​ក្រសួងពាណិជ្ជកម្ម កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់បញ្ចូល ប្រហុក​សៀមរាប​, ក្តាមថ្ម​កោះកុង និង​ទុរេន​កំពត ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (Geographical Indication-GI) ដែល​ការចុះបញ្ជី​នេះ នឹង​ជួយ​ពង្រឹងគុណភាព ការបង្កើន​តម្លៃ និង​ផ្តល់​ទំនុក​ទុកចិត្ត​ដល់​អ្នកប្រើប្រាស់​។

លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង​បាននិងកំពុង​រៀប​ចំឯ​ក​សារសំខាន់ៗ​មួយចំនួន ដើម្បី​ដាក់បញ្ចូល​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា ចំនួន​៣​មុខ ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI)​ដែល​ផលិតផល​ទាំងនោះ​រួមមាន​ដូចជា ប្រហុក​សៀមរាប​, ក្តាមថ្ម​កោះកុង និង​ទុរេន​កំពត ដោយ​ផលិតផល​ទាំងបី​មុខ​នេះ សុទ្ធសឹង​ជា​ផលិតផល​មាន​ភាពល្បីល្បាញ​ថា​រសជាតិ​ឆ្ងាញ់ និង​ល្បីល្បាញ​ប្រចាំ​តំបន់​។


លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការចុះបញ្ជី​ទំនិញ​ឱ្យ​ក្លាយជា​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ ពិត​ជាមាន​អត្ថប្រយោជន៍ នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា ការពង្រីក​មុខមាត់ និង​អត្តសញ្ញាណ​នៃ​ដែនដី ការលើកកម្ពស់​គុណភាព​ទំនិញ​សម្គាល់​ភូមិសាស្ត្រ តាមរយៈ​ការរៀបចំ​ចងក្រង​សៀវភៅ​បន្ទុក និង​កិច្ចសន្យា​អនុវត្ត​អនុលោម​តាម​សៀវភៅ​បន្ទុក ដោយ​សមាជិក​នីមួយៗ​»​។

លោក​បានឱ្យដឹង​បន្ដទៀតថា កត្តា​សំខាន់​មួយទៀត​នោះ គឺ​សមាជិកសមាគម អាច​ប្រើប្រាស់​រូប​សញ្ញា ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ រូប​សញ្ញា​ជាតិ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា លើ​សម្បក​វេច​ខ្ចប់ និង​ឧបករណ៍​ផ្សព្វផ្សាយ​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​នីមួយៗ អាច​រៀបចំ​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​ផ្ទាល់ខ្លួន ដើម្បី​ប្រើប្រាស់​ភ្ជាប់​នឹង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដើម្បី​ញែក​ឱ្យដាច់​ពី​សមាជិក​ផ្សេងៗ​។


លោក​បាន​បញ្ជាក់ទៀតថា​៖ «​ក្រៅពីនេះ​យើង​មានឱកាស​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពិព័រណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​បង្កើន​ការងារ​ក្នុង​តំបន់​ដោយផ្ទាល់ ឬ​មិនផ្ទាល់ កាត់បន្ថយ​ការ​ចំណាកស្រុក​, ការអភិវឌ្ឍ​ក្នុង​តំបន់ រចនាសម្ព័ន្ធ សេដ្ឋកិច្ច បរិស្ថាន ភោជនីយដ្ឋាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​»​។

បើតាម​លោក ប៉ែន សុ​វិជាតិ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ជា​ឧបករណ៍​កម្មសិទ្ធិបញ្ញា​មួយ ដែល​ជួយ​ពង្រឹងគុណភាព ការបង្កើន​តម្លៃ និង​ផ្តល់​ទំនុក​ទុកចិត្ត​ដល់​អ្នកប្រើប្រាស់ តាមរយៈ​ប្រព័ន្ធ​ធានារ៉ាប់រង​គុណភាព​ដូចជា ការត្រួតពិនិត្យ​គុណភាព និង​ស្វែងរក​តឹកតាង​ដោយ​សមាគម​អន្តរ​វិជ្ជាជីវៈ ស្វ័យ​ត្រួតពិនិត្យ​, កសិករ​ផ្ទាល់​, ការត្រួតពិនិត្យ​ផ្ទៃក្នុង និង​អង្គភាព​ឯករាជ្យ​ចេញ​វិញ្ញាបនបត្រ ពី​ខាងក្រៅ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ធានាថា សមាជិកសមាគម​បាន​អនុវត្ត​អនុលោម​តាម​សៀវភៅ​បន្ទុក​។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បាន​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​មួយចំនួន​រួចហើយ ដូចជា ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​, ក្រូចថ្លុង​កោះ​ទ្រង់​, ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​, អំបិល និង​ផ្កាអំបិល​កំពត​, បង្កង​តាកែវ និង​ទឹកត្រី​កំពត​កែប​៕