ភ្នំពេញៈ កម្ពុជា​-​វៀតណាម បាន​បើក​កិច្ចពិភាក្សា​ដើម្បី​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​គ្រោង​រៀបចំ​ឱ្យមាន​ជំនួប​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ​រៀងៗ​ខ្លួន​។

កិច្ចពិភាក្សា​ខាងលើ​បានធ្វើ​ឡើង​ក្នុងជំនួប​រវាង លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៤​។


បើតាម CDC នាឱកាស​នោះ ភាគី​ទាំង ​២ បាន​ពិភាក្សាគ្នា​លើ​គោលបំណង​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម និង​ពិនិត្យ​រៀបចំ​អ្នកវិនិយោគ​រប​ស់​កម្ពុជា និង​វៀតណាម អាច​ជួប​ពិភាក្សាគ្នា​ស្វែងយល់​ពី​សក្តានុពល​វិ​និ​យោគ​នៃ​ប្រទេស​រៀងៗ​ខ្លួន​។

ជាមួយគ្នានេះ​លោក Nguyen Huy Tang ក៏បាន​បង្ហាញ​ពី​ក្តី​រំពឹង​ចំពោះ​ការជំរុញ​កា​រវិ​និ​យោគ និង​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ព្រមទាំង​បង្ហាញ​សុ​ទិដ្ឋិ​និយម​លើ​ទិសដៅ​ដែល​លោក​ចង់ឃើញ​វិនិយោគិន​កម្ពុជា​ទៅ​វិនិយោគ​នៅក្នុង​ប្រទេស​វៀត​ណា​ម​ផងដែរ​។


ជាការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បាន​ប្រាប់​គូភាគី​អំពី​ការងារ​របស់ CDC ដែលជា​អ្នក​​សម្របសម្រួល​ការងារ​វិនិយោគ​រវាង​រដ្ឋាភិបាល​ទៅ​ផ្នែក​ឯកជន ហើយ​ក្នុងនោះ​ស្ថាប័ន CDC ក៏មាន​នាទី​រៀបចំ​ឱ្យ​វិនិយោគិន​កម្ពុជា ជួបពិភាក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​ជាមួយ​វិនិយោគិន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។

បន្ថែម​ពីនេះ​លោក​បាន​ប្រាប់​ភាគី​វៀតណាម​ថា​ នឹង​ពិនិត្យ​លទ្ធភាព​ធ្វើយ៉ាងណា​អាច​បើក​លទ្ធភាព​ឱ្យ​អ្នកវិនិយោគ​កម្ពុជា និង​វៀតណាម អាច​ជួបពិភាក្សា និង​ស្វែងយល់​ពីគ្នា ជាពិសេស​លើ​ឱកាស​វិនិយោគ​។

ជុំវិញ​រឿងនេះ លោក ជ័យ តិច អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការជំរុញ​ការវិនិយោគ និង​ពាណិជ្ជ​រវាង​កម្ពុជា និង​វៀតណាម ដែល​នឹង​ផ្តល់​សារៈសំខាន់ និង​ផល​ប្រ​-​យោជន៍​រវាង​គ្នា និង​គ្នា ដោយ​សារ​ភាគី​ទាំង ​២ ជា​ប្រទេស​ក្បែរ​ខាង​ដែលមាន​ទំនាក់ទំនង​ល្អជា​សមាជិក​អាស៊ាន និង​កិច្ច​ព្រមព្រៀង RCEP ដូចគ្នា​។

លោក​និយាយថា​៖ «​ខ្ញុំ​មើលមិនឃើញ​សក្តានុពល​អ្វី​ច្រើន​ឡើយ​សម្រាប់​អ្នកវិនិយោគ​កម្ពុជា​ទៅកាន់​វៀតណាម ដែល​កម្ពុជា​អាច​នាំចេញ និង​កែច្នៃ​ចំពោះ​កសិផល​នៅ​ប្រទេស​វៀតណាម ព្រោះ​វៀតណាម​មាន​សក្តានុពល​លើ​បច្ចេកវិទ្យា រោងចក្រ​កែច្នៃ មាន​ទីផ្សារ​នាំ​ចេញ​ទូលំទូលាយ​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​កម្ពុ​ជាមាន​អំណោយផល​ច្រើន​សម្រាប់​វិនិយោគិន​វៀតណាម​វិញ មានដូចជា វិស័យ​ថាមពល ទូរ​គម​នាគ​មន៍ កសិកម្ម បច្ចេកវិទ្យា​កសិកម្ម ដឹកជញ្ជូន និង​ភ័ស្តុ​ភារ​កម្ម ហិរញ្ញវត្ថុ​ធនាគារ ឌី​ជី​​ថ​ល ជាដើម ដែលជា​លទ្ធភាព​វៀតណាម​អាចមក​វិនិយោគ​នៅ​កម្ពុជា​បាន​»​។

កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ គ្រា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​វៀតណាម ភាគី​ទាំង​ ២ ក៏បាន​ឯកភាពគ្នា​ជំរុញ​កំណើន​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ឈាន​សម្រេចបាន​រហូតដល់ ២០ ​ពាន់​លាន​ដុល្លារ នាពេល​ដ៏​ខ្លី​ខាងមុខ​។

ការរំពឹងទុក​នេះ គឺ​បន្ទាប់ពី​កម្ពុជា​-​វៀតណាម​ សម្រេចបាន​ទំហំ​ប្រមាណ ១១​ ពាន់​លាន​ដុ​ល្លារ​ នៅ​ឆ្នាំ​ ២០២២ ជាមួយនឹង​ការលើកទឹកចិត្ត និង​ការ​សម្រប​​សម្រួល​ជូន​អ្នកវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​រវាង​ប្រទេស​ទាំង​ ២៕