​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ​៤ ខែមករា ឆ្នាំ ២០២៤ បាន​បើក​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ទីផ្សារ​សត្វ​សាច់ និង​ផលិតផល​សត្វ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​ផ្តល់​ដំណោះស្រាយ​ដល់​អ្នករកស៊ី​នៅក្នុង​វិស័យនេះ ជាពិសេស​ផ្តល់នូវ​តម្លៃ​សមរម្យ​ដល់​អ្នក​ចិញ្ចឹម និង​សុខុមាលភាព​ដល់​អ្នក​ប​រិ​ភោគ​។

ក្រសួងកសិកម្ម បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ និង​គោលជំហរ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​អ្នក​ចិញ្ចឹមសត្វ អ្នក​នាំចូល កុងស៊ី​ឬ​អ្នក​កាប់ អ្នក​ចែកចាយ និង​អ្នកលក់ ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​ទីផ្សារ​សត្វ​។


លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ថ្លែងថា ក្រសួង​នឹង​ចាត់ចែង​ឱ្យមាន​ការសិក្សា​ទីផ្សារ​គ្រប់​ជ្រុងជ្រោយ ដើម្បី​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​ពី​ស្ថានភាព តម្រូវការ និង​ការផ្គត់ផ្គង់​សត្វ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម និង​តម្លៃ​។ លោក​បញ្ជាក់ថា​៖«​ការរៀប​ចំនេះ ដើម្បី​ដោះស្រាយ និង​គ្រប់គ្រង​បញ្ហា​នេះ​ឱ្យបាន​ល្អប្រសើរ និង​ដើម្បី​ផលចំណេញ​ទាំងអស់គ្នា ក៏ដូចជា​សុខុមាលភាព​សម្រាប់​អ្នក​បរិភោគ​"​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី បាន​ចាត់តាំង លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​ក្រុមការងារ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ស្តីពី​តម្រូវការ​និង​ការផ្គត់ផ្គង់​សត្វ ការធ្វើ​បំណែក​សាច់​តាម​ប្រភេទ​និង​ស្តង់ដា​គុណភាព ដើម្បី​ទទួលបាន​តម្លៃបន្ថែម និង​ធានា​ស្ថិរភាព​តម្លៃ​ទីផ្សារ​ល្អ និង​ធានា​ផលចំណេញ​សមរម្យ​សម្រាប់​អ្នក​ផលិត ចែកចាយ និង​អ្នក​បរិភោគ​។


គួររំឭកថា កន្លងទៅ​សមាគម​អ្នក​ចិញ្ចឹមសត្វ កសិករ​ចិញ្ចឹមសត្វ ជ្រូក គោ មាន់​រស់ បាន​ត្អូញត្អែរ​ពី​តម្លៃ​សត្វ​ថា មានការ​ចុះថោក​ខ្លាំង ដោយ​ពួកគាត់​ភាគច្រើន​បានលើកឡើង​ថា បញ្ហា​នេះ​កើតឡើង​ដោយសារ​ការ​លួច​នាំចូល​សាច់​បង្កក​ដោយ​ខុសច្បាប់​ពី​ប្រទេសជិតខាង ដែល​សុទ្ធតែជា​សាច់​ខូចគុណភាព និង​លក់​ក្នុង​តម្លៃថោក​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​និយាយថា សាច់​បង្កក​ដែល​លួចលាក់​នាំចូល​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​នានា បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​ចិញ្ចឹមសត្វ​នៅក្នុង​ស្រុក ជាពិសេស​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ចិញ្ចឹម​គោ​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ចិញ្ចឹម កំពុង​ជួប​ការលំបាក​ខ្លាំងណាស់​ដោយសារតែ​តម្លៃ​ជ្រូក​រស់ និង​គោរស់​មានការ​ចុះថ្លៃ​ខ្លាំងពេក ដោយ​គោរស់​តម្លៃ​តែ​៦០០០​រៀល​ទៅ​៧០០០​រៀល ខណៈដែល​ជ្រូក​រស់​ចុះ​នៅសល់តែ​៥០០០​រៀល ទៅ​៦០០០​រៀល តែប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។​ដូច្នេះ​បើសិនជា​ស្ថាប័ន​ពាក់ព័ន្ធ មិន​គិតគូរ មិន​កែប្រែ នោះ​កសិករ​ពិតជា​ជួប​ការលំបាក​ខ្លាំង​»​។

ចំពោះ​បញ្ហា​នេះដែរ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយពី​បញ្ចប់​វេទិកា​ផ្សព្វផ្សាយ​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ក្រោម​ដែន​សមត្ថកិច្ច​គយ បាន​ថ្លែងថា សម្រាប់​វិធានការ​ចំពោះមុខ អគ្គនាយកដ្ឋាន​គយ និង​កម្ពុជា ប្តេជ្ញា​នឹង​បន្ដធ្វើ​ការងារ​នៅក្នុង​ការបង្ក្រាប ការនាំ​ចូល​សាច់ ដែល​ខូចគុណភាព និង​ខុសច្បាប់ និង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់ អ្នក​ដែល​អាចមាន​សិទ្ធិ​នាំចូល​សាច់​បង្កក ត្រូវតែមាន​ឃ្លាំង​ត្រជាក់ និង អាជីវកម្ម​ច្បាស់លាស់ ចៀសវាង​កុំឱ្យ​មានការ​លបលួច​នាំ​ចូល​សាច់​បង្ក​កដោយ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖«​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន ក្នុងការ​អនុញ្ញាតឱ្យ​នាំចូល​សាច់​បង្កក ដើម្បី​ពង្រឹង​អំពី​គុណភាព​សាច់​និង​ចៀសវាង​អ្នកណា​ក៏​អាច​សុំ​នាំចូល​សាច់​បង្ក​កបាន ខណៈដែល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​សកម្មភាព​ផ្សព្វផ្សាយ នៅក្នុង​បណ្ដាញ​សង្គម​ជាច្រើន ពាក់ព័ន្ធ​នឹង​ការចុះទៅ​ត្រួតពិនិត្យ​ឃ្លាំង​សាច់​បង្កក​»៕​