ភ្នំពេញៈ បើ​ទោះ​បី​ចំនួន​ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្ត​រជាតិ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ដៃគូ​មួយ​ចំនួន​​​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈ​ពេល ១១​ ខែ​ដើម​ឆ្នាំ ​២០២៣ ក៏​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​ឥណ្ឌា មិន​បានធ្លាក់​​ចុះ​ឡើយ​ ដោយ​មាន​​​ទឹក​ប្រាក់​សរុប​ជិត ៤៥០ លាន​​ដុល្លារ កើន​ឡើង​​​ជាង ១០ ​ភាគ​រយ​ បើ​ធៀប​​​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២។ នេះ​បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)។

ស្ថិតិ​របស់ GDCE ឱ្យ​ដឹង​ថា ក្នុង​ចន្លោះ​ពី​​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា​-ឥណ្ឌា មាន​ទឹក​ប្រាក់​សរុប ៤៣៣,២៣​ លាន​ដុល្លារ កើន​ ១១,១​ ភាគ​រយ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែល​មាន ៣៩៩,០១​ លាន​ដុល្លារ ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ឥណ្ឌា ២៦៤,៥ ​លាន​ដុល្លារ កើន​ឡើង ៥៥,១​ ភាគ​រយ និង​ទំនិញ​ឥណ្ឌា​នាំ​មក​កម្ពុជា ១៧៨,៧៣​ លាន​ដុល្លារ ធ្លាក់​ចុះ ២១,៨​ ភាគ​រយ​។​ 


ផ្អែក​តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​ឧត្តម​ភាព​ ៨៥,​៧៧ ​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២២ ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​ឱន​ភាព​ប្រមាណ ៥៧,៩៨ ​លាន​ដុល្លារ​​។​ ប្រទេស​ឥណ្ឌា គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ទី​១៨ របស់​កម្ពុជា។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​ឥណ្ឌា ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ជាពិសេស​ការ​នាំ​​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ឥណ្ឌា ដោយ​ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ឥណ្ឌា គឺ​ជា​ផលិត​ផល​វាយន​ភណ្ឌ និង​កសិកម្ម​ ចំណែក​ទំនិញ​នាំ​ចូល​ពី​​ឥណ្ឌា គឺ​ជា​ឱសថ សម្ភារ​វេជ្ជសាស្រ្ត ឧបករណ៍​អេឡិច​ត្រូនិក អគ្គិសនី និង​សាច់​គោ​ ជា​ដើម​។


កំណើន​ការ​នាំ​ចេញ​​​ទៅ​ឥណ្ឌា គឺ​ដោយ​សារ​ភាព​រឹង​មាំ​នៃ​ផលិត​កម្ម​នៅ​កម្ពុជា ខណៈ​ឥណ្ឌា​​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក​ ដូច្នេះ​ក៏​មាន​តម្រូវ​ការ​នាំចូល​ផលិត​ផល​ពី​ក្រៅ​ប្រទេស​ច្រើន​ដែរ​។

លោក​បន្ត​ថា សម្ទុះ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ នឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត។

លោក​អះអាង​ថា៖​ «​ចរន្ត​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌា​នឹង​កើន​ឡើង​ទៀត ពិសេស​ផលិត​ផល​កសិកម្ម។ ដោយ​សារ​ប្រទេស​ឥណ្ឌា មាន​ប្រជាជន​ច្រើន ដូច្នេះកម្ពុជា​នៅ​មាន​ឱកាស​ច្រើន​ទៀត​ក្នុង​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​ទីនោះ​»។​

លោក​ប្រាប់​ទៀត​ថា ក្រៅ​ពី​ធ្វើ​ពាណិជ្ជ​​កម្ម​ទំនិញ ប្រទេស​ទាំង ២ ក៏​មាន​ទំនាក់ទំនង​ខ្លាំង​ផង​ដែរ​លើ​ផ្នែក​វប្បធម៌ និង​ការ​ធ្វើ​ទេសចរណ៍​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវបរទេស​ដែល​ធ្វើដំណើរ​​មក​កម្ពុជា​ ៤,៩២​ លាន​នាក់​ក្នុង​រយៈ​ពេល ១១ ​ខែ​ដើម​ឆ្នាំ​ ២០២៣ គឺ​មាន​ជន​ជាតិ​ឥណ្ឌាចំនួន ៦១ ០២៥ ​នាក់ កើន​ឡើង ១១៩,៩ ​ភាគ​រយ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២២។

រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋ​កិច្ច លោក អូនព័ន្ធ មុនីរ័ត្ន ក្នុង​ជំនួប​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​លោកស្រី Devyanl Uttam Khobragade នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ដើមខែ​​តុលា ឆ្នាំ​ ២០២៣ បាន​បង្ហាញ​សុទិដ្ឋិនិយម​​ថា​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ឥណ្ឌា នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ តាម​រយៈ​ការ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ទ្វេភាគី និង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់ ដែល​នឹង​ជួយ​ជំរុញ​ការ​តភ្ជាប់​​រវាង​ប្រជា​ជន និង​លំហូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២។ 

លោក​បាន​បន្ថែម​​​ថា ជា​មួយ​គ្នា​នេះ​ភាគី​ទាំង ២ នឹង​ពិនិត្យ​រួម​គ្នា​លើ​ការ​តភ្ជាប់​វិស័យ​ឌីជីថល​ដែល​ជា​វិស័យ​អាទិភាព​មួយ​ក្រោម​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ នីតិ​កាល​ទី៧។​

លោកស្រី​ Devyani Uttam Khobragade បាន​លើក​ឡើង​ថា ឥណ្ឌា​សង្ឃឹម​ថា​ក្នុង​នីតិកាល​ថ្មី​នេះ កម្ពុជា-ឥណ្ឌា នឹងបង្កើន​​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​លើ​វិស័យ​​អាទិភាព​របស់​​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះការ​បង្កើត​ឱ្យ​មាន​យន្ត​ការ​សម្រប​សម្រួល​ដល់​ដំណើរ​ការ​ពាណិជ្ជ​កម្ម និង​វិនិយោគ​តាម​រយ:​កិច្ច​ព្រម​ព្រៀងអនុ​គ្រោះ​ពាណិជ្ជកម្ម និង​ការ​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន តាម​រយៈ​ជើង​ហោះហើរ​ត្រង់​ឥណ្ឌា-​កម្ពុជា៕