​ភ្នំពេញៈ ទុនបម្រុង​អន្តរជាតិ​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​ថា នឹង​កើន​ឡើងដល់​ជាង ២១​ ពាន់​លាន​ដុល្លារ​ពី​ចំ​​នួន​ជាង ១៩​ ពាន់​លាន​ដុល្លារ​ (​តាម​ការប៉ាន់ស្មាន​)​ នៅក្នុង​ឆ្នាំ ​២០២៣ ដែល​អាច​អនុញ្ញាតឱ្យ​កម្ពុជា​ធ្វើការ​នាំចូល​ទំនិញ និង​សេវាកម្ម​សំខាន់ៗ​ពី​ក្រៅប្រទេស​បាន​ចំនួន ៦,៦​ ខែ បើ​ប្រទេស​ជាតិ​ជួបនឹង​វិបត្តិ​អ្វីមួយ ខណៈ​អ្នកសេដ្ឋកិច្ច​អះអាងថា ការ​កើនឡើង​ទុនបម្រុង​អន្តរជាតិ​គឺ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ជាតិ និង​កំណើន​ការវិនិយោគ​ផ្ទាល់ ​(FDI)​។

ឯកសារ​ថវិកា​សង្ខេប​ប្រចាំឆ្នាំ ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (MEF)​ បានឱ្យដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែល​នឹង​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​) ​ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤ ២៩៥៧​ ពាន់​លាន​រៀល ​(​សមមូល​ប្រមាណ ៣៥ ១៦៨​ លាន​ដុល្លារ​) នៅក្នុង​នោះ​ទុន​បម្រុង​អន្តរជាតិ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៤ ត្រូវបាន​ព្យាករ​នឹងមាន​ចំនួន ២១,២៨ ​ពាន់​លាន​ដុល្លារ​ពី​ចំនួន​ប៉ាន់ស្មាន ១៩,៤៤ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០២៣ និង ១៧,៨ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២២​។


យោងតាម​ឯកសារ គឺ​តាម​ការ​​ប៉ាន់ស្មាន​ទុនបម្រុង​អន្តរជាតិ​កម្ពុជា​នៅក្នុង​ឆ្នាំ​​ ២០២៤ អាច​ធានា​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​បាន ៦,៦​ ខែ ថយចុះ​ពី​ចំនួន ៦,៩ ​ខែ ​ក្នុង​ឆ្នាំ​ ២០២៣ ប៉ុន្តែ​ខ្ពស់ជាង​ឆ្នាំ​ ២០២២ ដែលមាន​ត្រឹមតែ ៦,១ ​ខែ​។

បើតាម​ឯកសារ​ថវិកា​សង្ខេប ឆ្នាំ​ ២០២៤ ទោះបីជា​នៅក្នុង​បរិ​ការណ៍​ដែល​កម្ពុជា​កំពុង​ទទួល​ផល​ពី​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស ហើយ​សេដ្ឋកិច្ច​កំពុង​ងើបឡើង​វិញ និង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩ ក្តី ក៏​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​ជាមួយ​រចនាសម្ព័ន្ធ​ខាងក្នុង​មួយចំនួន ដែល​ធ្វើឱ្យ​ដំណើរ​ការធ្វើ​ពិពិធ​​កម្ម​សេដ្ឋកិច្ច​មិនទាន់​សម្រេចបាន​ក្នុង​ល្បឿន​ខ្ពស់​តាម​ការ​​រំពឹងទុក​បានឡើយ ហើយ​ភាព​​ប្រកួតប្រជែង​ក៏​នៅមានកម្រិត​។ ម្យ៉ាងទៀត​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត​ក៏​កំពុង​ត្រូវបាន​បន្ត​ហ៊ុមព័ទ្ធ​ដោយ​ហា​និ​​ភ័យ និង​ភាពមិនប្រាកដប្រជា​ពី កត្តា​ខាងក្រៅ​។


ឯកសារ​បញ្ជាក់ថា​៖ «​ជារួម ហានិភ័យ និង​បញ្ហា​ប្រឈម​ទាំង​នេះ​បាននិងកំពុង​បង្ក​ផល​ប៉ះ​​ពាល់​លើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​លំហូរ​ការវិនិយោគ​មក​កម្ពុជា ដែល​អាច​យាយី​ដល់​កិច្ចខិតខំ​​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជា​អាច​ប៉ះពាល់​ដល់​គន្លង​នៃ​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០»​។

សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ថ្លែង​មកកាន់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពីថ្ងៃ​ទី​ ៣ ខែមករា​ថា ទុនបម្រុង​អន្តរជាតិ គឺជា​ប្រាក់​ដែល​រដ្ឋា​ភិ​បាល​ប្រទេស​នីមួយៗ​តម្កល់​ទុក​សម្រាប់​ប្រើប្រាស់​នៅពេល​ប្រទេស​ជួប​វិបត្តិ​អ្វីមួយ ដោយ​រដ្ឋាភិបាល​អាច​ដ​ក​ទុនបម្រុង​អន្តរជាតិ​ទៅ​ចំណាយ​លើ​ការ​ទិញ​ស្បៀងអាហារ ថ្នាំពេទ្យ... ឬ​ប្រេងឥន្ធនៈ​ជាដើម​ ដើម្បី​ធានា​និរន្តរភាព​សង្គម និង​សេដ្ឋកិច្ច​។

លោក​បន្ថែមថា ការកើនឡើង​ចំនួន​ទុនវិនិយោគ គឺ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ស្ថានភាព​ការវិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ផងដែរ ពីព្រោះ​នៅពេល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​មានដំណើរ​កា​រ​ល្អ ទើប​រដ្ឋាភិបាល​អាចរ​ក្សា​ទុក ឬ​បង្កើន​ទុនបម្រុង​អន្តរជាតិ​បាន​ច្រើន​។

លោក​ថ្លែងថា​៖ «​ទុនបម្រុង​អន្តរជាតិ គឺ​ពិតជា​សំខាន់​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​យកទៅ​ប្រើប្រាស់​ដើម្បី​រក្សា​និរន្តរភាព​សង្គម​នៅពេល​ប្រទេស​ជួប​វិបត្តិ​ណាមួយ​ដូចជា វិបត្តិ​សេដ្ឋកិច្ច គ្រោះធម្មជាតិ កំណើន​អតិផរណា និង​ការផ្ទុះ​ជំងឺ​ផ្សេងៗ​។ ទុនបម្រុង​នេះ​អាចជួយ​រដ្ឋាភិបាល​ឱ្យមាន​ពេល​ដោះស្រាយ​ស្ថានការណ៍​លំបាក​ផ្សេងៗ​បាន​មួយរយៈ​»​។

លោក​ពន្យល់​ទៀតថា សម្រាប់​តួលេខ​ដែល​បង្ហាញថា ចំនួន​ទុនបម្រុង​អន្តរជាតិ​កើនឡើង ប៉ុន្តែ​ចំនួន​ខែ​ការនាំ​ទំនិញ​ចូល​ធ្លាក់ចុះ​ពី ៦,៩​ ខែ​នា​ឆ្នាំ ​២០២៣ មក​នៅ ៦,៦ ​ខែ ​ក្នុង​ឆ្នាំ​ ២០២៤ គឺអាច​ដោយសារ​ការប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់ និង​អត្រា​អតិ​ផ​រណាជាដើម​។

អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd លោក Anthony Galliano ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា ប្រទេស​កម្ពុជា ​បាន​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតនៅ​ក្នុងស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​ប្រុងប្រយ័ត្ន​ជាពិសេស​ដោយ​​សារ​ការកើនឡើង​នៃ​ការខ្ចីប្រាក់​ដោយ​ប្រទេស​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​ជួយ​កាត់បន្ថយ​ហានិភ័យ​សាច់ប្រាក់ ងាយស្រួល​ទទួលបាន​បំណុល​រយៈពេល​ខ្លី និង​សម្របសម្រួល​អត្រា​ការប្រាក់​កាន់តែ​ទាប​។ អ្វីៗ​ទាំងអស់នេះ ​គឺ​ផ្តល់​ផល​វិ​ជ្ជ​​មាន​ដល់​ការចេញ​សញ្ញា​បណ្ណ​រដ្ឋ​នាពេល​ថ្មីៗ​នេះ​»​។

យោងតាម World Econo-mic Forum រូបិយប័ណ្ណ​បរទេស ឬ​ទុនបម្រុង​បរទេស ឬ​គេ​ស្គាល់​ថា ជា​ទុនបម្រុង​អន្តរជាតិ រួម​មាន​សាច់ប្រាក់ និង​ទ្រព្យសកម្ម​ផ្សេងទៀត​ដូចជា​មាស ដែល​ត្រូវបាន​តម្កល់ទុក​ដោយ​ធនា​-​គារ​កណ្តាល និង​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​ផ្សេងទៀត​ដូចជា​មូលនិធិ​រូ​បិ​យ​វត្ថុ​អន្តរជាតិ ​(IMF)៕