កម្ពុជា​-​ឥណ្ឌូនេស៊ី ប្ដេជ្ញា​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ខណៈ​ភាគី​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី មក​សិក្សា​ពី​ឱកាស​វិនិយោគដ៏​មាន​សក្តានុពល​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិឧស្សាហកម្ម និង​ការកែច្នៃ​ស្រូវ ដើម្បី​ធ្វើការ​នាំចេញ​។

ការបញ្ជាក់​ជំហរ​នេះ ធ្វើឡើង​នា​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៤​។


សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ជំនួប​បាន​គូសបញ្ជាក់ថា​៖«​ភាគី​ទាំងពីរ បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ការបន្ត​រីកចម្រើន​នៃ​ចំណងមិត្តភាព​ដ៏​យូរអង្វែង រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ជាពិសេស លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ទ្វេភាគី​នាពេល​ថ្មីៗ​នេះ​រវាង​សម្ដេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រដ្ឋធានី ហ្សា​ការ​តា កាលពី​ខែកញ្ញា ឆ្នាំមុន​»​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី មក​សិក្សា​ពី​ឱកាស​វិនិយោគ ដ៏​មាន​សក្តានុពល​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិឧស្សាហកម្ម ការកែច្នៃ​ស្រូវ ឃ្លាំង និង​ម៉ាស៊ីនកិនស្រូវ ដើម្បី​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។


ភាគី​ទាំងពីរ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដែលមាន ផលប្រយោជន៍​ទៅវិញទៅមក រួមទាំង​សន្តិសុខ នយោបាយ និង​ការពារជាតិ ពាណិជ្ជកម្ម​និង​ការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។

ភាគី​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៥ នៃ​គណៈកម្មការ​ចម្រុះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ តាម​ពេលវេលា​សមស្រប និង​សកម្មភាព​រួមគ្នា​នានា ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​ឆ្នាំនេះ​។

ដោយឡែក​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ និង លោក សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ កាលពី​ថ្ងៃទី ៤ ខែមករា កន្លងទៅ​ថ្មីៗ​នេះ ភាគី​ទាំង​២ បាន​ឯកភាព​លើ​ការពង្រឹង​កិច្ចសហការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​ការផ្តល់​អាហារូបករណ៍ និង​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​សិក្ខាកាម​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ទាំងពីរ បានលើកឡើង​ពី​ការពិនិត្យ​លទ្ធភាព​ផ្តល់​អាហារូបករណ៍​ដល់​ពល​រដ្ឋ​កម្ពុជា​លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដែល​ឥណ្ឌូនេស៊ី​មាន​សក្តានុពល និង​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​សិក្ខាកាម​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​រវាង​ប្រទេស​ទាំងពីរ​៕​