រយៈពេល​ ១​ ​ឆ្នាំ ២០២៣ កម្ពុជា បានសម្រេច​ការនាំចេញ​អង្ករ​ក្នុង​បរិមាណ ៦៥៦ ០០០​ តោន កើនឡើង ៣ ​ភាគរយ​គិត​ជា​បរិមាណ​អង្ករ ដែល​គិត​ជា​ទឹកប្រាក់ ៤៦៦ លាន​ដុល្លារ កើនឡើង​ ១៣​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ នេះ​បើតាម​របាយការណ៍​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបញ្ជាក់​ទៀតថា ពេញ​មួយឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦៥៦ ៣២៣ តោន តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់​គោលដៅ​ចំនួន ៦១ ទទួលបាន​ទឹកប្រាក់​បាន​ចំនួន​ជាង​៤៦៦​លាន​ដុល្លារ​។


ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុងកុង បាន​ចំនួន ២១២ ៧៥៦ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១៣៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៦​ប្រទេស បាន​ចំនួន ២៦៤ ៦៨៣ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១៩១​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៧ ប្រទេស បាន​បរិមាណ​ចំនួន ៩៣ ៣៧៦ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៦២ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ទៅកាន់​គោលដៅ​ផ្សេងទៀត​នៅ​អាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន​២៦ ប្រទេស​បាន​ចំនួន​៨៥ ៥០៨ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន​៧៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

របាយការណ៍​ឱ្យដឹងទៀតថា ចំពោះ​ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ ក្នុងនោះ​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៨២,២៩​ភាគរយ​, អង្ក​រស ចំនួន ១២,៩៤​ភាគរយ , អង្ករ​ចំហុយ ២,៩២​ភាគរយ​, អង្ករ​សរីរាង្គ​ចំនួន ១,៦២​ភាគរយ​, អង្ក​រស​គ្រាប់ខ្លី​ចំនួន ០,០៣​ភាគរយ និង​អង្ករដំណើប​ចំនួន ០,២០​ភាគរយ​។


ជាមួយគ្នា​នោះ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ចំនួន ៤ ៣៨៧ ៣៦៣ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប៉ាន​ប្រមាណ​ជា ១៣២០ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ ៦៤​ភាគរយ បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំចេញ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ការនាំចេញ​ស្រូវ​មានការ​កើនឡើង​លើ​បរិមាណ​ចំនួន ២៦,៥០​ភាគរយ និង ទឹកប្រាក់​មាន​កំណើន​ចំនួន ៥៦,៦៩​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០២២​។ ដូច្នេះ​ថា កម្ពុជា​ទទួលបាន​ទឹកប្រាក់ សរុប​១៧៨៦​លាន​ដុល្លារ ពី​ការនាំចេញ​អង្ករ និង​ស្រូវ នៅ​រយៈពេល​១២ ខែ ឆ្នាំ​២០២៣​កន្លងទៅនេះ​។

លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា កំណើន​ជា​វិជ្ជមាន​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​នេះ ដោយសារ​កម្ពុជា រកបាន​ទីផ្សារ​ថ្មីៗ​ជា​បន្តបន្ទាប់ ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ទាំង​អាណត្តិ​ទី​៦ និង​អាណត្តិ​ថ្មី ខណៈដែល​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​វិស័យ​ឯកជន ផ្នែក​ស្រូវ​អង្ករ​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​ខិតខំ​ប្រឹងប្រែង ជួយ​រាជរដ្ឋាភិបាល​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន តាមរយៈ​ការ​ស្វែង​ដៃគូ​ថ្មីៗ នៅតាម​បណ្តា​ប្រទេស​ដែលមាន​សក្តានុពល សម្រាប់​ឱ្យ​កម្ពុជា​នាំ​អង្ករ​ចេញទៅ​។​យើង​សង្ឃឹមថា​ទីផ្សារ​អារ៉ាប់​រួម និង អាហ្វ្រិក ជាទី​ផ្សារ​គោលដៅ ដែល​អាច​ស្រូបយក​បរិមាណ​ប្រមាណ​ជា ១០០ ០០០ តោន​»​។

គួររំឭកថា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៤ របស់​ក្រសួងពាណិជ្ជកម្ម  លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ទី​ម័​រ​ឡេ​ស្តេ បាន​នាំចេញ​រួចហើយ​ក្នុង​បរិមាណ ៤០០០​តោន​, ហ្វីលីពីន ២៣០០​តោន​,​ឥណ្ឌូនេស៊ី ចំនួន​១៥០០០​តោន​។

លោកស្រី​បានបញ្ជាក់​ទៀតថា​៖​​«​ក្រសួង​កំពុងតែ​ពិនិត្យឡើងវិញ នូវ​លទ្ធផល​ដំឡើង​កម្រិត​បរិមាណ​នាំចេញ​២០​ភាគរយ​ថែមទៀត ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈដែល​កន្លងទៅ​មាន​បរិមាណ​៤០​ម៉ឺន​តោន​រួចហើយ​។ ក្រសួង​បាននិងកំពុង ពង្រឹង​ទីផ្សារ​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មី ដើម្បី​ជំរុញ​ការនាំចេញ​បន្ថែមទៀត​»​។

បើតាម​លោកស្រី ចម និម្មល ក្រសួង​បាននិងកំពុង​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នាំចេញ​អង្ករ ដែលមាន​ការចូលរួម​ផ្តល់យោបល់​ពី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដើម្បី​រៀបចំ​ផែនការ​ដាក់​ចេញទៅ​ឱ្យចំ​គោលដៅ​៕