស សារិន បាន​ប្រាប់ថា សម្រាប់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ​ការ​ទស្សនា​សៀមរាប​ឆ្នាំ​ ២០២៤ គឺ​មិនមែន​សំដៅ​តែ​ខេត្តសៀមរាប​មួយ​ទេ ប៉ុន្តែ​ដោយសារ​កេរ្តិ៍ឈ្មោះ​នៃ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ត្រូវបាន​គេ​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ និង​ជា​តំណាង​ប្រទេស​កម្ពុជា ដូច្នេះ​ការផ្សព្វផ្សាយ​ទស្សនា​សៀមរាប​នេះ ​គឺជា​ចំណុច​ល្អ​។

លោក​បញ្ជាក់ថា សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប គឺ​នៅតែ​លំបាក​.

លោក​ថ្លែងថា​៖ «​ជារួម​ការដាក់ចេញរ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ​ទស្សនា​សៀមរាប​ឆ្នាំ ​២០២៤ ការដាក់ចេញ​កញ្ចប់​ថ​វិកា និង​ការបង្កើត​ក្រុម​ប្រឹក្សា​ទេសចរណ៍ ខ្ញុំ​មាន​ជំនឿ​មុតមាំ​ថា វិស័យ​ទេសចរណ៍​យើង​នឹង​ងើបឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ឆ្នាំ ២០២៤ ជាមួយនឹង​ការវិលត្រឡប់​មកវិញ​នៃ​ភ្ញៀវ​ទេស​​ចរ​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​»​។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំ​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ថា យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែច្រើន​ឱ្យមក​ខេត្ត​សៀម​រាប គឺ​ទាមទារ​ឱ្យមាន​ការរៀបចំ​យុទ្ធនា​ការបង្ហាញ​ម៉ាក​សញ្ញា​កម្ពុជា និង​ទីផ្សារ​សកល ដោយ​បង្កើត​អត្តសញ្ញាណ​ម៉ាក​យីហោ ដែល​រំលេច​ចេញ​បទពិសោធន៍​វប្បធម៌ និង​សម្រស់​ធម្មជាតិ​តែមួយគត់​របស់​ខេត្តសៀមរាប​។

ជាមួយគ្នានេះដែរ កម្ពុជា​ក៏ត្រូវ​បើក​ដំណើរការ​គេហទំព័រ​ពហុ​ភាសា និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​, ចាប់​ដៃគូ​ជាមួយ​អ្នកមាន​ឥទ្ធិពល​សាធារណៈ ​(Influencers)​ ក្នុង​ទីផ្សារ​សំខាន់ៗ​ ដើម្បី​បង្កើត​ការផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​អំពី​ការផ្តល់ជូន​របស់​ខេត្ត​សៀមរាប​។

លើសពីនោះ​ទៀត​កម្ពុជា​ក៏ត្រូវ​បើក​ការផ្សព្វផ្សាយ​ទំនាក់ទំនង​សា​ធា​រណៈ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរ​ជាតិ និង​ការ​ចែកចាយ​សម្ភារ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​តាមរយៈ​ភាពជា​ដៃគូ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍​...​។​ល​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំងនេះ​យ៉ាង​ទូលំទូលាយ​លើ​ទីផ្សារ​ខេត្តសៀមរាប ​នឹង​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​រស់​រវើក​បំផុត​រប​ស់​អាស៊ីអាគ្នេយ៍ ដោយសារ​យើង​បាន​អភិរក្ស និង​ការពារ​បេតិកភណ្ឌ ដូច្នេះ​យើង​ត្រូវតែ​បំផុសគំនិត​ភ្ញៀវ​ទេស​ចរ​តាមរយៈ​អ្វីដែល​ពួ​គេ​បានមក​ទស្សនា​ដោយផ្ទាល់​ជាមួយ​អរិយធម៌​ខ្មែរ​ពិត​។ ការរៀបចំ​ផែនការ​ដោយ​ប្រុងប្រយ័ត្ន ភាពជា​ដៃគូ​សហគមន៍ និង​ទេសចរណ៍​ប្រកបដោយ​ការទទួលខុសត្រូវ​នឹង​បើកឱកាស​ថ្មី​ ដើម្បី​ចែករំលែក​រតនសម្បត្តិ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​នៅ​ឆ្នាំ ២០២៤ និង​ឆ្នាំ​ទៅមុខៗ​ទៀត​»​។

ខេត្តសៀមរាប​ក៏បាន​រកចំណូលបាន​ជា​ង ៣២​ លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ដល់​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅក្នុង​រយៈ​ពេល ១១ ​ខែ ក្នុង​ឆ្នាំ​ ២០២៣ កើនឡើង​ជាង ២៦០​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។

យោងតាម​ក្រសួងទេសចរណ៍ ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជាទទួលបាន​ភ្ញៀវទេសចរ​បរទេស​សរុប​ជិត ៤,៩២​ លាន​នាក់ កើនឡើង​ជិត ១៥៧ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​តែ ១,៩១​ លាន​នាក់​៕